សង្គមជាតិ
អន្តរជាតិ
លោក ច​ន​ឃឺ​រី សរសើរ​វៀតណាម​តែ​ឆ្លៀត​ដាស់តឿន​រឿង​រំលោភ​សិទ្ធិមនុស្ស
07, Aug 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
វៀតណាម​ក្លាយជា​គោលដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក ច​ន​ឃឺ​រី។ លោក ឃឺ​រី បាន​ថ្លែង​សរសើរ​ការវិវត្តន៍​នៃ​ចំណង​ការទូត និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អតីត​សត្រូវ​ចាស់​ទាំងពីរ ហើយ​លោក​បង្ហាញ​ក្តី​សង្ឃឹមថា​នៅពេល​ខាងមុខ​វៀតណាម​នឹង​ក្លាយជា​ដៃគូ​ដ៏​ជិតស្និទ្ធ​និង​យូរអង្វែង​មួយ​ក្នុង​តំបន់។ យ៉ាងណាក៏ដោយ​លោក ឃឺ​រី បាន​ឆ្លៀត​ព្រមាន​វៀតណាម​ឲ្យ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ឲ្យ​បានល្អ​ប្រសើរ​ផង។

 
 
អតីត​នាយទាហាន​អាមេរិក​ច្បាំង​ក្នុង​សង្គ្រាម​វៀតណាម​និង​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃឺ​រី កំពុងស្ថិត​នៅក្នុង​ប្រទេស​វៀតណាម​ដែលជា​គោលដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​តំបន់​អាស៊ី។ តាមពិតទៅ​លោក​មក​ទស្សនកិច្ច​នៅ​វៀតណាម​ក៏​ដើម្បី​ចូលរួម​កម្មវិធី​រំលឹក​ខួប​លើក​ទី២០នៃ​ការស្តារ​ចំណង​ការទូត​ប្រទេស​ទាំងពីរ​អាមេរិក​និង​វៀតណាម​ផងដែរ។ 
ទៅដល់​ភ្លាម ប្រមុខ​ការទូត​អាមេរិក ច​ន ឃឺ​រី បាន​ចាប់ដៃ​ប្រធានាធិបតី​វៀតណាម​លោក Truong Tan Sang មុខ​រូបសំណាក​បិតា​ឯករាជ្យ​វៀតណាម ហូ ជី​មិញ មុន​ចាប់ផ្តើម​ការពិភាក្សា ផ្តោតលើ​ការលូតលាស់​នៃ​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។ ភាគី​ទាំងពីរ​ប្តេជ្ញា​ថា​នឹង​បន្ត​ប្រឹងប្រែង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ល្អប្រសើរ ហើយ​លោក ឃឺ​រី សង្ឃឹមថា​វៀត​ណា​នឹង​ក្លាយជា​ដៃគូ​ជិតស្និទ្ធ​និង​យូរអង្វែង​របស់​អាមេរិក​ផង។ លោក ឃឺ​រី បង្ហាញ​ក្តីរំភើប ព្រោះ​វៀតណាម​និង​អាមេរិក​អាច​ប្រែ​ក្លាយខ្លួន​ពីស​ត្រូវ​មកជា​មិត្ត​ជិតស្និទ្ធ​ដែល​អាច​ធ្វើការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ។ 
 
ក្រៅពី​ជួប​ជាមួយ​ប្រធានាធិបតី​វៀតណាម លោក ឃឺ​រី ក៏បាន​ជួប​សំណេះសំណាល​ទ្វេភាគី​ជាមួយ​សម​ភាគី​លោក រដ្ឋមន្ត្រីការបរទេស​វៀតណាម Pham Binh Minh ផងដែរ។ ក្នុងជំនួប​ភាគី​ទាំងពីរ បញ្ហា សន្តិសុខ សេដ្ឋកិច្ច និង បញ្ហា​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ការងារ​ក្លាយជា​ប្រធានបទ​ដែល​តំណាង​ក្រុង​វ៉ាស៊ីនតោន​យកមក​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​វៀតណាម។ ជុំវិញ​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ទំហំ​ពាណិជ្ជកម្ម​កើនឡើង​យ៉ាង​រហ័ស​ពី ៤៥០លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ១៩៩៥ ទៅដល់៣៦ពាន់​លាន​ដុល្លារ​អាមេរិក​នាពេល​បច្ចុប្បន្ន។ ភាគី​ទាំងពីរ​ក៏​កំពុង​ស្វះស្វែង​ចរចា​គ្នា​បន្ថែម​ជាមួយ​បណ្តា​រដ្ឋ​អាស៊ី​ប៉ាស៊ីហ្វិក​មួយចំនួន​ផងដែរ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដឹកនាំ​ដោយ​អាមេរិក​ផ្ទាល់​ផងដែរ។ 
 
ចំណែក​បើ​ក្រឡេកមើល​បញ្ហា​សិទ្ធិមនុស្ស​ឯណោះ​វិញ អាចនិយាយបាន​ថា​ជា​រឿង​សាមញ្ញ​ទៅហើយ​ដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ត្រូវ​ឆ្លៀត​លើកឡើង​ក្នុងពេល​ជួប​ជាមួយ​មន្ត្រី​វៀតណាម។ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​អាក្រក់​ខ្លាំង បើ​ប្រៀបធៀប​បណ្តា​រដ្ឋ​ឯទៀត​ក្នុង​តំបន់ ហើយ​វៀតណាម​ក៏​ស្ថិត​ក្នុងចំណោម​ដែលមាន​កម្រិត​នៃ​ការគោរព​សិទ្ធិមនុស្ស​ទាប​ដែរ​ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​អាមេរិក​ប្រចាំឆ្នាំ។ ចង់​មិន​ចង់​អាមេរិក​ក្នុងនាម​ជា​មហាអំណាច​ប្រជាធិបតេយ្យ​ផង ត្រូវ​ដាស់តឿន​វៀតណាម​ឲ្យ​ប្រឹងប្រែង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ឲ្យ​បាន​ប្រសើរ។ 
បើ​និយាយ​ពី​ប្រធានបទ​បញ្ហា​សន្តិសុខ​វិញ គ្មានអ្វី​ក្រៅពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ។ អាមេរិក​គឺជា​ខ្នងបង្អែក​សំខាន់​សម្រាប់​វៀតណាម​ក្នុងការ​តតាំង​ជាមួយ​មហា​យក្ស​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​អាមេរិក​ក៏ត្រូវ​ការ​វៀតណាម​ដូចគ្នា​ដែរ​ដើម្បី​រាំងខ្ទប់​ឥ​ទិ្ធ​ពល​ចិន​នៅ​អាស៊ីអាគ្នេយ៍។ កន្លងមក​វៀតណាម​បានទទួល​ជំនួយ​ច្រើន​ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន ហើយ​សមាជិកសភា​អាមេរិក​មួយចំនួន​ចង់​ឲ្យ​អាមេរិក​ដក​ការហាមឃាត់​ការលក់​អាវុធ​ឲ្យ​វៀតណាម​ទាំងស្រុង​ផងដែរ។ កាលពី​ខែមករា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ashton Carter បានប្រកាស​ផ្តល់ជំនួយ១៨លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​វៀតណាម​ទិញ​នាវា​ល្បាត​សម្រាប់​ពង្រឹង​សន្តិសុខ​ជើង​ទឹក​ផង។
 
វៀតណាម​និង​អាមេរិក​ស្តារ​ចំណង​ការទូត​កាលពី​ឆ្នាំ ១៩៩៥ ដោយ​សុខចិត្ត​ទុក​រឿង​ប្រវត្តិសាស្ត្រ​ដ៏​ចូរ​ចត់​សម័យ​សង្គ្រាមត្រជាក់​មួយ​ឡែក​សិន។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ចេះតែ​រីកចម្រើន​ទៅមុខ ថ្វីបើ​វៀតណាម​ប្រកាន់​របប​សង្គមនិយម​ក្តី។ គេ​មើលឃើញ ទំនាក់ទំនង​ពាណិជ្ជកម្ម​រីកលូតលាស់​រហ័ស​ខ្លាំង​ជា​គេ ហើយថ្មីៗនេះ​ទំនាក់ទំនង​នយោបាយ​ក៏​កាន់តែ​ល្អ​ឡើង​ទៀត។ រឿង​ជាក់ស្តែង កាលពី​ខែ​មុន ប្រធាន​បក្ស​កុម្មុយនីស្ត Nguyen Phu Trong ធ្វើ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​ដោយ​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ផងដែរ។ នេះ​ជា​រូបភាព​មួយ​បង្ហាញ​ច្បាស់​ពី​កម្រិត​ចំណង​ទំនាក់ទំនង​ពិសេស​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ហាណូយ ពេលបច្ចុប្បន្ន​នេះ៕    
 

Tag:
 វៀតណាម
 លោក ច​ន​ឃឺ​រី
© រក្សាសិទ្ធិដោយ thmeythmey.com