ជាតិ
សង្គមជាតិ
បិទផ្លូវ​មួយចំនួន​នៅ​តំបន់​អង្គរ​ដើម្បី​រៀបចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ
08, Aug 2015 , 3:59 pm        
រូបភាព


សៀមរាប៖ ផ្លូវ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​ឧទ្យាន​អង្គរ នឹងត្រូវ​បិទ​ជា​បណ្តោះអាសន្ន ខណៈដែល​ផ្លូវ​ទាំងនោះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា។



អាជ្ញាធរ​អប្សរា ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​បាន​ពន្យល់ថា ផ្លូវ​មួយផ្នែក​ក្នុង​តំបន់​អង្គរ នឹង​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ​ស្អែក។ ការរត់​ប្រណាំង​នេះ នឹង​ផ្តល់​ផលប្រយោជន៍​សម្រាប់​កម្ពុ​ជា ដូចជា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​កីឡា​ជាដើម។

«ដោយ​ការរត់​ប្រណាំង​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​នោះ សមត្ថកិច្ច​ជំនាញ នឹងធ្វើ​ការបិទផ្លូវ​ដើម្បី​សម្រួល​ចរាចរ​តាម​គោលដៅខ្លះៗ ដែល​អាច​បង្ក​ឲ្យ​កកស្ទះ​ជាអន្លើ»។ នេះ​ជា​ខ្លឹមសារ​បញ្ជាក់បន្ថែម​រប​ស់​អាជ្ញាធរ​អប្សរា មិន​នឹង​ស្នើសុំ​ការយោគយល់​ពី​សាធារណ​ជន ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។

ទាក់ទង​នឹង​ចំនួន​អ្នកចូលរួម​រត់ប្រណាំង សារព័ត៌មានថ្មីៗមិនទាន់​អាច​ទំនាក់ទំនង​ជាមួយ​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក លោក វ៉ា​ត់ ចំរើន បាន​នៅឡើយ​ទេ។

គួរ​បញ្ជាក់ថា ការរត់​ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ នឹង​ចាប់ផ្តើម​ពី​ម៉ោង ៤និង៣០នាទី​ព្រឹក ថ្ងៃទី៩ សីហា តទៅ នៅមុខ​ប្រាសាទអង្គរវត្ត។ ការរត់​ប្រណាំង​មាន​ចម្ងាយ ៤២គ.ម ២១គ.ម ១០គ.ម និង៣គ.ម៕


© រក្សាសិទ្ធិដោយ thmeythmey.com