ជាតិ
សង្គមជាតិ
ជនជាតិ​វៀតណាម១៨នាក់ទៀត ត្រូវបាន​ឃាត់ខ្លួន​នៅថ្ងៃនេះ
05, Aug 2015 , 3:18 pm        
រូបភាព
នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី៥ ខែសីហា​នេះ នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ធា​ជ​ធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ដែល​ស្នាក់នៅ​ខុសច្បាប់ ចំនួន១៨នាក់​បន្ថែមទៀត បញ្ជូនមក​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។ ពួកគេ​ត្រូវបាន​នគរបាល​រកឃើញ នៅ​ចំណុច​ភូមិ​អូរអណ្តូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។



នៅក្នុង​ខែកក្កដា​កន្លងទៅ​អាជ្ញាធរ​កម្ពុជា បាន​រកឃើញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន២៥៥នាក់ ស្រី៦៩នាក់ រួមមាន១៤សញ្ជាតិ ក្នុងនោះ​មាន​ជនជាតិ​រហូតដល់​ទៅ២៥៥នាក់ ស្រី៦៨នាក់។ នេះ​បើតាម​លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ លោក​អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា​ប្រតិបត្តិ​ការស្វែងរក និង​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ក៏​នឹងធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត​ដែរ។

សូមបញ្ជាក់ថា ក្នុង​រយៈពេល៧ខែ​ឆ្នាំ២០១៥ គិត​ចាប់ពី​ខែមករា រហូតដល់​ថ្ងៃទី៣០ខែកក្កដា អាជ្ញាធរ​បាន​រកឃើញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន១,៤៨៤នាក់ រួមមាន៤២សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​ចំនួន១,៣៣៨នាក់។ នៅក្នុង​ខែកក្កដា​កន្លងទៅ មាន​ជនអន្តោប្រវេសន៍​សរុប​ចំនួន២២២នាក់ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ចំនួន២០២នាក់៕



Tag:
 អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com