ជាតិ
សង្គមជាតិ
អាដហុក​រកឃើញ​ករ​ណី​រំលោភ​ក្មេង​អាយុ​ក្រោម១៨ឆ្នាំ ចំនួន១០០ករណី
06, Aug 2015 , 7:59 pm        
រូបភាព
ដោយ:
រយៈពេល៦ខែ ដើមឆ្នាំ២០១៥នេះ សមាគម​អាដហុក ធ្វើការ​ស៊ើបអង្កេត និង​អន្តរាគមន៍​បាន​ចំនួន១៣១ករណី ក្នុងនោះ​មាន​ករណី​រំលោភ​ក្មេង​អាយុ​ក្រោម១៨ឆ្នាំ ចំនួន១០០ករណី និង​ក្មេង​អាយុ១៨ឆ្នាំមាន​ចំនួន៣១ករណី។ ក្នុងចំណោម១៣១ករណីនេះ មាន​ទាំង​ករណី​រំលោភ​សម្លាប់  រំលោភ​បូក និង​រំលោភ​ជនពិការ​ផងដែរ។



យោងតាម​របាយការណ៍​ស៊ើបអង្កេត និង​អន្តរាគមន៍​របស់​សមា​គម​អាដហុក នៅក្នុង​រយៈពេល៦ខែ ដើមឆ្នាំ២០១៥នេះ  មាន​ចំនួន១៣១ករណី ក្នុងនោះ​មាន​រំលោភ​ក្មេង​អាយុ​ក្រោម៥ឆ្នាំ ចំនួន៥ករណី។ ក្មេង​អាយុ​ក្រោម១០ឆ្នាំ ចំនួន៣១ករណី។ ក្មេង​ក្រោម១៨ឆ្នាំ ៦៣ករណី និង​ក្មេង​អាយុ១៨ឆ្នាំ ចំនួន៣១ករណី។ ក្នុងចំណោម១៣១ករណីនេះ រួមមាន​ករណី​រំលោភ​សម្លាប់​ចំនួន៣ករណី រំលោភ​បូក​ចំនួន៦ករណី និង​រំលោភ​ជនពិការ​ចំនួន១៥ករណី។ ករណី​ទាំងនេះ​ក៏មាន​ជីតា​បង្កើត​រំលោភ​ចៅស្រី​រហូតដល់​មាន​ផ្ទៃពោះ និង​ឪពុក​បង្កើត​រំលោភ​កូនស្រី​ខ្លួនឯង។ ល។

នៅក្នុង​របាយការណ៍​អាដហុក​ស្តីពី ស្ថានភាព​សិទ្ធិ​ស្ត្រី និង​កុមារ នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០១៥នេះ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៤ មានការ​កើនឡើង​ចំនួន៥១ករណី។ 
របាយការណ៍​ដដែល​នេះ​ក៏បាន​បង្ហាញ​ពី​មូលហេតុ​ចម្បង​ចំនួន៣ចំណុច ដែល​បណ្តាល​ឲ្យ​មាន​ករណីរ​លោភ​នេះ​កើនឡើង គឺ​ទី១/ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែលមាន​នូវ​រូបភាព​នារី​ផ្សព្វផ្សាយ​ទាំងនោះ​មើលទៅ​មាន​ភាព​ស្រើបស្រាល ដែល​ធ្វើ​ឲ្យ​បុរស​មួយចំនួន​ភ្លើតភ្លើន មានគំនិត​ចង់​រួមភេទ និង​វង្វេងស្មារតី ក្រោយពេល​ពួកគេ​ទទួលទាន​គ្រឿង​ស្រវឹង​រួច។ ទី២/ ការហូ​ចូល​នូវ​វីដេអូ​អាសអាភាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម វេ​ប​សាយ វីស៊ីឌី ដែលមាន​លក់​នៅតាម​ទីផ្សារ។ នៅពេលដែល​មើល​វីដេអូ​ទាំងនេះហើយ ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ត​ចង់​សាក់ល្បង និង​អនុវត្ត​ជាក់ស្តែង គួបផ្សំ​នឹង​ឱកាស​ស្ងាត់​ជាដើម។ និង​ទី៣/ ការរីក​រាលដាល​នូវ​ក្លឹប​កម្សាន្ត និង​ការប្រើប្រាស់​គ្រឿងញៀន ក៏​ជា​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​មានការ​រំលោភ​សេពសន្ថវៈ​កើនឡើង​ផងដែរ។

សូមបញ្ជាក់ថា តួលេខ​ខាងលើនេះ គ្រាន់តែ​បង្ហាញ​ពី​ចំនួន​ដែល​សមាគម​អាដហុក និង​ក្រសួងមហាផ្ទៃ​បាន​ចាត់វិធានការ​នៅ​ទូទាំងប្រទេស​ប៉ុណ្ណោះ។ នៅមាន​ករណី​សេពសន្ថវៈ​ផ្សេងទៀត ដែល​ជនរងគ្រោះ​មិនបាន​មកប្តឹង​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ករណី​ខ្លះទៀត​គ្រាន់តែ​មានការ​សម្រុះសម្រួល និង​ការទទួលយក​សំណង​ប៉ុណ្ណោះ៕
  



Tag:
 អាដហុក
  រំលោភ
© រក្សាសិទ្ធិដោយ thmeythmey.com