ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ប្រគល់​ផែនទី២៦ផ្ទាំង​ឲ្យ​រាជបណ្ឌិតសភា​កម្ពុជា ត្រួតពិនិត្យ
10, Aug 2015 , 11:15 am        
រូបភាព
ភ្នំពេញ៖ នៅទីបំផុត គណបក្ស​សង្គ្រោះ​ជាតិ (CNRP) សម្រេច​ប្រគល់​ផែនទី​ឌីជីថលទាំង២៦ផ្ទាំងទៅ​​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន នៃ​រាជបណ្ឌិតសភា​កម្ពុជា ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល រួមទាំង​ផែនទី​ដែល​ខ្ចី​ពី​អង្គការសហប្រជាជាតិ។ ពិធី​ប្រគល់​ផែនទី​របស់​គណបក្សប្រឆាំងធ្វើ​ឡើង​នៅ​ព្រឹកថ្ងៃទី១០សីហានេះ ក្នុងទីស្នាក់ការ​គណបក្សសង្គ្រោះ​ជាតិ។


 
មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិលោក ហុង សុខ​ហួរ ថ្លែង​ក្នុង​ពិធី​ប្រគល់​ថា CNRP សម្រេចប្រគល់​ផែនទី​ឌីជីថល​ទាំង ២៦ ផ្ទាំង ជូន​រាជបណ្ឌិតសភា​កម្ពុជា ដើម្បី​ផ្ទៀ​ត​ផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល​ដែល​កំពុងតែ​ប្រើប្រាស់ ថា ​តើ​ផែនទី​មួយណា​ត្រឹមត្រូវ ដើម្បីរកចំណុចរួមដោះស្រាយបញ្ហាព្រំដែនជាមួយគ្នា។

ផែនទី​ចំនួន ២៦ផ្ទាំង​នេះ គឺលោក​សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង បាន​ទិញ​មកពី​ប្រទេស​បារាំង​ក្នុងតម្លៃ១៦៨ ដុល្លារ។ បក្សប្រឆាំង​ធ្លាប់​ចោទ​ចោទ​រាជរដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសវៀតណាម ដែល​កំពុង​តែមាន​ជម្លោះព្រំដែន​ដ៏​ក្តៅគគុក​ជាមួយ​កម្ពុជា។

ឱកាស​នេះដែរ ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែននៃ​រាជបណ្ឌិតសភា​កម្ពុជាលោក សុខ ទូច បញ្ជាក់ថា ក្រោយ​ការពិនិត្យ​ស្រាវជ្រាវរួច ក្រុមការងាររបស់​លោកនឹងធ្វើ របាយការណ៍​​​ស្រាវជ្រាវរួមមួយ ដាក់ជូន​ក្រុមអ្នកតំណាងរាស្ត្រដែលមានសំឡេងក្នុងរដ្ឋសភា ដើម្បីជ្រាបជាព័ត៌មាន។

កន្លងមក​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន រួមទាំង​លោក ហ៊ុន សែន ផងដែរ ធ្លាប់​ជំរុញ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រគល់​ផែនទី​មក​រដ្ឋាភិបាល​ដើម្បី​ផ្ទៀងផ្ទាត់ និង​បញ្ជាក់ថា​តើ​ផែនទី​មួយណា​ត្រឹមត្រូវ ឬក៏​អាច​ស្វែងរក​ចំណុច​វិជ្ជមាន​រួមមួយ​ទាំងអស់គ្នា។

សូម​រំឭកថា កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​សរសេរ​លិខិត​ទៅកាន់​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុំ​ខ្ចី​ផែនទី ដែល​សម្តេច​នរោត្តម សីហនុ យកទៅ​តម្កល់​នៅ​ឆ្នាំ១៩៦៤ ដើម្បី​យកមក​ដោះស្រាយ​ភាពចម្រូងចម្រាស់​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម និង​បញ្ចប់​ការចោទប្រកាន់​ពី​សំណាក់​បក្សប្រឆាំង។ ជាការ​ឆ្លើយ​តមនឹង​សំណើ​របស់លោក ហ៊ុន សែន អង្គការ​សហ​ប្រជា​តិ​បានសម្រេច​ឲ្យ​ភាគី​កម្ពុជា​ខ្ចី​នូវ​ផែនទី ចំនួន១៨ផ្ទាំង កាលពី​ថ្ងៃទី០៥ សីហា ឆ្នាំ២០១៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com