អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង​និង​កងទ័ព​ទៅ​តួ​ក​គី​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម
11, Aug 2015 , 10:19 am        
រូបភាព

សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្ត​យោះ​ចម្បាំង F-16 ជាច្រើន​គ្រឿង​ទៅកាន់​ប្រទេស​តួ​ក​គី​ដើម្បី​ត្រៀម​បង្កើន​ការវាយប្រហារ​ប្រឆាំង​ក្រុម​ភេរវជន​ឥស្លាម។ បើ​យោងតាម​មន្ត្រី​ប៉ង់​តា​ហ្កូ​ន អាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ចំនួន៦គ្រឿង និង​កងទ័ព​ប្រហែល៣០០នាក់​ផង​ទៅកាន់​កំពង់ផែ​នា​ប្រទេស​តួ​គី។ អាមេរិក​ហាក់ដូចជា​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ដូច្នេះ​ដែរ។


លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ



ក្រុង​វ៉ាស៊ីនតោន​បានសម្រេច​បញ្ជូន​យន្តហោះ​ចម្បាំង​ប្រភេទ F-16 ចំនួន ៦គ្រឿង​និង​កងទ័ព​ប្រហែល៣០០នាក់​ផងដែរ ទៅកាន់​មូលដ្ឋានទ័ព​នៅ​តួ​ក​គី​ដើម្បី​ពង្រឹង​យុទ្ធនាការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម។ កងទ័ព​និង​យន្តហោះ​ចម្បាំង​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តួ​ក​គី​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។

យោងតាម​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន ការពង្រាយ​កងទ័ព​និង​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ទៅ​តួ​ក​គី​នេះ​ក្លាយជា​សកម្មភាព​ថ្មី​បំផុត​មួយ​របស់​ក្រុង​វ៉ាស៊ីនតោន ចាប់តាំងពី​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ចាប់ផ្តើម​សកម្មភាព​ទម្លាក់​គ្រាប់បែក​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ រយៈពេល​មួយឆ្នាំ។ ហើយ​យន្តហោះ​អាមេរិក​នឹង​ហោះ​ចេញពី​មូលដ្ឋានទ័ព​ប្រទេស​តួ​ក​គី​ដើម្បី​បំពេញ​ប្រតិបត្តិការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម។ ការ​ឈានដល់​បញ្ជូន​ទ័ព និង​យន្តហោះ​ចម្បាំង​នេះ កើតឡើង​ក្រោយ​ពេលដែល​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា និង​ក្រុង​វ៉ាស៊ីនតោន​ឯកភាពគ្នា​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា ដោយ​តួ​ក​គី​ព្រម​បើកទ្វារ​ឲ្យ​ទ័ព​អាមេរិក​ប្រើប្រាស់​ទឹកដី​របស់ខ្លួន។  

សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន ហាក់ដូចជា​កំពុង​បង្កើន​កម្លាំង​ដើម្បី​តាម​ប្រមាញ់​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​ធ្វើសង្គ្រាម​តាម​ផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ​ដូចគ្នា​ដែរ។ នេះ​អាចមកពី កន្លងមក​រដ្ឋបាល​លោក បា​រ៉ា​ក់​អូ​បា​ម៉ា រង​ការរិះគន់​ខ្លាំង​ដោយសារ​មិនមាន​លទ្ធភាព​ដាក់ចេញ​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព​អាច​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​បាន។ 

ជុំវិញ​ការប្រើប្រាស់​ទឹកដី​តួ​ក​គី​ដើម្បី​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម និង​មានការ​ចូលរួម​ពី​សំណាក់​តួ​ក​គី​ផង​នោះ​អាច​រឿង​វិជ្ជមាន​ច្រើន​សម្រាប់​ការពង្រឹង​កម្លាំង​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅពេល​ខាងមុខ។តួ​ក​គី​ជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​សម្ព័ន្ធ​អន្តរជាតិ​ដែរ ហើយ​ប្រទេស​នេះ​ទើបតែ​សម្រេចចិត្ត​ចូលរួម​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​ប៉ុណ្ណោះ។ កាលដើមឡើយ តួ​ក​គី​បារម្ភ​ថា កាលណា​បើ​ខ្លួន​ប​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម វា​ក៏​អាចជួយ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ត​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ស៊ី​រី​តាម​ព្រំដែន​ស៊ី​រី​ដែរ។ ប៉ុន្តែ​ក្រោយ​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ប្រឆាំង​ប្រជាជន​តួ​ក​គី ដែល​រៀបចំឡើង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នោះ តួ​ក​គី​ក៏​ប្តូរ​គោលជំហរ​របស់ខ្លួន​តែម្តង។




Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com