ជាតិ
សង្គមជាតិ
បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ចំនួន៤នឹង​បើក​យុទ្ធនាការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ
07, Aug 2015 , 8:39 pm        
រូបភាព
បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ចំនួន៤ នឹង​បើក​យុទ្ធនាការ​ទប់ស្កាត់​បទ​ល្មើស​ទ្រង់ទ្រាយ​ធំ​ជុំវិញ​តំបន់​ព្រៃ​ឡង់​រយៈពេល៥ថ្ងៃ ដើម្បី​ប្រមូល​នូវ​ភស្ដុតាង​នានា​ទាក់ទង​នឹង​កាប់បំផ្លាញ​ព្រៃឈើ​ដាក់ជូន​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់ ក្នុងការ​ការពារ​ព្រៃ​ឡង់។ បណ្ដាញ​សហគមន៍​ទាំង៤នោះ​រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ មាន​គ្នា​ប្រមាណ៣០០នាក់ នឹង​ទៅ​តំបន់​ស្នូល​ព្រៃ​ឡង់ ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១៤ សីហា។


 
សេចក្ដីប្រកាស​ព័ត៌មាន​បណ្ដាញ​របស់​ស​ហគ​មន៍​ទាំងនេះ​បាន​ឲ្យ​ដឹងថា រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ ព្រៃ​ឡង់​កំពុង​រង​នូវ​ការកាប់បំផ្លាញ​ធ្ងន់ធ្ងរ និង​ការគំរាមកំហែង ពី​គម្រោង​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ ប្រជាពលរដ្ឋ​ចំណូលស្រុក​រាន​ដី​ធ្វើ​កម្មសិទ្ធិ ការកាប់​ឈើ​ដោយ​គ្មាន​ច្បាប់​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់។ សហគមន៍​ព្រៃ​ឡង់​ទាំង៤នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ឈើ​រាប់ពាន់​ឡាន​កុង​ទី​ន័​រ និង​រថយន្ត​កែច្នៃ​ត្រូវបាន​ដឹក​ចេញពី​ព្រៃ​ឡង់ ដើម​ជ័រ​ច្បោះ​របស់​សហគមន៍​រាប់សិប​ម៉ឺន​ដើម​ត្រូវបាន​កាប់បំផ្លាញ សត្វព្រៃ​ជាច្រើន​រាប់ពាន់​ក្បាល​ត្រូវបាន​ចាប់ និង​សម្លាប់​ធ្វើ​អាជីវកម្ម»។
 
កន្លងមក​ក្រសួងកសិកម្ម បាន​អំពាវនាវ​ដល់​មន្ត្រី​រដ្ឋា​ភិ​បាល​គ្រប់លំដាប់​ថ្នាក់ ទប់ស្កាត់​ការនាំចេញ នាំចូល និង​ដកហូត​ម៉ាស៊ីន​ត្រង់​តឺ​ន័​រ​ទូទាំងប្រទេស រួមទាំង​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​មួយចំនួន​ក្នុងការ​ការពារ ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ ជាពិសេស​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ដាក់ចេញ​វិធានការ​យ៉ាង​តឹងរ៉ឹង និង​វិធាន​ការដក​មន្ត្រី​រដ្ឋាភិបាល​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​និង​ការកាប់បំផ្លាញ​ព្រៃឈើ តែ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​មិនទាន់មាន​ភាព​ថមថយ​នោះឡើយ។
 
បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង៤នោះ ព្រួយបារម្ភ​ពី​ការបាត់បង់​ជីវៈចម្រុះ សត្វព្រៃ ដើម​ជ័រ​ច្បោះ និង​អនុផល​ព្រៃឈើ​នានា​ដែល​សហគមន៍​បាន​អាស្រ័យ​ផល​នៅក្នុង​ព្រៃ​ឡង់ នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ និង​ជីវភាព​នៅពេល​ខាងមុខ បើ​មិនមាន​ចំណាត់ការ​ទាន់ពេល​នោះទេ។ព្រៃ​ឡង់​គឺជា​ព្រៃ​ដ៏​ធំ​សេសសល់​ចុងក្រោយ​គេ​នៅ​កម្ពុជា ដែលមាន​សារៈសំខាន់​ដល់​ប្រជា​ជនជាតិភាគតិច៕
 

Tag:
 ​ព្រៃ​ឡង់​
 បទ​ល្មើស​ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com