ព័ត៍មានសុខភាព
សញ្ញា​ដែល​បញ្ជាក់ថា​បុរស​ខ្សោយ​អ័រម៉ូន​ភេទ
23, Aug 2015 , 8:20 pm        
រូបភាព
ដោយ: ថ្មីៗ
អ័រម៉ូន​ផ្លូវភេទ​ដ៏​សំខាន់​របស់​បុរស​គឺជា​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន។ ទោះបីជា​អ័រម៉ូន​មួយ​នេះ​មាន​ទាំង​បុរស និង​ស្ត្រី​ក៏ដោយ ក៏​វា​ត្រូវបាន​គេ​សម្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​អ័រម៉ូន​ភេទ​របស់​បុរស។ ចំពោះ​មនុស្ស​ប្រុស អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ត្រូវបាន​ផលិត​ចេញពី​ពងស្វាស និង​មាន​នាទី​ទាក់ទង​នឹង​ការលូតលាស់​លិង្គ, ពងស្វាស, រោម និង​ភាព​ពេញវ័យ​របស់​មនុស្ស​ប្រុស។ ជាមួយគ្នានេះដែរ វា​ក៏​ទទួលខុសត្រូវ​លើ​មុខងារ​ផ្លូវភេទ​ដែរ​ដូចជា ការផលិត​មេជី​វិត​ឈ្មោល, ចំណង់​ផ្លូវភេទ, ការឡើង​រឹង​របស់​លិង្គ។ល។

 
ប៉ុន្តែ នៅពេល​មនុស្ស​ប្រុស​អាយុ​កាន់តែច្រើន ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​នឹង​ចាប់ផ្តើម​ថយចុះ និង​ធ្វើអោយមាន​ការផ្លាស់ប្តូរ​ជាច្រើន​ទាំង​សុខភាព​ផ្លូវកាយ និង​ចិត្ត។ ដូច្នេះ​តើ​មាន​សញ្ញា​ប្រកាសអាសន្ន​អ្វីខ្លះ​ដែល​បញ្ជាក់ថា​បុរស​ម្នាក់​ខ្សោយ​អ័រម៉ូន​ភេទ?
 
ខ្សោយ​ចំណង់​ផ្លូវភេទ
អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដើរតួនាទី​យ៉ាងសំខាន់​ចំពោះ​ចំណង់​ផ្លូវ​ភេទបុរស។ ការថយចុះ​របស់​វា​នឹងធ្វើ​អោយចំ​ណង់​ផ្លូវភេទ​ថយចុះ។ ខណៈពេល​បុរស​វ័យ​កាន់តែច្រើន ចំណង់​ផ្លូវភេទ​កាន់តែ​ថយ​ជា​រឿង​ធម្មតា​នោះ ការបាត់បង់​ចំណាប់អារម្មណ៍​ខាង​ផ្លូវភេទ​ខ្លាំងក្លា​នឹង​ក្លាយទៅជា​សញ្ញា​មួយ​នឹង​ការថយចុះ​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន។
 
ងាប់​លិង្គ
នៅពេល​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ភ្ញោ​ច​អោយមាន​ចំណង់​ផ្លូវភេទ វា​ក៏​ទៅ​ភ្ញោ​ច​ជា​ប្រយោល​បន្ថែម​អោយមាន​ការឡើង​រឹង​របស់​លិង្គ​ទៀត។ នេះ​ជា​លទ្ធផល​នៃ​ការ​ភ្ញោ​ច​ដល់​កន្លែង​ទទួល​រំញោច​នៅ​ខួរក្បាល​ដែល​ទៅ​ផលិត​ជា​មូ​លេ​គុល Nitric Oxide ដែ​ធ្វើអោយ​លិង្គ​រឹង​បាន។ ដូច្នេះ ចូរ​សង្កេតមើល​ភាព​ខ្សោយ​នៃ​ការឡើង​រឹង​របស់​លិង្គ​ផង ព្រោះ​វា​ជា​សញ្ញា​នៃ​ការថយចុះ​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន។
 
ទឹកកាម​តិច
អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក៏មាន​ឥទ្ធិពល​ទៅលើ​ការផលិត​ទឹកកាម​របស់​បុរស​ដែរ។ កាលណា​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​កាន់តែច្រើន ការផលិត​ទឹកកាម​ក៏​កាន់តែច្រើន​ដែរ។ ដូច្នេះ បើសិនជា​អ្នក​សម្គាល់​ឃើញថា​រាល់​ការបាញ់​ទឹកកាមម្តងៗ មាន​ចំនួន​តិច​នោះ ចូរ​ប្រុងប្រយ័ត្ន​ផង។
 
ពងស្វាស​ស្វិត
អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​តិច​អាចមាន​ផលវិបាក​ដល់​មុខងារ​ផ្លូវភេទ​របស់​បុរស​បាន ព្រោះ​វា​ប៉ះពាល់​ដល់​ពងស្វាស និង​ធ្វើ​អោយទៅជា​ស្វិត និង​ទន់​បាន។
 
អស់កម្លាំង
ការ​អស់កម្លាំង​ក៏មាន​ទំនាក់ទំនង​នឹង​ការថយចុះ​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែរ។ រឿងនេះ​នឹងធ្វើ​អោយ​បុរស​មាន​អារម្មណ៍​ថា​អស់​នឿយហត់ និង​អស់កម្លាំង​ក្រោយពី​ដេក​បាន​គ្រប់គ្រាន់​ហើយក៏​ដោយ។ វា​ក៏​នឹង​រំខាន​ដល់​សកម្មភាព​ប្រចាំថ្ងៃ​របស់គាត់​ដែរ។
 
ជ្រុះ​សក់
អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជំនួយ​មួយ​សម្រាប់​ការបណ្តុះ​រោម​លើ​រាងកាយ​នៅពេល​ឈានដល់​ពេញវ័យ។ ដូច្នេះ នៅពេល​បុរស​អាយុ​កាន់តែច្រើន ពួកគេ​នឹង​ចាប់ផ្តើម​ជ្រុះ​សក់​ទាល់តែ​អស់​ព្រោះតែ​ការផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយចុះ។ ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​មនុស្សម្នា​ក់ស​ម្គា​ល់​ឃើញថា​មានការ​ផ្លាស់ប្តូរ​អ្វី​ទៅលើ​ការ​ជ្រុះ​ពុកមាត់ ឬ​រោម​លើ​រាងកាយ វា​អាចជា​សញ្ញា​មួយ​នៃ​ការថយចុះ​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ហើយ។
 
ពិបាក​ដេក
អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ទាប​ជាមួយនឹង​ការ​អស់កម្លាំង​នឹង​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​ដេក និង​ធ្វើអោយ​ដេក​មិន​លក់​ទៀតផង។ ការ​ដេក​មិនបាន​គ្រប់គ្រាន់​ក៏​បណ្តាលអោយ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប​ដែរ។
 
ការរំខាន​ខាង​ផ្លូវ​អារម្មណ៍
ក្រៅពី​ការប្រែប្រួល​ខាង​ផ្លូវកាយ ការចុះ​ទាប​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​បុរស​ដែរ​ដូចជា ការបាក់​ទឹកចិត្ត និង​កើត​ទុក​ជាមួយនឹង​បញ្ហាផ្សេងៗដូចជា​មិន​សប្បាយ​ចិត្តនឹង​ខ្លួនឯង និង​ពិបាក​ផ្ចង់អារម្មណ៍៕
 

© រក្សាសិទ្ធិដោយ thmeythmey.com