ជាតិ
សង្គមជាតិ
ការលុបបំបាត់​ពលក​ម្ម​កុមារ​មាន​ភាពស្មុគស្មាញ​និង​ទាមទារ​​អ្នកចូលរួម​ច្រើន
05, Aug 2015 , 12:20 pm        
រូបភាព
សៀមរាប៖ ពលកម្ម​កុមារ​នៅ​កម្ពុជា មាន​នៅលើ​វិស័យ​កសិកម្ម និង​នេសាទ។ អ្នកជំនាញ​អះអាងថា ការលុបបំបាត់​ពលក​ម្ម​កុមារ​កម្ពុជា គឺមាន​ភាពស្មុគស្មាញ និង​ត្រូវ​រៀបចំ​កម្មវិធី​ចម្រុះ​ដើម្បី​ដោះស្រាយ មានដូចជា​ការផ្តល់​ការអប់រំ និង​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ជាដើម។



នាយក​គម្រោង​លុបបំបាត់​ការកេងប្រវ័ញ្ច​ពលកម្ម​កុមារ​តាមរយៈ​ការផ្តល់​ការអប់រំ និង​ការគាំទ្រ​ជីវភាព ហៅ​កាត់​ថា អ៊ិ​ច​សែ​ល នៃ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) លោកស្រី Imalda Ochavillo បាន​ឲ្យ​ដឹងថា គេ​ពិបាក​កំណត់​តួលេខ​ជាក់លាក់​ពី​ចំនួន​ពលកម្ម​កុមារ​កម្ពុជា​ណាស់ ព្រោះថា​វា​មាន​ភាពស្មុគស្មាញ។ លោកស្រី​ពន្យល់ថា៖« ការសិក្សា​របស់​វិទ្យាស្ថាន​ស្ថិតិ​ក្នុង​ឆ្នាំ២០១២ គឺជា​តួលេខ​ទូទាំងប្រទេស ហើយ​គាត់​ក៏​មិនបាន​សិក្សា​ឲ្យ​ស៊ីជម្រៅ ថា​ពលកម្ម​កុមារ​នៅលើ​វិស័យ​កសិកម្ម​មាន​ប៉ុន្មាន វិស័យ​នេសាទ​មាន​ប៉ុន្មាន​នោះដែរ»។

យោងតាម​ការសិក្សា​រប​ស់​វិទ្យាស្ថាន​សិ្ថ​តិ នៃ​ក្រសួងផែនការ និង​អង្គការ​ពលកម្ម​អន្តរជាតិ ក្នុង​ឆ្នាំ២០១២ មាន​កុមារ​អាយុ​ចន្លោះ​ពី ៥ទៅ១៧ឆ្នាំ ជិត២០% ស្មើនឹង ៧៥៥,២០០នាក់ បាន​ចូលរួម​ធ្វើ​ការងារ​រកប្រាក់​ចំណូល​សម្រាប់​គ្រួសារ ហើយ​ជិត ៥៧% ស្មើនឹង ៤២៩,៣៨០នាក់ ជា​កុមារ​ស្ថិតក្នុង​ពលកម្ម និង ជាង៣១% ស្មើនឹង ២៣៦,៤៩៨នាក់ ស្ថិតក្នុង​ការងារ​មាន​ស្ថានភាព​គ្រោះថ្នាក់។

អភិបាលរង​ខេត្តសៀមរាប លោក គឹម ឆៃ​ហៀ​ង ក៏​មិនអាច​កំណត់​តួលេខ​ជាក់លាក់​ពី​ចំនួន​ពលកម្ម​កុមារ​នៅក្នុង​ខេត្ត​របស់ខ្លួន​បាន​នោះដែរ។ ប៉ុន្តែ​លោក​ប៉ាន់​ស្មានថា មិន​លើសពី២០០នាក់​ទេ ដែល​កំពុង​រងគ្រោះ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម ហើយ​ក្នុងនោះ​អាជ្ញាធរ​ក៏​កំពុង​ជួយសង្គ្រោះ​ជា​បន្តបន្ទាប់​ផងដែរ។ លោក​អភិបាលរង​បន្ថែមថា៖« យើង​មិនទាន់បាន​សរុប​នៅឡើយ​ទេ។ យើង​រំដោះ​បាន ៤ទៅ១០នាក់ ក៏មាន ៤ទៅ១០ទៀត អញ្ចឹង​យើង​ត្រូវធ្វើ​ការ​ជា​បន្តបន្ទាប់។ សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន គឺ​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​សហគ្រាស ដែល​គាត់​ដឹងថា អ្វី​ជា​ពលកម្ម​កុមារ ដូច្នេះ​មុននឹង​ពួកគាត់​ទទួលយក​កុមា​រទាំង​នោះមក​ធ្វើការ ក៏​គាត់​ត្រូវ​ដឹង​ពី​ផល​លំបាក​របស់​ពួកគាត់​ដែរ»។

បច្ចុប្បន្ន គម្រោង​អ៊ិ​ច​សែ​ល​របស់​អង្គការ​ទស្សនៈ​ពិភពលោក កំពុងធ្វើការ​នៅក្នុង​ខេត្ត​ក្រុង​មួយចំនួន​នៅ​កម្ពុជា ក្នុងនោះ​មាន ភ្នំពេញ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​ត្បូងឃ្មុំ​ជាដើម។ ចំណែក​ខេត្តសៀមរាប គឺមាន​ស្រុក​គោលដៅ​ចំនួន៤ មានស្រុក​ជីក្រែង សូទ្រនិគម ប្រាសាទបាគង និង​ស្រុក​ពួក។ តាម​ការបញ្ជាក់​ពី​នាយក​គម្រោង លោកស្រី Ochavillo គម្រោង​នេះ​ទទួលបាន​ថវិកា​គាំទ្រ​ពី​ក្រសួង​ការងារ​សហរដ្ឋអាមេរិក​ចំនួន ១០លាន​ដុល្លារ និង​ថវិកាបដិភាគ​ពី​អង្គការ​ទស្សនៈ​ពិភពលោក ចំនួន១លាន​ដុល្លារ សរុប១១លាន​ដុល្លារ លើ​គម្រោង​រយៈពេល៤ឆ្នាំ​នៅ​កម្ពុជា។


«វា​មាន​ភាពស្មុគស្មាញ។ អ៊ិ​ច​សែ​ល​ត្រូវ​ធ្វើការ​កម្មវិធី​ចំរុះ​ជាច្រើន មានដូចជា​ការផ្តល់សេវា​អប់រំ ក្នុង​ទម្រង់​ក្នុង​និង​ក្រៅ​ប្រព័ន្ធ។ កុមារ​ខ្លះ​អាយុ​ពី១៥ទៅ១៧ឆ្នាំ ពួកគាត់​ត្រូវ​ការរៀន​ជំនាញ​វិជ្ជាជីវៈ ព្រោះថា​ពួកគាត់​មិនអាច​ត្រឡប់​ទៅ​សិក្សា​បាន​ទៀត​ទេ ដោយសារ​បោះបង់​យូរពេក។ ក្នុងនោះ យើង​ក៏​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​កុមារ​ផងដែរ»។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​ស្រី Ochavvillo ពី​ការងារផ្សេងៗដែល​គម្រោង​អ៊ិ​ច​សែ​ល​កំពុងធ្វើការ​ជួយសង្គ្រោះ​ពលកម្ម​កុមារ​កម្ពុជា។

គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី៥ សីហា អង្គការ​ទស្សនៈ​ពិភពលោក បានរៀបចំ​វេទិការ​កុមារ និង​យុវជន​ថ្នាក់​ខេត្ត​មួយ ក្រោម​ប្រធានបទ «បញ្ឈប់​ពលកម្ម​កុមារ កុំ​ឈប់​ត្រឹម​ប៉ុណ្ណឹង ទាំងអស់គ្នា យើង​អាច​ធ្វើបាន»។ ដោយ​កម្មវិធី​នេះ​ធ្វើឡើង​រយៈពេល២ថ្ងៃ នៅ​ទីក្រុង​សៀមរាប ដោយមាន​កុមារ​ប្រមាណ​ជិត២០០នាក់​ចូលរួម ដែល​ពួកគេ​មកពី​ស្រុក​គោលដៅ​ទាំង៤ ក្នុង​ខេត្តសៀមរាប។ គោលបំណង​នៃ​វេទិកា​នេះ គឺ​ដើម្បី​បង្កើត​ឳ​កាស​ដល់​កុមារ និង​យុវជន បាន​ចូលរួម ផ្លាស់ប្តូរ​និង​រៀន​ពីគ្នា​ទៅវិញទៅមក ជុំវិញ​អ្វីដែល​ពួកគេ​បានធ្វើ​នាពេល​កន្លងមក។ល៕


© រក្សាសិទ្ធិដោយ thmeythmey.com