ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ សិស្ស​ម្នាក់​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្ត និង​មិនអាច​ចូល​ប្រឡង​ពីរ​ឆ្នាំ​
24, Aug 2015 , 3:13 pm        
រូបភាព
លោក រស់ សាលីន នៅខាងស្តាំ
លោក រស់ សាលីន នៅខាងស្តាំ
ដោយ: ថ្មីៗ
ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សា​លីន បាន​និយាយថា បេក្ខជន​ម្នាក់​ត្រូវ​ធ្លា​ក់ដោយ​ស្វ័យប្រវត្ត និង​មិនអាច​ចូល​ប្រឡង​បាក់​ឌុប​រយៈពេល​ពីរ​ឆ្នាំជាប់គ្នា ដោយសារ​បេក្ខជន​រូបនេះ អនុញ្ញាត​ឲ្យ​អ្នកដទៃ​បន្លំ​ប្រឡង​ជំនួស ក្នុង​មណ្ឌល​វិទ្យាល័យ​វត្ត​កោះ នៅ​ថ្ងៃទី២៤ សីហា​នេះ។ រីឯ​អ្នក​ប្រឡង​ជំនួស​បេក្ខជន​វិញ អ្នកនាំពាក្យថា ក្រសួង​អប់រំ​សហការជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​កងរាជអាវុធហត្ថ​កំពុងធ្វើការ​តាម​នីតិវិធី។



«អ្នក​ប្រឡង​ជំនួស​បេក្ខជន​នៅ​មណ្ឌល​វិទ្យាល័យ​វត្ត​កោះ ខាងជើង នៅ​ព្រឹក​មិញ ត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់។ ក្រសួង​បាន​បញ្ជូន​ករណីនេះ ទៅ​សមត្ថកិច្ច​រួចហើយ។ អ្នក​ត្រូវគេ​ប្រឡង​ជំនួស​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្ត និង​មិនអាច​ចូល​ប្រឡង​រយៈពេល​ពីរ​ឆ្នាំបន្ទាប់»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់លោក រស់ សា​លីន។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសលោក អេង ហ៊ី ពុំទាន់អាច​ពន្យល់​ករណី​នេះ ប្រាប់​សារព័ត៌មានថ្មីៗបានទេ ដោយសារ​លោក​កំពុង​បំពេញបេសកកម្ម​ការងា​រ នៅ​ថ្ងៃ​ទី២៤នេះ។

នៅ​ព្រឹក​ថ្ងៃទី២៤ នេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ បញ្ជូនទៅ​អង្គភាពប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​យុវជន​រូបនោះ ចូលទៅ​ប្រឡង​ជំនួស​បេក្ខជន​នៅក្នុង​មណ្ឌលប្រឡង​វិទ្យាល័យ​វត្ត​កោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com