ជាតិ
សង្គមជាតិ
សាលា​រាជធានី​អំពាវនាវ​ពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ ស្របពេល​ភ្លៀង​ធ្លាក់
02, Aug 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ

សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ប្រជាពលរដ្ឋ និង​អាជីវករ​ចូលរួម​ថែរក្សា​អនាម័យ ទុកដាក់ សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ល្អ កុំ​ទម្លាក់​ចូល​តាម​ប្រឡាយ និង​លូទឹក ដើម្បី​សុខភាព​រស់នៅ និង​ចៀសវាង​បញ្ហា​កកស្ទះ​លូ​ទៅ​ថ្ងៃក្រោយ។ ការអំពាវនាវ​នេះ ធ្វើឡើង​ស្របពេល ភ្នំពេញ, រាជធានី​ចតុមុខ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​ការលិចលង់​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​កាលពី​យប់​ម្សិលមិញ។



ផ្លូវ​តូច ធំ និង​គេហដ្ឋាន​ស្ទើរ​គ្រប់​ទីកន្លែង​បាន​លិច​ទឹកភ្លៀង​មួយរយៈ​ធំ​កាលពី​យប់ ថ្ងៃទី១ខែសីហា​ម្សិលមិញ។ អ្នក​រាជធានី​ភ្នំពេញ​ខកចិត្ត និង​សម្តែង​ការខឹង​សម្បារ​ប្រឆាំងនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​មិនបាន ដោះស្រាយ​បញ្ហា​ទឹក​លិច​រាជធានី។

ឆ្លើយតប​នឹង​មតិ​នេះ សាលា​រាជធានី​ភ្នំពេញ ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន អំពី​ស្ថានភាព​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​កន្លងមកនេះ​ថា ភ្លៀង ម្សិលមិញ មាន​កម្ពស់​ទឹក​រហូតដល់ ១០៣មី​លី​ម៉ែត្រ ជា​កំពស់​អតិបរមា​មិន​ធ្លាប់មាន​ពីមុន«ពីមុន​ខ្ពស់​ត្រឹម ៨០មី​លី​ម៉ែត្រ​ប៉ុណ្ណោះ ដែលជា​ទូទៅ កំរិត​ទឹកភ្លៀង​លើសពី ៣០មី​លី​ម៉ែត្រ គឺជា​ការ​គំរាម​ភ្នំពេញ​ហើយ»។ នេះ​ជាការ​ផ្សាយ​របស់​សាលា​រាជធានី ទៅដល់​សាធារណជន ពិសេស​គឺ អ្នករស់នៅ​ភ្នំពេញ។

ជាមួយគ្នានេះ សាលា​រាជធានី​បានស្នើ​ប្រជាពលរដ្ឋ​យោគយល់ នឹងចូលរួម​ទាំងអស់​គ្នា ដើម្បី​បញ្ចៀស​គ្រោះ​ជំនន់​ទឹកភ្លៀង ក្នុង​ទីក្រុង​អោយបាន​ឆាប់រហ័ស។ «ដូច​យើង បានឃើញ​ស្រាប់​ហើយ គឺ​សាលាក្រុង​កំពុង​រៀបចំ​ដាក់​ប្រ​ព័​ន្ឋ​លូ​ធំថ្មី បញ្ហា​ទឹកជំនន់​ក្នុង​រាជធានី​នឹង​ទប់ស្កាត់ បាន​នៅពេលដែល​ប្រ​ព័​ន្ឋ​លូ​ធំថ្មី​ត្រូវ​បានរៀបចំ​រួចស្រេច​នៅពេល​ខាងមុខ»។ នេះ​ជាការ​ផ្សាយ​បញ្ជាក់​របស់​សាលា​រាជធានី៕



© រក្សាសិទ្ធិដោយ thmeythmey.com