ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​សម្រេចចិត្ត​ស្ថាបនា​ផ្លូវ​កៅស៊ូ​ពី​អង្គរវត្ត​ទៅ​បាយ័ន​ក្រោយ​រង​ការខូចខាត
07, Aug 2015 , 3:25 pm        
រូបភាព
រូបភាព៖ អាជ្ញាធរអប្សរា
រូបភាព៖ អាជ្ញាធរអប្សរា
សៀមរាប៖ ទីបំផុត​ទៅ អាជ្ញាធរ​អប្សរា​បានសម្រេច​ចិត្ត​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ ដែល​រង​ការខូចខាត ចាប់​ពីមុខ​ប្រាសាទអង្គរវត្ត​ដល់​ប្រាសាទបាយ័ន​ហើយ។ ការសម្រេច​នេះ ក្រោយពេល​មាន​សំណើរ​ជាច្រើន ឲ្យ​ពិនិត្យមើល​ពី​លទ្ធភាព ខណៈដែល​អាជ្ញាធរ​អប្សរា​ចង់​អភិរក្ស​ផ្លូវ​បុរាណ​ក្នុង​តំបន់​អង្គរ។







ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ចាប់​ពីមុខ​ប្រាសាទអង្គរវត្ត​ដល់​ប្រាសាទបាយ័ន នឹង​ចេញ​ជា​រូបរាង​អំឡុង​ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ។ បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ កំពុង​ស្ថាបនា​ផ្លូវ​ដែល​រង​ការ​សឹក​រេច​រិល ដោយ​សងខាង​ផ្លូវ​គឺជា​ប្រភេទ​ដីក្រហម ហើយ​មាន​ភក់​ខ្លះ​នៅ​រដូវភ្លៀង និង​មាន​ដី​ហុយ​នៅ​រដូវក្តៅ។

អាជ្ញាធរ​អប្សរា តាមរយៈ​វី​ឌី​អូ​ដែល​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ពន្យល់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មានការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ចាប់ពី​ប្រាសាទអង្គរវត្ត ដល់​ប្រាសាទបាយ័ន​ថា គឺ​ដើម្បី​លើក​សោ​ភ័​ណ្ឌ​ភាព​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​សុវត្ថិភាព​ភ្ញៀវទេសចរ​ផងដែរ។ ភ្ញៀវទេសចរ ដែល​ចូលចិត្ត​ធ្វើដំណើរ​ដោយ​ការ​ជិះ​កង់ នឹង​លែង​បារម្ភ​ខ្លាចក្រែង​រថយន្ត​កៀរ​ទៀតហើយ ព្រោះ​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​កំពុង​ស្ថាបនា​នេះ នឹង​រៀបចំ​គំនួ​ស​ដាច់ដោយឡែក​សម្រាប់​ពួកគេ និង​មាន​ទំហំ​ធំ​ជាង​មុន។

ក្នុង​វី​ឌី​អូ​ផ្សព្វផ្សាយ​របស់ខ្លួន លោក សុខ សង្វារ ប្រធាន​ក្រុមការងារ​អនុវត្ត​ផែនការ​គ្រប់គ្រង​ទេសចរណ៍​នៃ​អាជ្ញាធរ​អប្សរា បាន​បញ្ជាក់ថា ទំរាំ​អាច​រៀបចំ​ជួសជុល​ផ្លូវ​កៅស៊ូ​នេះ​បាន គឺមាន​ការឆ្លងកាត់​ការពិភាក្សា​យ៉ាង​ល្អិតល្អន់​ពី​ក្រុមការងារ​ពាក់ព័ន្ធ មាន​នាយកដ្ឋាន​បុរាណវិទ្យា នាយកដ្ឋាន​ព្រៃឈើ​នៃ​អាជ្ញាធរ​អប្សរា ជាពិសេស​គម្រោង​នេះ ក៏មាន​ការឯកភាព គាំទ្រ​ពី​គណៈកម្មការ ICC Angkor ក៏ដូចជា​អង្គការ​យូ​ណេ​ស្គូ​ផងដែរ។

លោក សុខ សង្វារ មាន​សុទិដ្ឋិនិយម​ថា ក្រោយពេល​ផ្លូវ​ក្រាល​កៅស៊ូ​ពីមុខ​អង្គរ​ទៅ​បាយ័ន​រួចរាល់​នោះ ចំនួន​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ធ្វើដំណើរ​ដោយ​ជិះ​កង់​នឹង​កើនឡើង។ កង់​គឺជា​មធ្យោបាយ​តែមួយគត់ ដែល​អាជ្ញាធរ​អប្សរា​យល់ថា វា​មាន​សុវត្ថិភាព​សម្រាប់​ប្រាង្គ​ប្រាសាទ ព្រោះថា​វា​មិន​បង្ក​ឲ្យ​មាន​ផ្សែង​ពុល​ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​ទេ។ លោក សុខ សង្វារ បន្ថែមថា ការស្ថាបនា​ផ្លូវ​នេះដែរ ក្នុង​គោលបំណង​លើកទឹកចិត្ត​ឲ្យ​ភ្ញៀវទេសចរ ដែល​ចូលចិត្ត​ជិះ​កង់ ចូល​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​កាន់តែច្រើន​ថែមទៀត។

ផ្លូវ​ដែល​អាជ្ញាធរ​អប្សរា​កំពុង​ស្ថាបនា​ចាប់ពី​អង្គរវត្ត ដល់​បាយ័ន គឺជា​ប្រភេទ​ផ្លូវ DBST ដែលមាន​ប្រវែង​សរុប ៣៤៦២ម៉ែត្រ ហើយ​ការស្ថាបនា​មាន៣ដំណាក់កាល។ ដំណាក់កាល​ទី១ ពីមុខ​អង្គរវត្ត​ដល់​ក្លោងទ្វារ​ទន្លេ​អុំ គឺមាន​ទទឹង​សរុប ៩ម៉ែត្រ ដោយ​ផ្លូវកណ្តាល​សម្រាប់​យានយន្ត​មាន​ទំហំ៦ម៉ែត្រ និង​សងខាង​ផ្លូវ ទំហំ១,៥ម៉ែត្រ សម្រាប់​កង់។ ដំណាក់កាល​ទី២ ចាប់ពី​ទន្លេ​អុំ ដល់​ប្រាសាទបាយ័ន ទទឹង៨ម៉ែត្រ ៥ម៉ែត្រ​សម្រាប់​យានយន្ត និង១,៥ ម៉ែត្រ​សងខាង​សម្រាប់​កង់។ ដំណាក់​កាលពី៣ ផ្លូវ​ជុំវិញ​ប្រាសាទបាយ័ន ដែលជា​ផ្លូវ​ឯកទិស ៣,៥ សម្រាប់​យានយន្ត និង ១,៥ សម្រាប់​កង់។

គួរ​បញ្ជាក់ដែរថា កន្លងមក​នៅពេល​មាន​ពិធីបុណ្យ​សំខាន់ម្តងៗ ភាគច្រើន​មាន​សំណើរ​ពី​មន្ត្រី​ទូត ឲ្យ​មានការ​ស្ថាបនា​ផ្លូវ​ពីមុខ​អង្គរវត្ត​ទៅ​ប្រាសាទបាយ័ន​នេះ។ តាម​ការពន្យល់​របស់​អាជ្ញាធរ​អប្សរា គេ​មិនអាច​ស្ថាបនា​ផ្លូវ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ដោយភ្លាមៗនោះទេ ជារួម​គឺ​ត្រូវមាន​ការសិក្សា​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ផលប៉ះពាល់​ដល់​រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​មួយ​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com