ជាតិ
សង្គមជាតិ
ក្រោយ​សង្គ្រាម និស្សិត​ខ្មែរ​ជិត២ពាន់​នាក់ ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បារាំង
05, Aug 2015 , 2:58 pm        
រូបភាព
ដោយ:
ក្រោយពី​មានការ​ចរចា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១មក ប្រទេស​បារាំង និង​ស្ថាប័ន​ដៃគូ​នានា បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជិត២ពាន់​នាក់ ទៅ​សិក្សា​នៅ​ប្រទេស​បារាំង។ ការផ្តល់​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​បារាំង​ជាង២០មកនេះ ក្នុង​គោលបំណង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ។

 
ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា លោក ហ្ស​ង់-ក្លូដ ពាំ​បឺ​ហ្វ បាន​មានប្រសាសន៍ថា ក្រោយពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១មក  និស្សិត​កម្ពុជា​ជិត២ពាន់​នាក់ ទទួលបាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​បារាំង និង​ស្ថាប័ន​ដៃគូ​នានា ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង។
 
សម្រាប់​ឆ្នាំ២០១៥នេះ និស្សិត​កម្ពុជា៩៨នាក់ ទទួលបាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​បារាំង​និង​ស្ថាប័ន​ដៃគូ​នានា ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​បារាំង លើ​មុខជំនាញ​សេដ្ឋកិច្ច ច្បាប់ សុខាភិបាល វិស្វកម្ម ទេសចរណ៍ និង​អក្សរសាស្ត្រ​បារាំង​ជាដើម។ នេះ​ជាការ​បញ្ជាក់​របស់លោក ស្សង់-ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា។
 
ពី​ធី​អបអរសាទរ​ដល់​សិ​ស្សិត​ទាំងនោះ ដែល​បានរៀបចំ​នៅ​វិទ្យាស្ថាន​បារាំង កាលពី​ល្ងាច​ថ្ងៃទី៤ សីហា​នេះ ត្រូវបាន​លោក ស្សង់-ក្លូដ ពាំង​បឺ​ហ្វ បញ្ជាក់ថា ការផ្តល់​អាហារូបករណ៍​នេះ ក្នុង​គោលបំណង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​ចូល​រូ​ម​ស្តា និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ។ 
 
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជូន ណា​រ៉ុ​ន បាន​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​បាន​ទៅ​សិក្សា​នៅ​បរទេស ហើយ​យកចំណេះ​ទាំងនោះ​ត្រឡប់មក​កម្ពុជា​វិញ បើទោះជា​ពួកគេ​ធ្វើការ​នៅក្នុង​វិស័យ​រដ្ឋ ឯកជន ឬ​អង្គការ​ក៏ដោយ ឲ្យ​តែ​បាន​ចូលរួម​អភិវឌ្ឍន៍​ប្រទេស។ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​មានប្រសាសន៍​ទៀតថា ក្រៅពី​រដ្ឋាភិបាល​បារាំង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង បារាំង​ក៏បាន​បណ្តុះ​ណ្តា​ល​ធនធានមនុស្ស​កម្ពុជា នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដូចជា តាមរយៈ​ការធ្វើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការណ៍​ជាមួយ​សាកលវិទ្យាល័យ​ជា​សមាជិក​និយាយ​ភាសា​បារាំង​នៅ​កម្ពុជា​ជាដើម។ 
 
លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា ជា​មធ្យម​កម្ពុជា​ទទួល​បាន​អាហា​រូ​ណ៍​ទៅ​សិក្សា​នៅ​បរទេស​ប្រមាណ​ជា៥០០នាក់​ក្នុង​មួយឆ្នាំ។ ជាក់ស្តែង​នៅ​ឆ្នាំ២០១៥នេះ មាន​និស្សិត​ខ្មែរ​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង៩៨នាក់ ចិន៦២នាក់ ថៃ​ជិត២០០នាក់ និង​នៅ​បណ្តា​ប្រទេសផ្សេងៗទៀត៕
 

Tag:
 អាហារូបករណ៍
  បារាំង
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com