ជាតិ
សង្គមជាតិ
របាយការណ៍​អាជ្ញាធរ​អប្សរា៖ ទេសចរ​បរទេស​បន្ត​កើនឡើង​រយៈពេល៧ខែ​ដើមឆ្នាំ
04, Aug 2015 , 8:48 am        
រូបភាព
សៀមរាប៖ អាជ្ញាធរ​អប្សរា ដែលមាន​តួនាទី​គ្រប់គ្រង និង​អភិរក្ស​រមណីយដ្ឋាន​ឧទ្យាន​អង្គរ បាន​បញ្ចេញ​របាយការណ៍​ទេសចរណ៍ ក្នុង​ខែកក្កដា និង​រយៈពេល៧ខែ​ដើមឆ្នាំ២០១៥ ។ យោងតាម​របាយការណ៍​ខាងដើម ទាំង​នៅក្នុង​ខែកក្កដា និង៧ខែ​ដើមឆ្នាំ ភ្ញៀវទេសចរ​បរទេស​នៅតែ​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។



សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃទី៣ សីហា បាន​បង្ហាញថា ភ្ញៀវទេសចរ​បរទេស​ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ មាន​ចំនួន ១៥៣,៩៥៩ នាក់ គឺ​កើនឡើង ៤.៩៦% បើ​ធៀប​នឹង​ឆ្នាំ២០១៤ ។ ចំណែក​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា ដែ​មានតម្លៃ​ចន្លោះ​ពី២០ ទៅ៦០ដុល្លារ មាន​ចំនួន ៤,៣២៨,៨២០ ដុល្លារ​អាមេរិក គឺ​កើន ៤.២៨%។

ក្នុង​របាយការណ៍​សង្ខេប​មួយ​ទំព័រ​របស់ខ្លួន អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​រៀបរាប់​ពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស ដែល​ចូលមក​កម្សាន្ត​រមណីយ​ដ្ឋា​ន​អង្គរ​ក្នុង​រយៈពេល៧ខែ​ដើមឆ្នាំ២០១៥នេះ។ ៧ខែ​ដើមឆ្នាំ២០១៥ មាន​ភ្ញៀវ​បរទេស​ចំនួន ១,២៣៨,៣៨៦នាក់ កើនឡើង ២.០១% រកចំណូលបាន ៣៥,០៥៩,២០០ដុល្លារ​អាមេរិក តែ​ថយចុះ០.១០% បើ​ធៀប​នឹង​ឆ្នាំ២០១៤ ។

ដោយឡែក យើង​ងាក​ទៅ​ចាប់អារម្មណ៍​នឹង​របាយការណ៍​សង្ខេបរ​បស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​វិញ​ម្តង។ ក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៥ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១,១០៥,៦៨០នាក់ ចូលមក​ខេត្តសៀមរាប គឺ​ថយចុះ ១០.៨០%។ ចំណែក​របាយការណ៍រ​បស់​អាជ្ញាធរ​អប្សរា បាន​កត់ត្រា​ថា មាន​ទេសចរ​បរទេស​ចំនួន ១,០៨៤,៤២៧នាក់ គឺ​កើនឡើង ១.៦១%។ យ៉ាងណាមិញ តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​អប្សរា​កន្លងមក តួលេខ​ដែល​ខ្លួន​ប្រមូលបាន គឺ​គិតតែ​ចំនួន​ភ្ញៀវទេសចរ​ដែល​បាន​ចូល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តែប៉ុណ្ណោះ។ ក៏មានដែរ ទេសចរ​ខ្លះ​ដែល​មក​កម្សាន្ត ដោយ​មិនបាន​ទិញ​សំបុត្រ​ចូល​ទស្សនា មានដូចជា​ភ្ញៀវ​ការទូត និង​អ្នកស្រាវជ្រាវ​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com