ជាតិ
សហគមន៍ និង​NGO៖ ក្រុមហ៊ុន​វិនិយោគ​កំពុង​កាប់បំផ្លាញ​ព្រៃឈើ អាជីវកម្ម​រក​រ៉ែ
26, Aug 2015 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ តំណាង NGO និង​ប្រជា​សហគមន៍​មាន​ក្តីបារម្ភ​ជាខ្លាំង ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម ពិសេស​គឺ​ដំណាំ​កៅស៊ូ នៅក្នុង​ខេត្តរតនគិរី និង​ស្ទឹងត្រែង។ ពួកគេ​ស្រាវជ្រាវ​ឃើញថា ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​គម្រប​ព្រៃឈើ​រាប់ម៉ឺន​ហិកតា។


 
ក្រុមហ៊ុន​វិនិយោគ​ចំនួន ៣៤ ដែល​ទទួលបាន​ដី​សម្បទាន សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល បាននិងកំពុង​ប្រតិបត្តិការ​កាប់បំផ្លាញ​ព្រៃឈើ​លើ​ផ្ទៃដី​ទំហំ​ជាង ២៣២,១៦៨ហិកតា ដោយឡែក ក្រុមហ៊ុន ១១ទៀត កំពុង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ លើ​ផ្ទៃដី ៥៨៨,៧៣២ ហិកតា នៅក្នុង​ខេត្ត​រតនគីរី។នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​ស្តីពី​ការកាប់​ឈើ​ព្រៃ​រដ្ឋ​ជា​ប្រព័ន្ធ​នៅ​តំបន់​ការពារ​នៅ​ខេត្ត រតនគីរី និង​ខេត្តស្ទឹងត្រែង វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី២៦នេះ។
 
តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុមការងារ NGO Forum ក្នុង​ឆ្នាំ២០១៤ ក្រុមហ៊ុន​វិនិយោគ​បាន និង​កំពុង​កាប់​ឈើ​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អ​ភរ​ក្ស​នានា រួមមាន តំបន់​ឧទ្យាន ជាតិ​វីរៈ​ជ័យ ដែនជម្រកសត្វព្រៃ​លំផាត់ តំបន់​អភិរក្ស​វ៉ឺ​ន​សៃ និង​តំបន់​ការពារ​សហគមន៍ អូរ​ចាយ អូរ​ទុង អូរ​តា​បូក ។ល។ NGO Forum បានបង្ហាញ​ផលប៉ះពាល់​ពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ថា ក្រុមហ៊ុន​វិនិយោគ បាន និង​កំពុង​បំផ្លាញ​ជំរក​សត្វព្រៃ ធនធានធម្មជាតិ​រប​ស់​កម្ពុជា ព្រមទាំង ព្រៃ​អារក្ស ព្រៃ​ទី​ស្មសាន ព្រៃ​ដូនតា ដែលជា​តំបន់​វប្បធម៌​ប្រពៃណី​ទំនៀម​ទំលាប់​ជនជាតិ ភាគតិច ក្នុង​ខេត្ត​រតនគីរី និង​ខេត្តស្ទឹងត្រែង។
 
ទាក់ទិន​នឹង​លទ្ធផល​របាយការណ៍​នេះ លោក ស្រ៊ុន ដា​រឹទ្ធិ ទីប្រឹក្សា​ក្រសួងបរិស្ថាន បាន​ថ្លែង ការពារ​គោលនយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​ថា រដ្ឋាភិបាល​ពុំ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ខុសច្បាប់​នោះទេ។ លោក​ថា៖«ក្រុមហ៊ុន​ទាំងអស់ មានច្បាប់​អនុញ្ញាត​វិនិយោគ​ដំណាំ​ដុះ​ដំណាំ​កៅស៊ូ​រាប់ម៉ឺន​ហិកតា ក្នុង​តំបន់​អភិវឌ្ឍ​លើ​ទំហំ ផ្ទៃដី​ត្រឹមត្រូវ។ ក្រុមហ៊ុន​នឹង​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់ ប្រសិនបើ​ប្រព្រឹត្ត​ផ្ទុយ​ពី គោលការណ៍​របស់​រាជ​រដ្ឋាភិបាល»។
 
ជាមួយគ្នានេះ លោក តឹក សុវណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា NGO Forum បានស្នើ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ពង្រឹង​ច្បាប់​គ្រប់គ្រង​ធនធានធម្មជាតិ និង​ព្រៃឈើ​ក្នុង​ខេត្ត​រតនគីរី និង​ស្ទឹងត្រែង ពិសេស​គឺ តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ។ លោក​និយាយថា រដ្ឋាភិបាល​គួរ​ចាត់ វិធានការ​ជាបន្ទាន់ ដើម្បី​ការពារ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តាមរយៈ​ការអនុវត្តន៍​ច្បាប់ ព្រមទាំង ជម្រុញ​ការងារ​ល្បាត​រួមគ្នា រវាង​ក្រុម​ល្បាត​របស់​ឧទ្យាន​ជាតិ និង​ប្រជា​សហគមន៍​ក្នុង​តំបន់។
 
តំណាង​ប្រជា​សហគមន៍​ព្រៃឈើ​មកពី​ខេត្តស្ទឹងត្រែង លោកស្រី សេក ម៉ុ​ន បាន​អះអាងថា ក្រុមហ៊ុន​វិនិយោគ​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល មិនបាន​ជួយ​អភិវឌ្ឍ សហគមន៍​ពួកគាត់​នោះទេ។ លោកស្រី​ថា៖«ក្រុមហ៊ុន​បាន​ចូល​កាប់បំផ្លាញ​ព្រៃ​អារក្ស ព្រៃ​ដូនតា​យើង។ យើង​រស់នៅ​ពឹង​អាស្រ័យ​លើ​ព្រៃភ្នំ​ធម្មជាតិ ប្រសិន​ក្រុមហ៊ុន​ចូល​កាប់​ព្រៃ​អស់ តើ​យើង​រស់​នៅបាន​ដោយ​របៀប​ណា»?
 

Tag:
 NGO
© រក្សាសិទ្ធិដោយ thmeythmey.com