ពីនេះ ពីនោះ
ខុង ជឺ៖ អ្នកដឹកនាំ​គួរប្រើ​មន្ត្រី​ដោយ​សមរម្យ ហើយ​មន្ត្រី​គួរ​បម្រើ​អ្នកគ្រប់គ្រង​ដោយស្មោះ​ត្រង់
16, Nov 2016 , 8:42 am        
រូបភាព
ដោយ:
ខុង ជឺ មានប្រសាសន៍ថា « អ្នកគ្រប់គ្រង​គួរតែ​ប្រើ​មន្ត្រី​របស់ខ្លួន​ដោយយោង​ទៅតាម​គោលការណ៍​នៃ​ភាពសមរម្យ ត្រឹមត្រូវ ហើយ​មន្ត្រី​គួរតែ​បម្រើ​អ្នកគ្រប់គ្រង​ខ្លួន​ដោយ​សេចក្ដី​ស្មោះត្រង់»។ តើ​ឃ្លា​មួយ​នេះ​លោក​ចង​មានន័យ​យ៉ាងដូចម្ដេច? តើ​អ្វី​ជា​គោលបំណង​របស់លោក ខុង ជឺ ចំពោះ​ទស្សនៈ​មួយ​នេះ?

 
ខុង​ជឺ គឺជា​ទស្សនវិទូ​ដ៏​ល្បី​នៅក្នុង​ប្រវត្តិសាស្ត្រ​ចិន លោក​ពិតជា​មានគំនិត​ទូលំទូលាយ​ណាស់​ផ្នែក​គំនិត ព្រោះ​លោក​បាន​បង្រៀន​មនុស្ស​ទាំងឡាយ​អំពី គុណធម៌ សីលធម៌ យុត្តិធម៌ ទស្សនៈ​អប់រំ​មនុស្ស​នានា ព្រមជាមួយ​ទស្សនៈ​ស្ដីពី​ការគ្រប់គ្រង​រដ្ឋ​ជាដើម។
 
ខុង ជឺ តែងតែ​ឱ្យ​តម្លៃ​ទៅលើ​ការ​ស្គាល់​តួនាទី ស្គាល់​ភារកិច្ច ស្គាល់​មុខងារ​របស់ខ្លួន ពោលគឺ​មិនត្រូវ​លូកលាន់ ឬ​រំលោភបំពាន​ទៅលើ​ភារកិច្ច តួនាទី ឬ​មុខងារ​របស់​អ្នកដទៃ​ឡើយ នោះ​ទើប​ការគ្រប់គ្រង​ទទួលបាន​ជោគជ័យ។ ខុង ជឺ បាន​និយាយថា មូលដ្ឋាន​នាំទៅរក​ការគ្រប់គ្រង​ដ៏​ល្អ​មួយ គឺ​នៅត្រង់ថា រដ្ឋាភិបាល​ដែលជា​អ្នកដឹកនាំ​គឺ​ត្រូវតែ​ជា​អ្នកដឹកនាំ មន្ត្រី​គឺជា​មន្ត្រី ឪពុកម្ដាយ​គឺជា​ឪពុកម្តាយ កូន​ជា​កូន​ជាដើម មិនអាច​ធ្វើ​អ្វី​ឱ្យ​ផ្ទុយ​ពី​កាតព្វកិច្ច​របស់ខ្លួន ធ្វើ​អ្វី​ខុសពី​ឈ្មោះ​នោះឡើយ ព្រោះ​វា​នាំឱ្យមាន​អនាធិបតេយ្យ​តួនាទី និង​មាន​គំនាប​ទៅលើ​សិទ្ធិ​សម្រេច​ណាមួយ។ ចំណែក​នៅក្នុង​ការដឹក​នាំ​គ្រប់គ្រង​សង្គម​សំខាន់បំផុត​គឺមាន​ភាព​ស្រុះស្រួល​គ្នា ស្មោះត្រង់​ជាមួយគ្នា មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ និង​តួនាទី ហើយ​មានការ​ផ្ដល់ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​ភាពយុត្តិធម៌។ 
 
យ៉ាងណាមិញ​ចំពោះ​អ្នកគ្រប់គ្រង​ឬ​អ្នកដឹកនាំ​ស្រុកទេស​មួយ សម្រាប់ ខុង ជឺ គឺ​ចាំបាច់​បំផុត​ក្នុងការ​ប្រកាន់ខ្ជាប់​គោលការណ៍​យុត្តិធម៌ សច្ចធម៌ តម្លាភាព និង​សីលធម៌​ក្នុងការ​គ្រប់គ្រង ឬ​ការបង្គាប់បញ្ជា​ណាមួយ​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន។ ចំណែក​មន្ត្រី​ថ្នាក់ក្រោម​ក៏ត្រូវ​តែ​បំពេញការងារ​របស់ខ្លួន​ទាំង​ចិត្ត​ស្រឡាញ់​និង​ស្មោះត្រង់​ចំពោះ​ថ្នាក់ដឹកនាំ​របស់ខ្លួន មិន​ត្រូវធ្វើ​កិច្ចការ ដោយ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​ធ្វើ​ទង្វើ​ក្បត់ ទង្វើ​លាក់បាំង​របស់ខ្លួន ដែល​ឈានទៅរក​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ខុស​របស់​ថ្នាក់ដឹកនាំ ហើយ​ក្លាយជា​ហានិភ័យ​ឱ្យ​ស្ថាប័ន​ជាតិ​រលាយ ឬ​ជាតិ​ទាំងមូល​រលាយ​នោះទេ។
 
ប្រសិនបើ​យើង​ធ្វើការ​ពិចារណា​ឃ្លា​មួយ​នេះ​របស់ ខុង ជឺ យើង​ឃើញថា​ការដឹកនាំ ការគ្រប់គ្រង និង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​មន្ត្រី​ខ្មែរ​មួយចំនួនធំ​បច្ចុប្បន្ន កំពុងតែ​ដើរ​ផ្ទុយ​ពី​គំនិត​ទស្សនៈ​មួយ​នេះ​ស្ទើ​តែ​ទាំងស្រុង។ ថ្នាក់ដឹកនាំ​ប្រើប្រាស់​អំណាច​ទៅលើ​មន្ត្រី​ដើម្បី​សម្រេច​បំណង​ដែល​ខ្លួន​ចង់បាន ជាជាង​ធ្វើ​ទៅតាម​និ​តី​វិធី​ច្បាប់ ឬ​គោលការណ៍​ការងារ​រប​ស់​ស្ថាប័ន។ ចំណែក​មន្ត្រី​ថ្នាក់ក្រោម​ជា​មន្ត្រី​អែបអប ពុករលួយ បក្សពួកនិយម រាយការណ៍​នូវ​របា​យកការណ៍​ដែល​មិនបាន​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់ ខុស​ការពិត គិតតែ​ធ្វើយ៉ាងណា​ដើម្បី​រក្សា​តែ​ដំណែង​តួនាទី តែ​ប្រសិទ្ធភាព​ការងារ​ជាក់ស្ដែង​ស្ទើ​តែ​គ្មាន​ប្រសិទ្ធ​ផល។ នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ធ្វើជា​មន្ត្រី​ស្អាតស្អំ ស្មោះត្រង់ មន្ត្រី​សកម្ម​ចំពោះ​ការងារ ផ្ទុយទៅវិញ នៅ​ពី​ក្រោយខ្នង​ចង់​ស្ថាប័ន​ក្លាយជា​អ្វី គ្មាន​ការរីកចម្រើន​យ៉ាងណាក៏ដោយ​ក៏​មិន​ខ្ចី​គិត មិន​ខ្ចី​រវល់។ ចង់​ជាតិ​ជួប​បញ្ហា​អ្វី​ក៏​ជួប​ទៅ សំខាន់​កុំ​ឲ្យ​តែ​ប៉ះពាល់​ដល់​ប្រយោជន៍​ខ្លួន។ តើ​នេះ​អាច​ចាត់ទុកថា​ជា​ថ្នាក់ដឹកនាំ​ល្អ និង​មន្ត្រី​ល្អ​បាន​ដោយ​របៀប​ណា? 
 
ចង់​ដោះស្រាយ​បញ្ហា​នេះ​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​រឿង​បី​ដែល​សំខាន់៖
ទី១. ត្រូវតែ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ក្រុម​មេដឹកនាំ និង​មន្ត្រី​កាន់​ការងារ​ស្រុកទេសសំខាន់ៗ ដែល​កន្លងមក​តែងតែ​យក​ស្ថាប័នរដ្ឋ ស្ថាប័ន​ជាតិ មុខតំណែង​របស់​រដ្ឋ​មក​ធ្វើជា​ឈ្នាន់​ដើម្បី​ប្រយោជន៍​ខ្លួន បក្សពួក​ខ្លួន ឲ្យ​បែរមក​បំពេញភារកិច្ច កាតព្វកិច្ច​ក្នុងនាម​ជា​មន្ត្រី​សាធារណៈ​បម្រើ​ប្រជារាស្ត្រ។ ត្រូវ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ដោយ​របៀប​ណា? យ៉ាងហោចណាស់​គឺ​ត្រូវ​ចាប់ផ្តើម​ពី​របៀប​នៃ​ការជ្រើសរើស​មន្ត្រី​ទៅ​បម្រើ​ការងារ​ក្នុង​ស្ថាប័ន ត្រូវតែមាន​ការប្រលង​ដោយ​តម្លាភាព មិនមែន​ជ្រើស​មន្ត្រី​តាមរយៈ​ខ្សែស្រឡាយ បក្សពួកនិយម គ្រួសារនិយម​នោះទេ។
 
ទី២. ត្រូវ​កែប្រែ​ប្រព័ន្ធ​ដឹកនាំ គ្រប់គ្រង ឱ្យមាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ មន្ត្រី​កាន់​តាម​តួនាទី តាម​មុខតំណែង កុំ​នៅតែ​បន្ដ​រដ្ឋបាល​បែប​អនាធិបតេយ្យ ហើយ​មន្ត្រីនីមួយៗ ស្ថាប័ននីមួយៗត្រូវ​កំណត់ព្រំដែន​សម្រេចចិត្ត​ឲ្យ​បានច្បាស់លាស់។ 
 
ទី៣. រដ្ឋ​ត្រូវតែ​ពង្រឹង​ច្បាប់​គ្រប់គ្រង​តាម​ស្ថាប័ន​នានា រួមទាំង​ច្បាប់​រដ្ឋ ធ្វើយ៉ាងណា​ឲ្យ​ច្បាប់​មាននូវ​ឧត្ដមភាព​នៃ​ច្បាប់ ហើយ​មិនមែនជា​ច្បាប់​ដែលមាន​តែ​នៅក្នុង​ក្រដាស់​ឡើយ។ វា​ត្រូវតែ​ជា​ច្បាប់​ដែល​ទាំង​ថ្នាក់ដឹកនាំ មន្ត្រី រាស្ត្រ​ត្រូវតែ​គោរព​ដូចគ្នា។ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​ទទួលទោស​ទៅតាម​ការកំណត់​របស់​ច្បាប់។ ច្បាប់​នោះ​ទៀតសោត​ត្រូវតែ​ជា​ច្បាប់​ល្អ មិនមែនជា​ច្បាប់​ដែល​បម្រើ​ឲ្យ​ប្រយោជន៍​បុគ្គល ឬ​អ្នកនយោបាយ តែ​បម្រើ​ឲ្យ​ជាតិ​ទាំងមូល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com