ជាតិ
សង្គមជាតិ
ប្រធាន​តុលាការ​ស្វាយរៀង​ចាត់​តំណាង​អយ្យការ​ត្រៀម​ទទួល​លោក ឈូក បណ្ឌិត
08, Aug 2015 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធាន​តុលាការ​ខេត្តស្វាយរៀង លោក ពេជ្រ ឈឿត អះអាងថា លោក ឈូក បណ្ឌិត ត្រូវបាន​បញ្ជូនទៅ​តុលាការខេត្ត​ស្វាយរៀង បន្ទាប់ពី​ទណ្ឌិត​មួយ​នេះ ចូលខ្លួន​សារភាព។ យ៉ាងណា លោក​ប្រធាន​តុលាការខេត្ត​ស្វាយរៀង មិនបាន​បញ្ជាក់​លម្អិត​ពី​ប្រភព​ដែល​ត្រូវបាន​បញ្ជូនទៅ​ខាង​លោក​នោះទេ។



បើទោះជា​មិនបាន​រៀបរាប់​លម្អិត​ពី​ដំណើរការ ការបញ្ជូន​លោក ឈូក បណ្ឌិត ទៅ​តុលាការ​ខេត្តស្វាយរៀង​យ៉ាងណាក្តី ប៉ុន្តែ​ប្រធាន​តុលាការខេត្ត លោក ពេជ្រ ឈឿត អះអាងថា លោក​បាន​ចាត់តាំង​តំណាង​អយ្យការ ដើម្បី​ត្រៀម​ទទួល​រួចរាល់​ហើយ។ បញ្ជូន​ដល់ពេល​ណា និង​អ្នកណា​ជា​អ្នក​បញ្ជូន​ទៅនោះ គឺ​លោក ពេជ្រ ឈឿត មិនបាន​បញ្ជាក់​នោះទេ។

ក្នុង​បទសម្ភាសន៍​ខ្លី​តាម​ទូរ​សព្ទ​នឹង​សារព័ត៌មានថ្មីៗ ប្រធាន​តុលាការ​ខេត្តស្វាយរៀង ក៏​មិន​បញ្ជាក់​ពី​ការអនុវត្ត​សាលដីកា​ឃុំខ្លួន​លោក ឈូក បណ្ឌិត នៅពេលណា​នោះដែរ។

គួរ​បញ្ជាក់ថា តាម​ប្រភពព័ត៌មាន​នានា​បាន​ចុះផ្សាយ​ថា កាលពី​ព្រឹក​ថ្ងៃទី៨ សីហា​នេះ លោក ឈូក បណ្ឌិត ដែល​ជាប់ចោទ​ពីបទ​បាញ់​កម្មការិនី២នាក់​នៅ​ក្រុង​បាវិត បាន​ចូលខ្លួន​មក​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ហើយក៏​ត្រូវបាន​បញ្ជូន​បន្តទៅ​តុលាការខេត្ត​ស្វាយរៀង​នៅ​រសៀល​នេះ។ ការចូល​ខ្លួន​មក​សារភាព​របស់លោក ឈូក បណ្ឌិត ធ្វើឡើង​ក្រោយ​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅថ្មីៗនេះ និង​ការប្រកាស​ឲ្យ​តាម​ចាប់ខ្លួន ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង៕


© រក្សាសិទ្ធិដោយ thmeythmey.com