ជាតិ
លោក ហ៊ុន សែន ប្រាប់ លោក អូ​បា​ម៉ា កុំ​ឲ្យ​ភ័យ​រឿង​ផែនទី​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា
03, Aug 2015 , 3:18 pm        
រូបភាព
ពីរ​សប្តាហ៍​ហើយ គេ​នៅ​មិនទាន់​ទទួល​ចម្លើយ​ពី​រដ្ឋាភិបាល​អាមេរិក អង់គ្លេស និង​បារាំង​នៅឡើយ ទាក់ទង​នឹង​ការស្នើសុំ​ខ្ចី​ផែនទី​កម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ត្រលប់មក​និយាយ​អំពី​រឿង​ខ្ចី​ផែនទី​កម្ពុជា​ពី​មហាអំណាច​ទាំង៣ឡើងវិញ ក្នុងឱកាស​ដែល​លោក​សម្ពោធ​ស្ពាន​តាខ្មៅ​ដែលជា​ជំនួយ​របស់​ចិន។


សូមស្ដាប់សំឡេង៖


 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សំដៅ​រដ្ឋាភិបាល​អាមេរិក​មុនគេ ដោយ​បញ្ជាក់ប្រាប់​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ថា​កម្ពុជា​មិន​សួររក​ផែនទី​ដែល​អាមេរិក​បាន​គូរ​ដើម្បី​ទម្លាក់​គ្រាប់បែក​លើ​កម្ពុជា​នោះឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ផ្តាំ​ទៅ​លោក អូ​បា​ម៉ា ថា លោក​ត្រូវការ​តែ​ផែនទី​ខ្មែរ​ពិតប្រាកដ​ដែល​អាមេរិក​បានទទួល​ពីរ​ដ្ឋ​លេខាធិការ​ក្រសួងការបរទេស លោក ហួត សម្បត្តិ កាលពី​សម័យមុន។
 
ឆ្លើយតប​នឹង​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​ចន្ទ​ទី៣សីហា​នេះ​ទាក់ទង​នឹង​ការស្នើសុំ​ខ្ចី​ផែនទី​ខ្មែរ​ពី​រដ្ឋាភិបាល​កម្ពុជា​នេះ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក Jay Raman មានប្រសាសន៍ថា៖«នៅពេលនេះ យើង​មិនមាន​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការស្នើសុំ​ផែនទី​របស់​លោកនាយក​រដ្ឋមន្ត្រី​ឡើយ»។
 
នៅក្នុង​ការអត្ថាធិប្បាយ​របស់លោក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះដែរ លោក ហ៊ុន សែន មិន​ច្បាស់​ថា​រដ្ឋាភិបាល​អង់គ្លេស ពិតជា​នៅមាន​ផែនទី​របស់​កម្ពុជា​នោះឡើយ ប៉ុន្តែ​ថា​លោក​នៅតែ​សាកល្បង​សរសេរ​ស្នើសុំ​ខ្ចី​ផែនទី​របស់​កម្ពុជា​ពី លោកនាយក​រដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ុ​ន ក្រែងលោ​អង់គ្លេស​នៅមាន​ផែនទី​នោះ។ 
 
ការអត្ថាធិប្បាយ​ទាក់ទង​នឹង​ការស្នើសុំ​ខ្ចី​ផែនទី​របស់​កម្ពុជា​នេះ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​សរសេរ​ឆ្លើយ​មក​សារព័ត៌មានថ្មីៗយ៉ាង​ដូច្នេះ៖«លិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​ត្រូវបាន​បញ្ជូនទៅ​ទីក្រុង​ឡុង​ដ៏ហើយ ហើយ​យើង​នឹង​ឆ្លើយតប​លិខិត​នេះ​ទៅតាម​ពេលវេលា​សមស្រប»។
 
ពី​ស្ថាន​ទូរ​បារាំង​វិញ ទីប្រឹក្សា​ទី១នៃ​ស្ថានទូត​បារាំង​លោក Alain FORTIN បាន​ឆ្លើយ​ប្រាប់​សារព័ត៌មានថ្មីៗថា៖«រដ្ឋាភិបាល​បារាំង​បានទទួល​ការស្នើសុំ​ផ្លូវការ​ពី​រដ្ឋាភិបាល​កម្ពុជា​ហើយ។ ការស្នើសុំ​នេះ​កំពុងស្ថិត​នៅក្នុង​ការពិចារណា»។
 
ការឆ្លើយតប​របស់​ស្ថានទូត​បារាំង​ធ្វើឡើង ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងច្បាស់ៗ និង​ប្រាកដ​ក្នុង​ចិត្ត​ថា «បារាំង​ត្រូវតែមាន​ផែនទី​នេះ ពីព្រោះ​បារាំង​គឺជា​អ្នក​គូរផែនទី​នេះ»។
 
ការឆ្លើយតប​យ៉ាងណា​ពី​ប្រទេស​មហាអំណាច​ទាំង៣ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ ខណៈ​កម្ពុជា​បាន​រកឃើញ​ផែនទី១៨ផ្ទាំង ដែល​សុទ្ធសឹងតែ​ជា​ផែនទី​ដែល​កម្ពុជា​បាន​ប្តឹង​អាមេរិក​ទៅ​អង្គការសហប្រជាជាតិ អំពី​ការទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា៕
 

Tag:
 លោក ហ៊ុន សែន
 អាមេរិក
 កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com