ជាតិ
លោក ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​​លើ​អ្នក​បន្ដ​ចោទ​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ
21, Aug 2015 , 12:03 pm        
រូបភាព
នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​បុគ្គល​ទាំងអស់ ដែល​នៅតែ​បន្ត​ចោទប្រកាន់​រដ្ឋាភិបាល ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។ការព្រមាន​របស់លោក ហ៊ុន សែន ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព និង​ក្រោយ​ពេលដែល​លោក បាន​ផ្ញើ​សារ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដោយ​អំពាវនាវ​កុំ​ឲ្យ​មានការ​ចោទប្រកាន់ថារ​ដ្ឋា​ភិ​បាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ទៀត។


 
ការចេញ​បញ្ជា​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នេះ​ត្រូវបាន​ស្រង់​សំដី​ដោយ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ខ្លួន​ថា ក្នុង​កិច្ចពង្រឹង​នីតិរដ្ឋ និង​សណ្តាប់ធ្នាប់​សង្គម​ជាមួយនិង​កាតព្វកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងន័យ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នោះ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវការពារ​នីត្យានុកូលភាព ធានា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ ។
 
អ្នកនាំពាក្យ​រូបនេះ​សរសេរ​ទៀតថា ៖«សម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់ រាល់​រូបភាព​ទាំងអស់​ដែលជា​សមត្ថកិច្ច និង​អំណាច​រដ្ឋ​គ្រប់​ទីកន្លែង ដល់​រាល់​បុគ្គល ក្រុម ឬ​អង្គការ​ណាមួយ ដែល​នៅតែ​បន្តសកម្មភាព រូបភាព និង​ទិដ្ឋភាព បំពុល​ក្នុងការ​លើកឡើងថា រាជរដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ដែល​ទង្វើ​នេះ​បាន​ចាត់ទុកថា​ជាការ​ញុះញង់ ប៉ះពាល់​ដល់​ដែន​សមត្ថកិច្ច​នីត្យានុកូលភាព សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ ដែល​បណ្តាល​ឲ្យ​សាធារណៈជន​យល់ច្រឡំ អំពី​បញ្ហា​ព្រំដែន ដែល​ត្រូវបាន​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ដោយ អង្គការសហប្រជាជាតិ (អ.ស.ប) ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​រួចមកហើយ»។
 
គួរ​បញ្ជាក់ថា ការព្រមាន​ចាត់វិធានការ​របស់លោក​រដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ​ធ្វើឡើង​ក្រោយពី​ផែនទី​ផែនទី​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់ និង​ផែនទី​ដែល​ទើបនឹង​ទទួលបាន​ពី​មន្ត្រី​អង្គការសហប្រជាជាតិ មាន​លក្ខណៈ​ដូចគ្នា​នឹង​ផែនទី​រដ្ឋាភិបាល​ចំនួន ១៨ផ្ទាំង ខណៈដែល​រដ្ឋាភិបាល​មាន​ផែនទី​ប្រើប្រាស់​ចំនួន២៦ផ្ទាំង។ 
 
កន្លងមក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន និង​លោក រៀល ខេ​ម​រិ​ន្ទ្រ ដែល​តែងតែ​ចេញមុខ​ឈឺឆ្អាល​បញ្ហា​ព្រំដែន​នោះ តែងតែ​ចោទ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនដែល​ចោទប្រកាន់​រដ្ឋា​ភិ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ទេ ហើយ​ការចោទប្រកាន់​នោះ​គឺជា​រឿង​បុគ្គល​ប៉ុណ្ណោះ។
 
កាលពី​ថ្ងៃទី១៦ សីហា លោក ហុង សុខ​ហួរ ត្រូវបាន​បញ្ជូនទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ថ្ងៃ​កំណត់​សវនាការ ក្រោយពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លើ​បទចោទប្រកាន់​ចំនួន៣ គឺ​បទ​ក្លែង និង​ប្រើ ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​អសន្តិសុខ ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​កម្ពុជា​និង​វៀតណាម​នៅ​ឆ្នាំ១៩៧៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com