ជាតិ
បាក់​ឌុប៖ គ្រូបង្រៀន​ប្តឹង​នាយក​វិទ្យាល័យ​ថ្មគោល​ពីបទ​ស៊ីសំណូក​សិស្ស​ធ្លាក់​ពិន្ទុ​ឆមាស
26, Aug 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ គ្រូបង្រៀន និង​បុគ្គលិក​សិក្សា​បម្រើ​ការងារ​នៅ​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង បាន​ប្តឹង​លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ នាយក​វិទ្យាល័យ​ថ្មគោល​ពីបទ​ជំរិត​ទារប្រាក់​ពី​សិស្ស​ធ្លាក់​ពិន្ទុឆមាស​ជា​ថ្នូរ​នឹង​បេក្ខភាព​ចូល​ប្រឡង​បាក់​ឌុប ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ តែយ៉ាងណា លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ ឆ្លើយ​បដិសេធថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​ពាក្យបណ្តឹងនោះទេ។

 
តំណាង​ដើមបណ្តឹង​លោកគ្រូ ទោ លឿន និយាយថា លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ បានទទួល សំណូក​ថវិកា​ពី ៦ម៉ឺន​ទៅ ១៤ម៉ឺន​រៀល​ពី​សិស្ស​ថ្នាក់​ទី១២ ចំនួន ១៩នាក់ ដែល​ធ្លាក់​មធ្យមភាគប្រចាំឆមាស ជា​ថ្នូរ​នឹង​ការដាក់​ឲ្យ​មានឈ្មោះ​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៥។ គ្រូបង្រៀនមុខវិជ្ជា​សេដ្ឋកិច្ច និង​ភាសា​អង់គ្លេស​រូបនេះ ចាត់ទុកថា ទង្វើ​នេះ​បាននិងកំពុង​ធ្វើ​ឲ្យ​ខូចគុណភាព​អប់រំ​កម្ពុជា ស្របពេល​ក្រសួង​អប់រំ​កំពុង​កែទម្រង់​ប្រព័ន្ធ​អប់រំ តាមរយៈ​ការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប។
 
«ខ្ញុំ​មិនអាច​ឈរ​មើល​ទង្វើ​អយុត្តិធម៌​នេះ​បានទេ ព្រោះនេះ​ជា​អំពើ​អយុត្តិធម៌​សម្រាប់​សិស្សព្យាយាម​ចូល​សិក្សា​រៀនសូត្រ។ ខ្ញុំ​មាន​ឯកសារ​ភស្តុតាង​គ្រប់គ្រាន់ក្នុង​ពាក្យបណ្តឹង​ទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ហេតុអ្វី​បានជា​សិស្ស​ធ្លាក់​ពិន្ទុ​ឆមាស​អាច​ចូល​ប្រឡងបាក់​ឌុប»? នេះ​ជាការ​បញ្ជាក់​របស់លោក ទោ លឿន ដែល​ងឿងឆ្ងល់​ពី​ការ​បូក​ពិន្ទុ​របស់លោក នាយក​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង។
 
ជាងនេះទៀត លោក ទោ លឿន បន្ថែមថា សិស្ស​ទី១២ ដែល​ធ្លាក់​ឆមាសផ្សេងទៀត ដែល​មិនបាន​បង់លុយ​ឲ្យ​លោកនាយក ពួកគេ​មិនមាន​ឈ្មោះ​ប្រឡង​ថ្នាក់ជាតិ​នោះទេ ដោយ លោក​លើកឡើងថា លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ ថា តាមច្បាប់​សិស្ស​ដែល​ធ្លាក់​ឆមាសមិនអាច​ចុះឈ្មោះ​ប្រឡង​ជាដាច់ខាត។
 
សិស្ស​វិទ្យាល័យ​ថ្មគោល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​អះអាង​ខ្លួន​ជាអ្នក​សូក​ផ្ទាល់និយាយថា លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ នាយក​វិទ្យាល័យ​ថ្មគោល ពិតជា​បានទទួលថវិកាពី​សិស្ស ពិតមែន ជា​ថ្នូរ​នឹង​បេក្ខភាព​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៥។ កូនសិស្ស​រូបនេះ និយាយរដិបរដុប​ថា៖«គាត់​យកលុយ​ខ្ញុំ ដោយសារ​ខ្ញុំ​ធា្ល​ក់​ពិន្ទុ​ឆមាស​ក្រោម ២៥ពិន្ទុ។ គាត់​ថា គាត់​នឹង យកលុយ​ទៅ​ទិញ​ស៊ីម៉ង់ ថ្ម ដើម្បី​រៀបចំ​ក្រាល​បេតុង​មុខ​សាលា​ប៉ុណ្ណោះ»។
 
ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ នាយក​វិទ្យាល័យ​ថ្មគោល បាន និយាយ បដិសេធថា លោក​ពុំ​បានទទួល​សំណូក​ពី​កូនសិស្ស​ណា​ម្នាក់​នោះទេ។ លោក​អះអាង យ៉ាងខ្លី​ថា៖«ខ្ញុំ​អត់​ដឹង​រឿងនេះ​ទេ។ គេ​ប្រឌិត​រឿង​ចោទ​ខ្ញុំ​ប៉ុណ្ណោះ»។
 
ខុស ឬ​ត្រូវ​យ៉ាងណា​នោះ យើង​នឹង​រង់​ចាំមើល​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ៕
 
 

Tag:
 បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com