ជាតិ
សង្គមជាតិ
ក្លឹប​អ្នកកាសែត​ស្នើ​សមត្ថកិច្ច​វែកមុខ​បុគ្គល​គំរាម​សម្លាប់​អ្នកយកព័ត៌មាន​ទូរទស្សន៍​អប្សរា
04, Aug 2015 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) អំពាវនាវ​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​វែកមុខ​បុគ្គល​ដែល​គំរាម​សម្លាប់​លោក តាំង ហូ អ្នកយកព័ត៌មាន​ទូរទស្សន៍​អប្សរា (ANN) ប្រចាំខេត្ត​សៀមរាប យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អ្នកសារព័ត៌មាន។



ក្លឹប​អ្នកកាសែត​ដែលមាន​បេសកកម្ម​ឯករាជ្យ​បម្រើ​ផលប្រយោជន៍​ការពារ​អ្នកកាសែត បានចាត់ទុក​ការគំរាមកំហែង​សម្លាប់​អ្នកសារព័ត៌មាន ANN ថា ជាការ​បំបាក់​ស្មា​តី​អ្នកសារព័ត៌មានដែល​កំពុង​បំពេញការងារ​តាម​វិជ្ជាជីវៈ។ ក.អ.ក បញ្ជាក់ថា ទង្វើ​នេះ គឺប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា។

តាមរយៈ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី៤នេះ ក.អ.ក ប្រកាស​ថ្កោលទោស​ដាច់ខាត ចំពោះ​បុគ្គល​ដែល​បាន​គំរាម​សម្លាប់​អ្នកសារព័ត៌មាន ទោះជា​តាមរយៈ​ពាក្យសំដី ឬ​ទូរ​សព្ទ ក៏ដោយ។ ជាមួយគ្នា​នោះ ក.អ.ក បាន​អំពាវនាវ​ដល់​ប្រព័ន្ធតុលាការ និង​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ​វែកមុខ​ជនសង្ស័យ ដើម្បី​នាំខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ដើម្បី​រក​យុត្តិធម៌​ដល់​អ្នកសារព័ត៌មាន។

លោក តាំង ហូ អ្នកសារព័ត៌មាន​ទូរទស្សន៍ ANN ប្រចាំខេត្ត​សៀមរាប បាន​រង​នូវ​ការ​គំរាមសម្លាប់​តាម​ទូរ​សព្ទ​ពី​បុគ្គល​ម្នាក់ ក្រោយពេល​លោក​ចុះ​យក​ព័ត៌មាន និង​ផ្តិត​រូបភាព​ជន សង្ស័យ​ជួញដូ​គ្រឿងញៀន ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាបឃាត់ខ្លួន​កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ នៅ​ទីបញ្ជាការដ្ឋាន។ បើតាម ក.អ.ក បន្ទាប់ពី​រង​ការ​គំរាម​សម្លាប់លោក តាំង ហូ បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ហើយ​លោក​បាន​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​បងប្អូន​ជា​បណ្តោះអាសន្ន​ដែរ ដោយសារ​លោក​ភ័យខ្លាច​សុវត្ថិភាព​លោក​ផ្ទាល់។

ជាមួយគ្នានេះ ក.អ.ក បានបញ្ជាក់​អ្នកសារព័ត៌មាន​ឲ្យ​គោរព​ខ្ជាប់ខ្ជួន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈក្នុងពេល​បំពេញការងារ ដើម្បី​ជៀសវាងរាល់​ទង្វើ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូ​រ របស់អ្នកសារព័ត៌មាន​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com