ជាតិ
ទូរទស្សន៍​ព្រះអាទិត្យ៖ CNRP ប្រមូល​វិភាគទាន​បាន​ជិត៥០ម៉ឺន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី២៥ សីហា
25, Aug 2015 , 10:38 am        
រូបភាព
គិត​ត្រឹម​ថ្ងៃទី២៥ សីហា គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​វិភាគទាន និង​ទុនវិនិយោគ​ពី​សប្បុរសជន​ជិត ៥០ម៉ឺន ដុល្លារ​អាមេរិក​ហើយ សម្រាប់​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ ក្រោយពី​គណបក្ស​ចាប់ផ្ដើម​ប្រមូល តាំងពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥មក។


 
ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​អង្គារ​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ចំនួន​ទឹកប្រាក់​ជិត៥០ម៉ឺន​ដុល្លារ​នេះ បានទទួល​ពី​ប្រជាពលរដ្ឋ​ដែល​ចូលរួម​វិភាគទាន និង​វិនិយោគ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​គាំទ្រ​ដល់​គម្រោង​ទូរទស្សន៍​សង្គ្រោះ​ជាតិ។
 
បើតាម​គម្រោង​បង្កើត​ទូរ​ទ្ស​សន៍​ព្រះអាទិត្យ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវការ​ប្រមូល​វិភាគទាន និង​ទុនវិនិយោគ​ចំនួន ៣លាន​ដុល្លារ ដើម្បី​សម្រេច​គោលដៅ​ដែល​បានកំណត់​ថា​បុ​ស្តិ៍​ទូរទស្សន៍​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ចុងឆ្នាំ២០១។
 
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ នឹង​ផ្តល់ព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ បង្ហាញ​ពី​តថភាព​ពិត​របស់​សង្គម ផ្តល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ និង​បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ  មិនមែន​បង្កើតឡើង​ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​នោះទេ ដោយ​លោក សម រង្ស៊ី ហ៊ាន​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ គឺជា​ទូរទស្សន៍​ដែល​និយាយ​ការពិត ឥត​លម្អៀង៕
 

Tag:
 CNRP
  ទូរទស្សន៍​ព្រះអាទិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com