អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចុងក្រោយកូរ៉េទាំងពីរ​ព្រមពិភាក្សាគ្នា​ដើម្បីបញ្ចៀសសង្គ្រាម
22, Aug 2015 , 1:55 pm        
រូបភាព
 កូរ៉េខាងជើង​បានប្រកាស​ទ​ទួល​សំណើរ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយ​ព្រម​ត្រលប់​ទៅកាន់​តុ​ពិភាក្សាគ្នា​លើ​បញ្ហា​ព្រំដែន។ ភាគី​ទាំងពីរ​អះអាងថា​ការពិភាក្សាគ្នា​នេះ​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​និង​បញ្ចៀស​សង្គ្រាម​ដែល​អាច​កើតមានឡើង​ពេលខាងមុខ​ផង។ កិច្ចប្រជុំ​នឹងត្រូវ​រៀបចំឡើង​នៅ​ម៉ោង៦ល្ងាច​ថ្ងៃ​សៅរ៍​នេះ នៅ​ភូមិ Panmunjom ជាប់​បន្ទាត់​ព្រំដែន​ប្រទេស​ទាំងពីរ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonghap។ 


 
ចុងក្រោយ​កូរ៉េខាងត្បូង​និង​ខាងជើង​ត្រូវ​ដឹក​ដៃ​គ្នា​ត្រលប់​ចូល​តុ​ចរចា​វិញ​ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​ព្រំដែន​ដែល​កំពុង​តានតឹង​ខ្លាំង​និង​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​ទៅហើយនោះ។ មន្ត្រី​ក្រុង​សេ​អ៊ូ​ល​បានបញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​បានសម្រេច​ទទួលយក​សំណើសុំ​ពិភាក្សា​ដែល​ដាក់ចេញ​ដោយ​កូរ៉េខាងត្បូង ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនពេល​ម៉ោង​កំណត់​វាយប្រហារ។ បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​ក្រុង​សេ​អ៊ូ​ល​បម្រើ​ការងារ​នៅ​វិមាន​ប្រធាន​ធិបតី កិច្ចពិភាក្សា​គ្នា​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ភូមិ Panmunjom នៅជាប់​ព្រំដែន ហើយ​កិច្ចពិភាក្សា​នេះ​នឹងមាន​វត្តមាន​មន្ត្រី​តំណាង​ភាគី​ទាំងពីរ​ផង។
 
បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​ក្រុង​សេ​អ៊ូ​ល​បម្រើ​ការងារ​នៅ​វិមាន​ប្រធាន​ធិបតី កិច្ចពិភាក្សា​គ្នា​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ភូមិ Panmunjom នៅជាប់​ព្រំដែន ហើយ​កិច្ចពិភាក្សា​នេះ​នឹងមាន​វត្តមាន​មន្ត្រីជាន់ខ្ពស់​តំណាង​ភាគី​ទាំងពីរ​ផង។ តំណាង​ភាគី​កូរ៉េខាងត្បូង​មានដូចជា ទីប្រឹក្សា​សន្តិសុខ​ជាតិ Kim Kwan-jin និង​រដ្ឋមន្ត្រី​រួបរួម​ជាតិ​កូរ៉េ Hong Yong-pyo ខណៈដែល​តំណាង​ក្រុង​ព្យុងយ៉ាង​មានដូចជា នាយក​នៃ​នាយកដ្ឋាន​កិច្ចការ​នយោបាយ​ទូទៅ​កូរ៉េខាងជើង Hwang Pyong-so  និង មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងត្បូង Kim Yang-gon ។
 
ទោះជា​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​មាន​ច្រើន​ឬ​តិច​ក៏ដោយ​ក្តី វា​នៅតែ​ជា​សញ្ញា​វិជ្ជមាន​ដែល​ភាគី​ព្រម​ជជែក​ពិភាក្សា​រឿង​បញ្ហា​ព្រំដែន​នេះ ព្រោះ​វា​អាច​បន្ថយកម្តៅ និង​បញ្ចៀស​សង្គ្រាម​ដែល​អាច​បំផ្លាញ​អាយុជីវិត​ប្រជាជន​ប្រទេស​ទាំងពីរ។ គេ​រំពឹងថា ការដក​ឧបករណ៍​ឃោសនា​នៅតាម​បន្ទាត់​ព្រំដែន​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ល្ងាច​នេះ​ផង។
 
ការសម្រេច​ចូល​ពិភាក្សាគ្នា​នេះ​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ឱសានវាទ​ដែល​កូរ៉េខាងត្បូង​បានកំណត់​សម្រាប់​កូរ៉េខាងត្បូង​ដក​ឧបករណ៍​ឃោសនា​និង​ម៉ោង​ដែល​កូរ៉េខាងជើង​គំរាម​វាយប្រហារ​កូរ៉េខាងត្បូង​ផង។ ដើមឡើយ​គេ​ភ័យខ្លាច​ថា ភាគី​ទាំងពីរ​អាច​នឹងធ្វើ​សង្គ្រាម​មែនទែន ព្រោះ​ភាព​តានតឹង​កើន​កាន់តែខ្លាំង​ឡើង ហើយ​ភាគី​ទាំងពីរ​សុទ្ធតែ​ចេញ​បញ្ជា​ឲ្យ​ទ័ព​ត្រៀមខ្លួន​សម្រាប់ធ្វើ​សង្គ្រាម​រួចជាស្រេច​ដែរ។  
 

Tag:
 កូរ៉េខាងជើង
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com