អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា៖ សង្គ្រាម​អាច​កើតឡើង បើ​ហ៊ាន​ទាត់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់
07, Aug 2015 , 8:39 am        
រូបភាព

ភាពចម្រូងចម្រាស​កើនឡើង​ខ្លាំង ក្រោយ​ពេលដែល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្រើប្រាស់​ក្រុម​ជនជាតិ​ជ្វី​វ​នៅ​អាមេរិក​បញ្ចុះបញ្ចូល​ក្រុម​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​កាន់កាប់​អាសនៈ​ច្រើន​នៅ​សភា​អាមេរិក​ឲ្យ​ទាត់ចោល​កិច្ចព្រមព្រៀង​អ៊ីរ៉ង់។ ឆ្លើយតប​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមាន​សមាជិកសភា​បក្ស​សាធារណរដ្ឋ និង​អ៊ីស្រាអែលខ្លាំងៗ ដោយ​អះអាងថា​ការបោះបង់​កិច្ចព្រមព្រៀង​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ជាថ្មី​និង​បំផ្លាញ​កិត្តិនាម​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ​ផង។



ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ វ៉ាស៊ីនតោន លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រើប្រាស់​ពាក្យសម្តីខ្លាំងៗព្រមាន​ក្រុម​សមាជិកសភា​ជាពិសេស​សមាជិក​បក្ស​សាធារណរដ្ឋ​ដែល​កំពុង​រៀបចំ​ផែនការ​ទាត់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ តម្រូវ​ចិត្ត​ក្រុម​ជនជាតិ​ជី្វ​វ​នៅ​អាមេរិក និង​រដ្ឋាភិបាល​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម។ លោក​បាន​សង្កត់ធ្ងន់ថា បើ​បោះបង់ចោល​កិច្ចព្រមព្រៀង​នេះ ជម្រើស​ចុងក្រោយ​គឺ​មានតែ​ធ្វើសង្គ្រាម​ប៉ុណ្ណោះ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ពាក្យ​ថា​សង្គ្រាម​នោះ សម្តៅលើ​សង្គ្រាម​ដែល​រដ្ឋបាល​អាមេរិកក្រោយៗទៀត​បន្ទាប់ពី​រដ្ឋបាល​លោក​អូ​បា​ម៉ា ប្រើប្រាស់​ដើម្បី​កម្ទេច​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប្រសិនបើ​កិច្ចព្រមព្រៀង​លើក​នេះ​មិនត្រូវ​សមាជិកសភា​ទទួលយក​ទេ។  លោក អូ​បា​ម៉ា ក៏​លើកយក​សង្គ្រាម​អាមេរិក​នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ២០០៣ដើម្បី​កម្ទេច​កម្មវិធី​នុយក្លេអ៊ែរ​របស់​មេដឹកនាំ​ផ្តាច់ការ​សា​ដាម ហ៊ូ​សេន​ជា​សម្អាង​ដែរ។

សូមបញ្ជាក់​បន្តិច​ថា កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ប្រាំមួយ​រួមទាំង​អាមេរិក​ផង​សម្រេចបាន​កាលពី​ខែ​មុននេះ ត្រូវបាន​សហគមន៍​អន្តរជាតិ​សាទរ និង​ជំរុញ​ឲ្យ​អ៊ីរ៉ង់​កាត់បន្ថយ​ការ​ចម្រាញ់​សារធាតុ​គីមី​ដើម្បី​ឈានទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្នូ​នឹង​ការដក​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច។

ការប្រើប្រាស់​ពាក្យសម្តីធ្ងន់ៗនេះ ទំនង​មកពី​លោក អូ​បា​ម៉ា មិនអាច​ទ្រាំ​បាន​ចំពោះ​សកម្មភាព​រដ្ឋាភិបាល​លោក បេន​ចា​ម៊ិ​ន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) ថ្មីៗនេះ​បាន​ប្រើប្រាស់​ជនជាតិ​ជ្វី​វ​រស់នៅ​អាមេរិក​ឲ្យ​ចេញ​ប្រតិបត្តិការ​បញ្ចុះបញ្ចូល​ស​មា​ជិ​ក​សភា​អាមេរិក​ឲ្យ​បោះបង់ចោល​កិច្ចព្រមព្រៀង​នេះ។ ពេល​ថ្លែង​សុន្ទ​កថា លោក អូ​បា​ម៉ា ក៏បាន​វាយប្រហារ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដែល​ព្យាយាម​រារាំង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ លោក​លើកឡើងថា​លោក​យល់ថា លោ​កណេ​តាន់​យ៉ា​ហ៊ូ មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​នេះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ខុសឆ្គង​ដ៏​ធំ​មួយ ព្រោះ​ពិភពលោក​ទាំងមូល​សុទ្ធតែ​គាំទ្រ​កិច្ចព្រមព្រៀង​នេះ។ លោក​បាន​បន្តទៀតថា អ្នក​ដែល​ប្រឆាំង​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​បច្ចុប្បន្ន ជា​មនុស្ស​តែមួយ​ដែល​បាន​គាំទ្រ​ឲ្យ​មាន​សង្គ្រាម​នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ២០០៣ ។ 

ផ្អែក​លើក​ប្រតិកម្ម​របស់លោក អូ​បា​ម៉ា គេ​វាយតម្លៃថា ទោះ​ត្រូវ​ប្រឈម​បញ្ហា​អ្វី​ក៏ដោយ លោក ត្រូវ​ធានា​ឲ្យ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ត្រូវ​សភា​ផ្តល់​សច្ចាប័ន​និង​ត្រូវអនុវត្ត​មុនពេល​លោក​ចប់​អាណត្តិ​លោក​ឆ្នាំក្រោយ ព្រោះ​លោក​បារម្ភ​ពី​លទ្ធផល​ចុងក្រោយ​និង​ការ​អាប់មុខអាប់មាត់រ​បស់​មហាអំណាច​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ​នាពេលខាងមុខ។  លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​ជាថ្មី​ម្តង​ទៀតថា កិច្ចព្រមព្រៀង​ដែល​មហាអំណាច៦សម្រេចបាន​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​តេ​អ៊ីរ៉ង់​កន្លង​មកជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ ហើយ​វា​ក៏​អាច​ទប់ស្កាត់​មិន​ឲ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ ហើយ​វា​ជា​រឿង​លំបាក​បំផុត​ទម្រាំ​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​នេះ។ វា​ប្រាកដ​ណាស់​ថា អាមេរិក​នឹង​ក្លាយជា​មហាអំណាច​ឯកោ បាត់បង់​កិត្តិនាម​នៅលើ​ឆាក​អន្តរជាតិ ដោយសារតែ​បោះបង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ព្រោះ​មហាអំណាច​ប្រាំ​ផ្សេងទៀត​នឹង​ដើរ​ផ្លូវ​ផ្សេង​ពី​អាមេរិក​ដោយ​បន្ត​ទទួលយក​កិច្ចព្រមព្រៀង។ អាមេរិក មិនអាច​គូស​នឹង​ដៃ ហើយ​ក្រោយមក​លុប​នឹង​ជើង​ឡើយ។ បើសិន លោក ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះហើយ វា​ក៏​ត្រូវតែ​ត្រូវ​សភា​ផ្តល់​សច្ចាប័ន​ដូចគ្នា​ដែរ៕



Tag:
 សភា​អាមេរិក
  នុយក្លេអ៊ែរ​អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com