ជាតិ
សង្គមជាតិ
អាដហុក៖ ល្បិច​មេខ្យល់​បោក​ស្រី្ត​ខ្មែរ​ឲ្យ​ទៅ​រៀបការ​ជាមួយ​បុរស​ចិន
07, Aug 2015 , 6:59 pm        
រូបភាព
ដោយ:
សមាគម​អាដហុក បាន​រកឃើញ​ពី​ល្បិច​មេខ្យល់​ជួញដូរ​ស្រី្ត​ខ្មែរ​ឲ្យ​ទៅ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ជនជាតិ​ចិន ជាច្រើន​ករណី។ ក្រុម​មេខ្យល់​ទាំងនោះ បានរៀបចំ​ជា​ពីរ​ដំណាក់កាល ទី១ ក្រុម​មេខ្យល់​ចងក្រង​ជា​បណ្តាញ ដោយ​មួយក្រុម​នៅក្នុង​ប្រទេស និង​មួយក្រុម​ទៀត​នៅក្រៅ​ប្រទេស។ ដំណាក់កាល​ទី២ ក្រុម​មេខ្យល់​បានរៀបចំ​ល្បិច​បញ្ជូន​ស្រី្ត​រងគ្រោះ​ឆ្លង​ប្រទេស។

 
 
នៅក្នុង​ឆមាស​ទី១ នៃ​របាយការណ៍​អាដហុក​ស្តីពី«ស្ថានភាព​សិទ្ធិ​ស្ត្រី​និង​កុមារ» បាន​រកឃើញ​ពី​របៀប​នៃ​ការជួញដូរ​ស្ត្រី​ខ្មែរ​ឲ្យ​ទៅ​រៀបការ​ជាមួយ​បុរស​ចិន មាន​ពីរ​ដំណាក់កាល។ ដំណាក់កាល​ទី១ មេខ្យល់​បាន​ចងក្រង​គ្នា​ជា​បណ្តាញ​ដោយ​មួយក្រុម​នៅក្នុង​ប្រទេស​កម្ពុជា និង​មួយក្រុម​ទៀត​នៅ​ប្រទេស​ចិន ក្រុម​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និត​ជាមួយ​ឪពុកម្តាយ និង​ជនរងគ្រោះ​ផ្ទាល់។ 
 
ក្រុម​នៅក្នុង​ប្រទេស មេខ្យល់​មាន​គ្នាច្រើន​ត្រូវ​ដើរ​តាម​ភូមិ ឃុំ និង​រោងចក្រ​កាត់ដេរ ដើម្បី​ធ្វើការ​ទាក់​ទាញយក​នារី ដោយ​ធ្វើ​សកម្មភាព​ប​ង្អូ​ត​ពី​កូន​ឬ​សាច់ញាតិ​របស់ខ្លួន ដែលមាន​ប្តី​ជា​ជន​ជាតិចិន កំពុង​រស់នៅ​ប្រទេស​ចិន​ថា មាន​ជីវភាព​ធូ​ធា និង​បង្ហាញ​ពី​ទ្រព្យ​ស​ម្បិ​ត្តិ​របស់​នារី​មាន​ប្តី​ចិន​នោះ ថា​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ។ ពេលខ្លះ​មេខ្យល់​ទាំងនោះ​អះអាងថា រក​ការងារ​ធ្វើ​នៅ​ប្រទេសផ្សេងៗដោយ​ទទួលបាន​ប្រាក់ខែ​ច្រើន និង​មាន​សុវត្ថិភាព។ នេះ​បើតាម​របាយការណ៍​ស្ត្រី​ពី​ស្ថានភាព​សិទ្ធិ​ស្ត្រី​និង​កុមារ របស់​សមាគម​អាដហុក​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី៥ សីហា​កន្លងទៅ។ 
 
របាយការណ៍​ដដែល​បាន​សរសេរ​ទៀតថា បន្ទាប់មក​មេខ្យល់​ទាំងនោះ បាន​បញ្ជូន​ការងារ​បន្តទៅ​ឲ្យ​ក្រុម​មេខ្យល់​នៅ​ប្រទេស​ចិន ដើម្បី​ផលិត​ឯកសារ ដូចជា លិខិតឆ្លងដែន ទិដ្ឋាការ និង​ឯកសារ​អត្តសញ្ញាណប័ណ្ណ ដែល​ភាគច្រើន​ធ្វើ​ដោយ​ក្លែងបន្លំ​ឈ្មោះ អាយុ និង​អាសយដ្ឋាន​របស់​ជនរ​ង​គ្រោះ។ ខាងលើនេះ​ជា​ដំណាក់កាល​ទី១ ដែល​ក្រុម​មេខ្យល់​ទាំងនោះ​ធ្លាប់​អនុវត្តន៍​កន្លងមក។ 
 
ចំពោះ​ដំណាក់កាល​ទី២វិញ គឺ​ការបញ្ជូន​ឆ្លង​ប្រទេស។ ករណីខ្លះ​ត្រូវ​ជិះ​យន្តហោះ​តាម​ច្រក​អន្តរជាតិ​ភ្នំពេញ និង​ករណី​ខ្លះទៀត ត្រូវបាន​មេខ្យល់​ជា​ជនជាតិខ្មែរ ចិន និង​វៀតណាម នាំចេញ​តាម​ចក្រ​ព្រំដែន​បាវិត ឬ​ច្រក​ប្រទេស​ឡាវ។
 
នៅពេល​ទៅដល់​ប្រទេស​ចិន ក្រុម​មេខ្យល់​ភាគច្រើន​ដែលជា​អតីត​ស្ត្រី​ខ្មែរ​រងគ្រោះ​ដោយសារ​ការជួញដូរ​ទៅ​លក់​ឲ្យ​មាន​ប្តី​ជា​ជនជាតិ​ចិន ជា​អ្នកទទួលយក​នារី​ជនរងគ្រោះ​ទាំងនោះ។ ហើយ​ក្រុម​មេខ្យល់​ទាំងនោះ នាំទៅរក​កន្លែង​ស្នាក់​នៅក្នុង​រយៈពេល​ខ្លី​ឬ​វែង ដោយ​រងចាំ​បុរស​ចិន មក​ទិញ​ធ្វើជា​ប្រពន្ធ​ក្នុងតម្លៃ​ចន្លោះ​ពី៨-១២ម៉ឺន​យ័ន។ ស្ត្រី​ខ្លះ​រៀបការ​ដោយ​ការចុះ​សំបុត្រអាពាហ៍ពិពាហ៍ និង​ខ្លះទៀត​មិនបាន​ចុះ​សំបុត្រ​នេះឡើយ។ ការចុះ​សំបុត្រ​នេះ​ត្រូវ​ឆ្លងកាត់​ស្ថានទូត​ឬ​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ចិន។ 
 
របាយការណ៍​ដដែល​ក៏បាន​រកឃើញ​ករណីខ្លះ​ទៀត​ដែរ​ថា នារី​រងគ្រោះ​ប្រកែក​មិន​ព្រម​ទទួលយក​បុរស​ជនជាតិ​ចិន​ឡើយ ព្រោះ​ខុស​ពាក្យ​ស​ន្យ​ថា ទៅរក​ការងារ​ធ្វើ មិនមែន​ទៅ​រៀបការ​នោះទេ។ នៅពេលដែល​នារី​រងគ្រោះ​ទាំងនោះ​សុំ​វិល​ត្រឡប់មកផ្ទះ​វិញ បែរជា​មេខ្យល់​គំរាម​ឲ្យ​ប្រគល់​ប្រាក់​ចន្លោះ​ពី៨ពាន់​ទៅ២០ម៉ឺន​ដុល្លារ ជា​ថ្នូ​នឹង​ការចំណាយ​របស់គេ។ 
 
សូមបញ្ជាក់ថា នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០១៥នេះ សមាគម​អាដហុក​ទទួលបាន​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ​ចំនួន១២ករណី បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៤ មានការ​ថយចុះ​ចំនួន១៤ករណី ដោយសារ​ជនរងគ្រោះ​ទៅប្តឹង​ផ្ទា​ស់​នៅ​ក្រសួងការបរទេស និង​នៅ​អង្គការ​ដៃគូផ្សេងៗទៀត។ កាលពី​ឆមាស​ទី១ ឆ្នាំ២០១៤កន្លងទៅ អាដហុក​ទទួលបាន​ពាក្យ​ប​ណ្តឹ​ក​នេះ​ចំនួន២៦ករណី៕ 
 
 

Tag:
 អាដហុក
© រក្សាសិទ្ធិដោយ thmeythmey.com