អន្តរជាតិ
កូរ៉េខាងជើង​គំរាម​វាយប្រហារ​កូរ៉េខាងត្បូង និង​អាមេរិក
16, Aug 2015 , 11:49 am        
រូបភាព
ដោយ:
នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ កូរ៉េខាងជើង​បាន​គំរាម​វាយប្រហារ​កូរ៉េខាងត្បូង​ឥត​រើសមុខ បើ​ក្រុង​សេ​អ៊ូ​ល​មិន​បញ្ឈប់​ការចាក់​មេក្រូ​ឃោសនា​នៅតាម​ព្រំដែន​កូរ៉េ​ទាំង២ទេ។ ក្រុង​ព្យុងយ៉ាង​ក៏​ឆ្លៀត​គំរាម​ប្រើ​នុយក្លេអ៊ែរ​វាយប្រហារ​អាមេរិក​ផងដែរ។ ជម្លោះ​រវាង​បងប្អូន​កូរ៉េ​ទាំង២កំពុងតែ​ជួប​ភាព​តានតឹង​កាន់តែ​ធ្ងន់ ពិសេស​ជិត​ដល់​ពេលដែល​ក្រុង​សេ​អ៊ូ​ល និង​អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ រួមគ្នា នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។

 
កូរ៉េខាងជើង​ទាមទារ​អោយ​កូរ៉េខាងត្បូង​បញ្ឈប់​ការចាក់ផ្សាយ​មេក្រូ​បរិហារ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នៅតាម​ព្រំដែន​កូរ៉េ​ទាំង២ មិន​ដូច្នោះ​ទេ នឹង​វាយប្រហារ​ខ្លាំងក្លា​លើ​ក្រុង​សេ​អ៊ូ​ល។ 
 
ការចាក់​មេក្រូ​នេះ ជាការ​សងសឹក​នឹង​ការផ្ទុះ​មីន កាលពី​ថ្ងៃ៤សីហា នៅតាម​តំបន់​គ្មាន​អាវុធ​យោធា​រវាង​ប្រទេស​ទាំង២ ។ ការផ្ទុះ​មីន​នេះ​បាន​បង្ក​របួស​ដល់​ទាហាន​កូរ៉េខាងត្បូង២នាក់។ ក្រុង​សេ​អ៊ូ​ល​បាន​ទំលាក់កំហុស​លើ​ក្រុង​ព្យុងយ៉ាង និង​គំរាម​សងសឹក​វិញ។ ប៉ុន្តែ ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​ដាច់អហង្កា ថា​ខ្លួន​មិនបាន​បំផ្ទុះ​មីន  ដូច​ការចោទប្រកាន់​នេះ​ទេ។
 
សមយុទ្ធ​យោធា​រួមគ្នា ប្រចាំឆ្នាំ រវាង​អាមេរិក​និង​កូរ៉េខាងត្បូង ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែក រឹតតែ​បង្កើន​កំហឹង​កូរ៉េខាងជើង​ថែមទៀត។ សមយុទ្ធ​នេះ​នឹងមាន​វត្តមាន​ទាហាន​ជាង១សែន​នាក់ ជា​សមយុទ្ធ​ដែល​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​វ៉ាស៊ីនតោន ហាត់​សម ករណី​មានការ​ឈ្លានពាន​ពី​ក្រុង​ព្យុងយ៉ាង។ ក្រុង​ព្យុងយ៉ាង​បាន​ឆ្លៀត​គំរាម​អាមេរិក នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​អាមេរិក បើ​សមយុទ្ធ​យោធា​នេះ​ប្រព្រឹត្តទៅ​ដូច​ការគ្រោងទុក៕ 
 

Tag:
 កូរ៉េខាងជើង
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com