ជាតិ
សង្គមជាតិ
អាដហុក៖ ស្ថានភាព​រំលោភសិទ្ធិ​ស្ត្រី និង​កុមារ​កម្ពុជា កាន់តែ​ធ្ងន់ធ្ងរ
05, Aug 2015 , 5:36 pm        
រូបភាព

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បានចេញ​របាយការណ៍​បី​ប្រភេទ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​រំលោភសិទ្ធិ​ស្ត្រី និង​កុមារ ទូទាំងប្រទេស ក្នុង​រយៈពេល៦ខែ ដើមឆ្នាំ២០១៥នេះ។ ស្ថានភាព​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ស្ត្រី និង​កុមារ ដ៏​ធ្ងន់ធ្ងរ​នោះ​គឺ អំពើហិង្សា​ក្នុង​គ្រួសារ មាន​ចំនួន៧៤ករណី អំពើ​សេពសន្ថវៈ មាន​ចំនួន១៣១ ករណី និង​អំពើ​ជួញដូរ​មនុស្ស​មាន​ចំនួន៩០ករណី។



យោងតាម​របាយការណ៍​អាដហុក អំពើហិង្សា​ក្នុង​គ្រួសារ មាន​ចំនួន ៧៤ករណី។ ទម្រង់​នៃ​អំពើហិង្សា​ដែល​ធ្ងន់​ធ្ងន់​បំផុត​នោះ គឺ​ការសម្លាប់​ឪពុក សម្លាប់​បងប្អូន​បង្កើត វាយដំ​ម្តាយបង្កើត។ មូលហេតុ​នៃ​ការកើតឡើង​នូវ​អំពើហិង្សា គឺ​បណ្តាលមកពី​កត្តាផ្សេងៗ ដូចជា ការប្រើប្រាស់​គ្រឿង​ស្រវឹង ការសេព​គ្រឿងញៀន ការលេង​ល្បែងស៊ីសង និង​វិបត្តិ​ផ្លូវចិត្ត ជាដើម។

ចំណែកឯ បទល្មើស​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារ មាន​ចំនួន ១៣១ករណី។ ករណី​រំលោភ​នេះ​រួមមាន រំលោភ​ក្មេងស្រី​អាយុ​ក្រោម៥ឆ្នាំ មាន៥ករណី រំលោភ​ក្មេងស្រី​អាយុ​ក្រោម១០ឆ្នាំ មាន៣២ករណី រំលោភ​ក្មេងស្រី​ក្រោម​អាយុ១៨ឆ្នាំ មាន៦៣ករណី រំលោភ​ក្មេងស្រី​អាយុ១៨ឆ្នាំ មាន៣១ករណី។ ក្នុងចំណោម១៣១ករណីនេះ ការរំលោភ​សម្លាប់ មាន​ចំនួន៣ករណី ការរំលោភ​បូក មាន​ចំនួន៦ករណី និង​ការរំលោភ​ជនពិការ មាន​ចំនួន១៥ករណី។

ការកើតឡើង​នូវ​អំពើ​សេពសន្ថវៈ​នេះ បើតាម​ការរកឃើញរ​បស់​អាដហុក ភាគច្រើន​បណ្តាលមកពី​ការមើល​វីដេអូ​អាសអាភាស តាមរយៈ​វេ​ប​សាយ បណ្តាញ​សង្គម និង​ឌី​ស​អាសអាភាស ដែល​លក់​តាម​តូបផ្សេងៗ ។ លើសពីនេះទៅទៀត ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ការសេព​គ្រឿងញៀន ក៏​ជា​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​អំពើ​ចាប់រំលោភ​ដែរ។ នេះ​បើតាម​ការកត់សម្គាល់រ​បស់​អាដហុកចំពោះ​អំពើ​ជួញដូរ​មនុស្ស  សមាគម​អាដហុក ទទួលបាន​ពាក្យបណ្តឹង​ចំនួន ៩០ ករណី។ ក្នុងចំណោម៩០ករណីនេះ ការជួញដូរ​កម្លាំង​ពលកម្ម មាន​ចំនួន ៧៤ករណី ការជួញដូរ​តាម​រូបភាព​រៀប​អាពាហ៍ពិពាហ៍ មាន​ចំនួន ១២ករណី និង​ការជួញដូរ​ភេទ មាន​ចំនួន៤ករណី។ ការជួញដូរ​មនុស្ស ទៅ​ក្រៅប្រទេស កើតឡើង​តាម​ទ្រង់ទ្រាយផ្សេងៗ ដូចជា​តាមរយៈ​មេខ្យល់ ក្រុមហ៊ុន​ស្របច្បាប់ និង​ក្រុមហ៊ុន​ទិញ​អាជ្ញា​បណ្ណ​បន្ត ជាដើម។ បទល្មើស​ជួញដូរ​មនុស្ស​នេះ បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​សរុប ចំនួន៤៣៨នាក់ (ស្រី្ត១៥២នាក់)។

កត្តា​ដែល​នាំ​ឲ្យ​មានការ​ជួញដូរ​មនុស្ស ដោយសារតែ​ជនរងគ្រោះ​មិនបាន​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ឆាប់​ជឿ​តាម​ការឃោសនា​របស់​ប្រពន្ធ​ផ្សព្វផ្សាយ និង​ការបញ្ចុះ​បញ្ចូល​របស់​ក្រុម​មេខ្យល់។ ម្យ៉ាងទៀត យោងតាម​ការ​ការវាយតម្លៃ​របស់​អាដហុក ភាពក្រីក្រ កង្វះ​ការងារ​ក្នុងស្រុក និង​ការទទួលបាន​កម្រៃ​ទាប ក៏​ជាហេតុ​ជំរុញ​ឲ្យ​ពលរដ្ឋ​ឆាប់​សម្រេចចិត្ត​ក្នុងការ​ចំណាក់ស្រុក​ដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com