ជាតិ
លោក ហ៊ុន សែន ថា លោក សម រង្ស៊ី កេងចំណេញ​នយោបាយ​សូម្បីតែ​ហូបបាយ​ជួបជុំ​គ្រួសារ
26, Aug 2015 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទ​លោក សម រង្ស៊ី ថា បាន​ប្រព្រឹត្តអំពើ​ទុច្ចរិត កេងចំណេញ​នយោបាយ សូម្បីតែ​នៅពេល​ហូបបាយ​ជួបជុំ​គ្រួសារ​ជាមួយគ្នា។ លោក ហ៊ុន សែន បញ្ជាក់ថា លោក សម រង្ស៊ី បាន​បំបាក់មុខ​លោក ដោយបាន​ផ្ដល់​បទសម្ភាសន៍​ដល់​កាសែត​បារាំង មួយ​ថា «លោក ហ៊ុន សែន ដូចជា​ដឹងខ្លួន​បានជា​ខិតខំ​ឲ្យ​កូន​គាត់​ស្គាល់​កូន​ខ្ញុំ» ដែលជា​ពាក្យសម្ដី​មួយ មិនអាច​ទទួលយកបាន។ ប្រមុខ​រដ្ឋាភិបាល អះអាងថា រូបលោក​ផ្ទាល់​មិនដែល​សុំ​ថតរូប​ជាមួយ​ប្រធានាធិបតី​ប្រទេស​ណាមួយ​ឡើយ ព្រោះ​លោក​មាន​សេចក្ដីថ្លៃថ្នូ​រណាស់។


 
ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ​ធ្វើឡើង នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​វិមាន​សន្ដិភាព។
 
សូម​ស្ដាប់​សំឡេង៖


 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ កក្កដាកន្លងមក គ្រួសារលោក ហ៊ុន សែន និងគ្រួសារលោក សម រង្ស៊ី បានជួបជុំពិសារអាហារពេលល្ងាច នាសណ្ឋាគារកាំបូឌីយ៉ាណា។នៅក្នុង​ពិធី​ពិសា​អាហារ​ជុំគ្នា​នេះ ខាង​គ្រួសារ លោក ហ៊ុន សែន មាន​វត្តមាន​អ្នកស្រី ប៊ុនរ៉ានី ហ៊ុន សែន និង​កូនបង្កើត រួម​នឹង​កូនប្រសារ ៥ នាក់។ រីឯ​ខាង​គ្រួសារ​លោក សម រង្ស៊ី មាន​វត្តមាន​អ្នកស្រី ជូ​ឡុង សូ​មូរ៉ា និង​កូន ៣ នាក់ ក្នុងនោះ​មានកូន​ប្រសារ​ផងដែរ។
 
នៅពេលនោះ លោក ហ៊ុន សែន បាន​និយាយថា មូលហេតុ​សំខាន់​ដែល​លោក​ចង់​ពិសា​អាហារ​ជុំគ្នា​ជាមួយ​គ្រួសារ​លោក សម រង្ស៊ី គឺ​ចង់​ឲ្យ​កូនចៅ​លោក និង​លោក សម រង្ស៊ី ប្រកាន់យក​វប្បធម៌​សន្ទនា​គ្នា​បន្ត​ពី​រូបលោក៕
 

Tag:
 ហ៊ុន សែន
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com