ជាតិ
សង្គមជាតិ
បាក់​ឌុប៖ មន្ត្រី​អប់រំ​ជាង១ម៉ឺន​នាក់​ធ្វើអត្រាកំណែ​វិញ្ញាសា​ក្នុង​មណ្ឌល​ចំនួន ៩ នៅ​ភ្នំពេញ
27, Aug 2015 , 11:30 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​ថ្ងៃទី២៧ ខែសីហា​នេះ ប្រធាន​គណៈមេប្រយោគ និង​ប្រធាន​គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស បានប្រគល់​ហឹប​សន្លឹក​កិច្ចការ​បេក្ខជន​ឲ្យប្រធាន អនុប្រធាន​មណ្ឌល​កំណែ និង​គណៈកម្មការ​កំណែ​តាម​មុខវិជ្ជា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​ចាប់ផ្តើម​ដំណើរការ​កំណែវិញ្ញាសាបាក់ឌុបក្នុង​ឆ្នាំ ២០១៥។



អ្នកនាំពាក្យ​ក្រសួង​អប់រំលោក រស់ សា​លីន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា ក្រសួង​អប់រំ​បាន​ចាត់​មន្ត្រី​អប់រំ​ចំនួន ១១២០៥នាក់ សម្រាប់​ដំណើរការ​អត្រាកំណែវិញ្ញាសា​បាក់​ឌុប ចាប់ពី​ថ្ងៃទី២៧ សីហា ដល់​ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៥។

«មណ្ឌល​អត្រាកំណែ​ឆ្នាំនេះ មានចំនួន ៩មណ្ឌល​ដូច​ឆ្នាំមុន ហើយតាមបន្ទប់កំណែមណ្ឌលនីមួយៗ មានដាក់កាម៉េរ៉ាសុវត្ថិភាព និងអ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ​ចូលរួមសង្កេតការណ៍ និងឃ្លាំមើលដំណើរការកំណែ»។ នេះជាប្រសាសន៍បញ្ជាក់របស់លោក រស់ សាលីន ពីការធានាតម្លាភាព យុត្តិធម៌​​ ក្នុងដំណើរការអត្រាកំណែវិញ្ញាសាបេក្ខជន​បាក់ឌុបទូទាំងប្រទេស។​​​

អ្នក​ពាក្យ​បញ្ជាក់ថា មណ្ឌលកំណែ​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៩ ក្នុងនោះ រួមមាន ទីមួយ, មណ្ឌល​កំណែ​វិទ្យាល័យ​បាក់​ទូក សម្រាប់​មុខវិជ្ជា​គណិតវិទ្យា។ ទី​ពីរ,មណ្ឌល​កំណែ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ សម្រាប់​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ។ ទី​បី,មណ្ឌល​កំណែ​វិទ្យាល័យ​ព្រះ​យុគន្ធរ សម្រាប់​មុខវិជ្ជា​គីមីវិទ្យា។ ទី​បួន,មណ្ឌល​កំណែ​វិទ្យាល័យ​ទូល​ទំពូង សម្រាប់​មុខវិជ្ជា​ជីវវិទ្យា។ ទី​ប្រាំ,មណ្ឌល​កំណែ​វិទ្យាល័យ​វត្ត​កោះ សម្រាប់​វិជ្ជា​រូបវិទ្យា។ ទី​ប្រាំមួយ,មណ្ឌល​កំណែ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ សម្រាប់​មុខវិជ្ជា​ប្រវត្តិវិទ្យា ។ ទី​ប្រាំពីរ,មណ្ឌល​កំណែ វិទ្យាល័យ ជា ស៊ីម បឹង​កេងកង សម្រាប់​មុខវិជ្ជា​ភូមិវិទ្យា។ ទី​ប្រាំបី,មណ្ឌល​កំណែ​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សម្រាប់​មុខវិជ្ជា សីលធម៌​ពលរដ្ឋ​វិជ្ជា និង​ទី​ប្រាំបួន មណ្ឌល​កំណែ អនុវិទ្យាល័យ​ចតុមុខ សម្រាប់​មុខវិជ្ជា​ភាសាបរទេស។

បន្ទាប់ពី​អត្រាកំណែ​វិញ្ញាសា​រួច លោក រស់ សាលីន និយាយថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​នឹង​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃទី០៣ ដល់​ថ្ងៃទី១៣ ខែកញ្ញា។ ការប្រឡង​រយៈពេល ២ថ្ងៃ ស្មើនឹង ៦៣០នាទី មាន​របប​ពិន្ទុ​ប្រឡង អតិបរមា ៥០០ពិន្ទុ ប៉ុន្តែ​មុខវិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០ពិន្ទុ ដក ២៥រួច ចែក​នឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ។

ដំណើរការ​ប្រឡង​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លងទៅ បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ៨៤៩៣០ នាក់ ស្រី ៤០៩៧២នាក់ និង មណ្ឌល ប្រឡង​ចំនួន ១៥០មណ្ឌល ក្នុងនោះ វិទ្យាសាស្ត្រ​មាន ១២៦មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន ២៤មណ្ឌល ត្រូវជា ៣៤២៧ បន្ទប់​ទូទាំងប្រទេស។ បេក្ខជន​អវត្តមាន​សរុប​ចំនួន ១៥៨៩នាក់ ស្រី ៥៥២នាក់ ត្រូវជា ១,៨៧ ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប។ មុខវិជ្ជា​ប្រឡង មាន​ចំនួន ៧ ចែកចេញជា ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹងត្រូវ​ប្រកាស​នៅ​រសៀល​នៅ​ថ្ងៃទី១៥ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​បណ្តា​ខេត្ត​ទាំង ២៣ទៀត ព្រមទាំង ផ្សព្វផ្សាយ​តាម​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា www.facebook.com/ moeys.gov.kh ៕



© រក្សាសិទ្ធិដោយ thmeythmey.com