កីឡាជាតិ
Asia Champions Trophy៖ យុវជន​ភ្នំពេញ​ក្រោ​ន​ទទួល​ក្រុម​ខ្លាំង Frenz United
13, Aug 2015 , 8:19 am        
រូបភាព
លោក ប៊ួយ ដារី គ្រូ​បង្វឹក​ឈុត​យុវ​ជន​ភ្នំពេញ​ក្រោន​
លោក ប៊ួយ ដារី គ្រូ​បង្វឹក​ឈុត​យុវ​ជន​ភ្នំពេញ​ក្រោន​
ដោយ: ថ្មីៗ
 
ក្រុមយុវជន​អាយុ​ក្រោម១៨ឆ្នាំ របស់​ភ្នំពេញ​ក្រោ​ន ត្រូវ​ទទួលភ្ញៀវ​ម៉ាឡេស៊ី Frenz United ក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់ Asia Champions Trophy 2015 (ACT)នា​វេលា​ម៉ោង៦ល្ងាច​ថ្ងៃ​សុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥ នៅ​កីឡដ្ឋាន RSN។ នេះ​ជាការ​ប្រកួត​លើក​ទី​ពីរ​របស់​យុវជន​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រុម​ជប៉ុន Kashima Antlers ៥-០ នៅក្នុង​ទី​កដី​ជប៉ុន កាលពី​ថ្ងៃទី៥ ខែសីហា។



Frenz United ដែលជា​គូប្រជែង​របស់​ភ្នំពេញ គឺ​ក្លិប​ដ៏​ខ្លាំង​មួយ​ក្នុង​កម្មវិធី​ប្រកួត Asia Champions Trophy ដែល​បាន​ឈានដល់​ឆ្នាំ​ទី៣  ។ កាលពី​រដូវ​កាល​ដំបូង​នា​ឆ្នាំ២០១៣ ក្លឹប​ម៉ាឡេស៊ី​មួយ​នេះ​បាន​ចាញ់ Chonburiរបស់​ថៃ ក្នុង​លទ្ធផល ៤-១ ទាំងពីរ​ជើង ប៉ុន្តែ​ពួកគេ​បាន​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ៣ វិញ​កាលពី​រដូវ​កាល​មុន។

កាលពី​ឆ្នាំ២០១៤ កន្លងទៅ យុវជន​ភ្នំពេញ​ក្រោ​ន បាន​ចាញ់ Frenz United ក្នុង​លទ្ធផល ៣-២ នៅ​កីឡដ្ឋាន Janda Baik និង​បន្ត​ចាញ់ ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។  សម្រាប់​ឆ្នាំនេះ Frenz United មាន​ក្រុមយុវជន ២ ក្រុម​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី ACT ហើយ​យុវជន​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ជាមួយ​ក្រុម B របស់​ក្លឹប Frenz ដែលមាន​សុទ្ធតែ​កីឡាករ​វ័យក្មេង និង​មាន​សញ្ជាតិ​ម៉ាឡេស៊ី​ទាំងអស់​តែម្តង ហើយ​ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន​ក៏​ធ្លាប់​ប្រកួត​ជាមួយ​ពួកគេ​ដែរ​កាលពី​ឆ្នាំ២០១៣ និង២០១៤ កន្លងទៅ។

ខណៈ​ក្រុមយុវជន​របស់​ក្លឹប​ភ្នំពេញ​ក្រោ​ន​បាន​បរាជ័យ​កាលពី​ជំនួប​ជាមួយ​ក្រុម​ជប៉ុន Kashima កាលពី​សប្តាហ៍​មុន​ក្នុង​លទ្ធផល ៥-០ ក្រុម Frenz United បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម PVF ១-១ ដែល​ក្រុម​ទាំងពីរ​តែងតែ​ទទួលបាន​លទ្ធផល​យ៉ាង​ប្រ​កៀត​ប្រកិត​គ្នា។

សម្រាប់​តម្លៃ​សំបុត្រ​គឺ​ដូចគ្នា​ទៅនឹង​តម្លៃ​សំបុត្រ​នៃ​ការប្រកួត​មិត្ត​ហ្វូ​ន​ខេម​បូ​ឌា​ន​លី​ក​ដែរ (៤០០០ រៀល នៅ​កន្លែង​មាន​ដំបូល និង ២០០០ រៀល នៅ​កន្លែង​គ្មាន​ដំបូល)  ហើយ​សម្រាប់​សមាជិក​អ្នកគាំទ្រ​របស់​ក្លឹប​អាច​ចូលរួម​ទស្សនា​ដោយ​សេរី។ ការប្រកួត​ក៏​នឹងមាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV Newsផងដែរ។ ការប្រកួត​ពានរង្វាន ACT 2015 នេះ​នឹង​ដំណើរការ​រហូតដល់​ខែវិច្ឆិកា​ដោយ​នេះ​ជា​ឆ្នាំ​ទី៣ហើយ​ដែល​ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន​បាន​ចូលរួម។

យុវ​ជន​ភ្នំពេញ​ក្រោ​ន​ដែល​ដឹកនាំ​បង្វឹក​ដោយ​លោក ប៊ួ​យ ដា​រី ស្ថិតនៅក្នុង​ពូ​ល B ដែល មាន​ក្រុម Frenz United (ម៉ាឡេស៊ី) Kashima Antlers (ជប៉ុន) និង​ក្រុម PVF (វៀតណាម)។ ចំណែកឯ​ពូ​ល A វិញ​មាន​ក្រុម Chonburi (ថៃ) AIFF (ឥណ្ឌា) Frenz United A (ម៉ាឡេស៊ី/ឥណ្ឌូនេស៊ី) Felda United (ម៉ាឡេស៊ី)ហើយ​ក្រុម​ទាំងពីរ​ដែល​ឈរ​នៅ​កំពូល​តារាង​នៃ​ពូ​ល​ទាំងពីរ​នឹងមាន​សិទ្ធិ​ក្នុងការ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្តទៀត។ សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​ទាំងពីរ​ជើង​នៅ​ធ្វើឡើង​នៅ​ថ្ងៃទី១១ និង ថ្ងៃទី១៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ២០១៥ខាងមុខនេះ។

កាលវិភាគ​ប្រកួត​រប​ស់​ក្រុមយុវជន​ក្លឹប​ភ្នំពេញ​ក្រោ​ន៖
ថ្ងៃ​សុក្រ ១៤ សីហា vs Frenz United B កីឡដ្ឋាន RSN វេលា​ម៉ោង ៦ ល្ងាច
ថ្ងៃ​ពុធ ៩ កញ្ញា vs PVF @ Away ៣:៣០ រសៀល
ថ្ងៃ​ពុធ ១៦ កញ្ញា vs Frenz United B Away ៨:១៥ យប់   
ថ្ងៃ​ពុធ ១៤ តុលា vs Kashima Antlers កីឡដ្ឋាន RSN វេលា​ម៉ោង ៦ ល្ងាច
ថ្ងៃ​សុក្រ ២៣ តុលា vs PVF កីឡដ្ឋាន RSN វេលា​ម៉ោង ៦ ល្ងាច


Tag:
 Asia Champions Trophy
  U18 ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com