អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមាជិកសភា​អាមេរិក​ភាគច្រើន​ត្រៀម​បោះឆ្នោត​ទាត់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់
05, Aug 2015 , 8:19 am        
រូបភាព

សមាជិកសភា​អាមេរិក​ភាគច្រើន​ត្រៀម​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​មួយ​ដើម្បី​រាំងខ្ទប់​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាមួយ​មហាអំណាច៦ ដែល​ការបោះឆ្នោត​នេះ​ត្រូវធ្វើឡើង​មុន​ថ្ងៃ១៧ខែកញ្ញា​ខាងមុខនេះ។  ប្រសិន​សេចក្តីសម្រេច​រាំងខ្ទប់​កិច្ចព្រមព្រៀង​ត្រូវអនុម័ត​ជា​ផ្លូវការ​នោះ កិច្ចព្រមព្រៀង​ត្រៀម​ដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​នោះ​មិនអាច​អនុវត្ត​បានឡើយ។ ប៉ុន្តែ​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​ត្រៀម​ប្រើប្រាស់​អំណាច​ជំទាស់​ដើម្បី​ទាត់ចោល​រាល់​ការ​សេចក្តីសម្រេច​របស់​សមាជិកសភា​ដែល​ប្រឆាំង​កិច្ចព្រមព្រៀង។



កាលពី​ម្សិលមិញ សមាជិក​ចំនួន ២១៨នាក់ ប្រកាសថា​ខ្លួន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដើម្បី​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​មួយ​ដែល​រាំងខ្ទប់​ការផ្តល់​សច្ចារ​ប័ន​លើ​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​រវាង​អ៊ីរ៉ង់​និង​មហាអំណាច៦ដែល​សម្រេចបាន​កាលពី​ខែ​មុន។ ក្រោយ​មហាអំណាច៦ និង​អ៊ីរ៉ង់ ឯកភាពគ្នា​ទទួលយក​កិច្ចព្រមព្រៀង​មួយ អ៊ីរ៉ង់​អាចមាន​លទ្ធភាព​កសាង​ទំនាក់ទំនង​ការទូត នយោបាយ និង​សេដ្ឋកិច្ច​ជាមួយ​ពិភព​ខាងក្រៅ ហើយ អ៊ីរ៉ង់​អាច​រួច​ផុតពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។

សមាជិកសភា​ទាំង​ខាងលើ សុទ្ធតែ​សមាជិក​សាធារណរដ្ឋ ហើយ​ពួកគេ​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា សម្រេចបាន​កន្លងមក​ឡើយ។ សមាជិកសភា​បក្ស​សាធារណរដ្ឋ Peter Roskam បាន​លើកឡើងថា សមាជិក​គណបក្ស​លោក​មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បច្ចុប្បន្ន​បានឡើយ ព្រោះ​កិច្ចព្រមព្រៀង​នេះ​មិនអាច​រារាំង​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឡើយ។ លោក​បាន​សង្កត់ធ្ងន់ថា វា​ជា​បញ្ហា ហើយ​អាមេរិក​នៅមាន​ពេល​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ដែល​ប្រសើរ​ជាង​នេះ ប្រសិនបើ​អាមេរិក​ដើរចេញ​ពី​តុ​ចរចា​លើក​នេះ។

លទ្ធភាព​នៃ​ការសម្រេច​អនុម័ត​ដំណោះស្រាយ​រារាំង​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​អាចមាន​ខ្ពស់​ដែរ ព្រោះ​ក្រោយ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ឆ្នាំមុន សមាជិក​បក្ស​សាធារណរដ្ឋ​បាន​ដណ្តើម​អាសនៈ​ភាគច្រើន​នៅ​សភា​ទាំងពីរ។ ដើម្បី​សម្រេចបាន​សេចក្តីសម្រេច​នេះ​ត្រូវការ​សំ​ឡេ​គាំទ្រ ២ភាគ៣នៃ​សមាជិកសភា​សរុប៤៣៥ អាចនិយាយបាន​ថា​ស្មើ​ចំនួន ២៩០ សំឡេង។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមាន​រួចជាស្រេច​ហើយ​ថា លោក​នឹង​ប្រើប្រាស់​អំណាច​ជំទាស់​ក្នុងនាម​ជា​ប្រធានាធិបតី​ដើម្បី​ទាត់ចោល​រាល់​ការប្រឆាំង​របស់​សមាជិក​សភា។ លោក​ប្រឹងប្រែង​ធ្វើយ៉ាងណា​ដើម្បី​រក្សា​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ទុកជា​កេរ្តិ៍មរតក​របស់លោក មុន​បញ្ចប់​អាណត្តិ​ឆ្នាំ​ក្រោយនេះ។
ក្នុង​ប្រព័ន្ធ​នយោបាយ​អាមេរិក ករណី​ប្រធានាធិបតី​ប្រើប្រាស់​អំំណាច​ជំទាស់ ដើម្បី​ជម្នះ​អំណាច​ជំទាស់​នេះ វា​តម្រូវ​ឲ្យ​មាន​សំឡេង​សមាជិកសភា​គាំទ្រ ២ភាគ៣ នៅ​សភា​ទាំងពីរ ។ នេះ​ជា​ឧបសគ្គ​ធំ​សម្រាប់​ក្រុម​សមាជិកសភា​បក្ស​សាធារណរដ្ឋ ប្រសិនបើ​គ្មាន​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ណាមួយ​ចូលរួម​ទេនោះ។ នេះ​ក៏​ព្រោះថា​ពួកគេ​មិនអាច​រក​សំឡេង​គ្រប់ ២ភាគ ៣ ៕





Tag:
 សភា​អាមេរិក
  នុយក្លេអ៊ែរ​អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com