អន្តរជាតិ
អាមេរិក​បង្ហូតទង់ជាតិ​ជាថ្មី​ឡើងវិញ ក្នុង​ទឹកដី​គុយបា
15, Aug 2015 , 7:39 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ មាន​វត្តមាន​របស់​ប្រមុខ​ការទូត​ច​ន ឃែ​រ​រី អាមេរិក​បាន​បង្ហូតទង់​ជាតិ​ខ្លួន​ជាថ្មី នៅ​ពីមុខ​ស្ថានទូត​ខ្លួន ក្នុង​ក្រុង​ឡា​ហាវ៉ាន ប្រទេស​គុយបា តំណាង​ការភ្ជាប់​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២អោយ​ទៅរក​សភាព​ដើម​ឡើងវិញ។ ប្រទេស​អតីត​សត្រូវ​សង្គ្រាមត្រជាក់​ទាំង២ បាន​កាត់ផ្តាច់​ទំនាក់ទំនង​គ្នា តាំងពី​ឆ្នាំ១៩៦១ម្ល៉េះ ក្រោយ​មាន​បដិវត្តន៍​នៅ​គុយបា។

 
ការបើក​ស្ថានទូត​អាមេរិក​នៅ​ក្រុង​ឡា​ហាវ៉ាន នៅ​ប្រទេស​គុយបា​ឡើងវិញ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ បង្ហាញ​ការផ្សះផ្សា​រវាង​អាមេរិក​និង​គុយបា​ឡើងវិញ។
 
លោក ច​ន ឃែ​រ​រី ជា​ប្រមុខ​ការទូត​អាមេរិក​ទីមួយ ដែល​បាន​ជាន់​ជើង​ក្នុង​ទឹកដី​គុយបា គិត​តាំងពី​ឆ្នាំ១៩៤៥មក។ គួររំលឹកថា អាមេរិក​បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​គុយបា នៅ​ឆ្នាំ១៩៦១ ក្រោយពេល​ក្រុម​បដិវត្តន៍​បះបោរ​កុ​ម្មុយ​និ​ស្ត​របស់លោក​ហ្វ៊ី​ដែល កា​ស្ត្រូ ឡើងកាន់​អំណាច នៅ​ឆ្នាំ១៩៥៩មក។ តាំងពី​ពេលនោះ​មក អាមេរិក​បានដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​គុយបា។ ក្នុងទិសដៅ​ធ្វើអោយ​ទំនាក់ទំនង​ប្រទេស​ទាំង២បាន​ប្រសើរ​និង​ឈានទៅរក​សភាព​ដើម​ឡើងវិញ អាមេរិក​និង​គុយបា​បានដាក់​លក្ខខណ្ឌ​ផ្តោះ​ប្តូរ​គ្នា​ទៅវិញទៅមក។ 
 
គុយបា​ទាមទារ​អោយ​អាមេរិក​លើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច និង​ប្រគល់​ពន្ធនាគារ​ហ្កា​ន់តា​ណា​ម៉ូ មកអោយ​រដ្ឋាភិបាល​គុយបា​វិញ។ ការផ្សាយ​ព័ត៌មាន​តាម​វិទ្យុ​និង​ទូរទស្សន៍​ពី​ទឹកដី​អាមេរិក​ចូល​ទឹកដី​គុយបា ក៏ត្រូវ​បញ្ឈប់​ដែរ។ ចំណែក​អាមេរិក​វិញ ទាមទារ​អោយ​គុយបា​ធានា​អោយបាន​ប្រសើរ​ឡើងវិញ​នូវ​ការគោរព​សិទ្ធិមនុស្ស​ក្នុងស្រុក។ អាមេរិក​ក៏​ចង់អោយ​គុយបា​យល់ព្រម​អោយ​ជនភៀសខ្លួន​ដែល​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​បរទេស អាច​ត្រលប់​ចូល​គុយបា​វិញ​ផងដែរ។ លើសពីនេះ អាមេរិក​ទារ​អោយ​គុយបា​សង​ថ្លៃ​ខូចខាត​ដល់​ពលរដ្ឋ​អាមេរិក​ដែល​បាត់បង់​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​ក្រោយ​បដិវត្តន៍​គុយបា។ ក្រោយពេល​ឡើងកាន់​អំណាច ក្នុង​ឆ្នាំ១៩៥៩ លោក​ហ្វ៊ី​ដែល កា​ស្ត្រូ បានដាក់​ទ្រព្យសម្បត្តិ​ទាំងនោះ​ជា​កម្មសិទ្ធិ​ជាតិ​គុយបា។ 
 
ម្សិលមិញ ប្រមុខ​ការទូត​គុយបា លោក ប្រុយ​ណូ រ៉ូ​ឌ្រី​ហ្កេ បាន​រំលឹក​ឡើងវិញ​ពី​សារៈសំខាន់​នៃ​ការលើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច​ចំពោះ​គុយបា។ លោក​អះអាង​ប្រាប់​លោក​ឃែ​រ​រី​ថា ទោះជា​ប្រទេស​ទាំង២មិនត្រូវ​គ្នា​ទាំងស្រុង​ក្តី គុយបា​ត្រៀម​ចរចា​គ្រប់​បញ្ហា​ទាំងអស់ ក្នុងនោះ​ក៏មាន​បញ្ហា​សិទ្ធិមនុស្ស​ផងដែរ។ 
 
ម្សិលមិញ តំណាងអោយ​អាមេរិក លោក​ឃែ​រ​រី នៅ​សំដែង​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​គុយបា​នៅឡើយ។ លោក​បាន​រំលឹក​ប្រមុខ​ការទូត​គុយបា​វិញ​ដែរ​ថា រឿងលើក​លែង​ទណ្ឌ​កម្មនេះ គឺ​អាស្រ័យ​លើ​សភា​អាមេរិក​ជា​អ្នកសម្រេច។ លោក​ឃែ​រ​រី​ចង់អោយ​រដ្ឋាភិបាល​គុយបា​ចងចាំ​ថា បើ​រដ្ឋបាល​លោក​អូ​បា​ម៉ា​និង​បក្ស​ប្រជាធិបតេយ្យ​កាន់អំណាច​ពេញចិត្ត​នូវ​ការលើកលែង​ទណ្ឌកម្ម បក្សប្រឆាំង​សាធារណរដ្ឋ​ឯណោះ​វិញ ជំទាស់​ទាំងស្រុង។ បក្សប្រឆាំង​ចោទ​លោក​អូ​បា​ម៉ា​ថា​ចុះចាញ់​គុយបា​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស។ សមាជិក​បក្ស​កាន់អំណាច​មួយចំនួន​ក៏​ជំទាស់​ការលើកលែង​ទណ្ឌកម្ម​ដល់​គុយបា​ដែរ៕
 

Tag:
 អាមេរិក-គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com