អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាស៊ាន​ជម្នះ​លើក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដាក់​ក្នុង​កិច្ចប្រជុំ​មិន​ខ្វល់​ពី​ចិន
04, Aug 2015 , 7:44 pm        
រូបភាព
ដោយ:
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ដ៏​ចម្រូងចម្រាស់​រវាង​អាស៊ាន និង ចិន។ ជម្លោះ​នេះ បានធ្វើ​ឲ្យ​រដ្ឋ​ពាក់​ព​ន្ធ័​ប្រឈមមុខគ្នា​កាន់តែខ្លាំងឡើងៗ ព្រោះ​មិនមាន​ដោះស្រាយ​រួមគ្នា​ណាមួយ​ត្រូវគេ​ដាក់ចេញ​ឡើយ។ ទោះ​មាន​ការស្នើ​ពី​ចិន​កុំ​ឲ្យ​លើក​បញ្ហា​នេះ​ក្នុង​កិច្ចប្រជុំ​ក៏ដោយ ក៏​បញ្ហា​នេះ​ត្រូវបាន​គេ​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៤៨ដែរ។


កាលពី​ព្រឹក​មិញ​នេះ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Anifah Aman ប្រកាស​ដាក់​បញ្ហា សមុទ្រ​ចិន​ខាងត្បូង​ជា​របៀបវារៈ​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន។ សេចក្តីប្រកាស​នេះ ធ្វើឡើង​នៅ​ចំពោះ មុខ​មេដឹកនាំ​អាស៊ាន ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី៤៨ក្នុង​ក្រុង​កូ​ឡា ឡាំ​ពួរ។

ថ្លែង​សុន្ទរកថា​ក្នុង​ការបើក​កិច្ចប្រជុំ លោក Anifah Aman បាន​បញ្ជាក់ថា៖ «អាស៊ាន អាច និង គួរតែ​ដើរ តួនាទី​ស្នូល​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង»។ លោក​បាន​បន្ថែមទៀតថា អាស៊ាន នឹង​បន្ត​ដោះស្រាយ​ជម្លោះ​ដោយ​សហការគ្នា និង ដោយ​សន្តិភាព។ ជុំវិញ​នៃ​ការដាក់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​វេទិកា​របស់​អាស៊ាន បានបង្ហាញ​យ៉ាងច្បាស់​ថា មេដឹកនាំ​អាស៊ាន មិនបាន​ចាប់អារម្មណ៍​លើ​ការប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ ទេ។ នេះ ទំនងជា​អាស៊ាន មិនអាច​ទ្រាំ​បាន​នឹង​ការ​រិះគន់ថា​អាស៊ាន​អសមត្ថភាព​ក្នុងការ​ដោះស្រាយ ក៏ដូចជា​ការទប់ស្កាត់​ការបន្ត​វាតទី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅក្នុង​តំបន់​ជម្លោះ។

សូមបញ្ជាក់​ផងដែរ​ថា អាមេរិក និង ចិន ដែលជា​រដ្ឋ​ខាងក្រៅ​ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង កិច្ចប្រជុំ​របស់​អាស៊ាន​ផងដែរ។ ហើយ​អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ មុនពេល​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ឆ្លើយឆ្លង គ្នា​លើ​បញ្ហា​នេះ​រួច​ម្តង​ទៅហើយ។

ក្នុងនោះ​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Liu Zhenmin បាន​អះអាងថា​ជម្លោះ​សមុទ្រ​ចិន គឺជា បញ្ហា​រសើប ហើយ​មិនគួរ​យកមក​ដាក់​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នោះទេ។ ដោយឡែក​សម្រាប់ ក្រុង​វ៉ាស៊ីនតោន​វិញ បាន​ជំរុញ​ឲ្យ​អាស៊ាន​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​វា​បញ្ហា​សន្តិសុខ ក្នុង​តំបន់។

សូម​រំលឹក​ផងដែរ​ថា នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ជម្លោះ​សមុទ្រ​ខាងត្បូង បាន​ក្លាយជា​បញ្ហា ចម្រូងចម្រាស់​មិន​ត្រឹមតែ​ក្នុង​ក្របខ​ណ្ឌ័​អាស៊ាន​នោះទេ តែ​បញ្ហា​នេះ​កំពុងតែ​ស្ថិតក្រោម​ការចាប់ អារម្មណ៍​របស់​សហគម​ន៍​អន្តរជាតិ​ផងដែរ។ ជាមួយគ្នានេះ គេ​ឃើញថា រដ្ឋ​ពាក់​ព​ន្ធ័​ជាពិសេស​ចិន និង ហ្វីលីពីន បានបង្ហាញ​សាច់ដុំ​ដាក់គ្នា​តាមរយៈ​ការពង្រឹង​សមត្ថភាព​យោធា និង សមយុទ្ធ​យោធា ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​ជម្លោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com