អត្ថបទពាណិជ្ជកម្ម
សហរដ្ឋអាមេរិក ៖ បុរស​ម្នាក់​រកប្រាក់​បាន ១ ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​ពី​ការសរសេរ​សា​រលើ​ដំឡូងបារាំង
27, Aug 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
យុវជន​វ័យក្មេង​រស់នៅ​រដ្ឋ Texas ម្នាក់​បាន​បង្កើត​សេវាកម្ម​ផ្ញើ​សារ​លើ​ដំឡូងបារាំង​ដែលមាន​ឈ្មោះថា Potato Parcel កាលពី​ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ ។ វា​គឺជា​គំនិត​ដ៏​ចម្លែក​មួយ តែ​វា​បាន​ហុច​ប្រាក់កម្រៃ​ចំនួន ៣ ម៉ឺន​ដុល្លារ​រួចទៅហើយ ក្រោយពី​បង្កើតបាន​បី​ខែ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ Mashable ។
 
សេវាកម្ម​នេះ​ផ្តល់ជូន​ការផ្ញើ​សារ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន និង​អនាមិក ដោយ​ការសរសេរ​ពាក្យពេចន៍​មួយចំនួន​នៅលើ​ដំឡូងបារាំង សម្រាប់​គ្រប់​ឱកាស​ទាំងអស់ មិន​ថា​ខួបកំណើត សារ​ស្នេហា សារ​ជូនពរ ឬក៏​អ្វី​ផ្សេង​នោះទេ។ Alex Craig អាយុ ២៥ ឆ្នាំ​បាន​និយាយថា៖ « ពេលនេះ មានកម្ម​វិធីទំនើបៗ និង​បច្ចេកវិទ្យាថ្មីៗជាច្រើន​ដែល​ធ្វើ​ឲ្យ​ការទំនាក់ទំនង​មាន​ការវិវត្ត​ទៅមុខ។ តែ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ការទំនាក់ទំនង​មាន​លក្ខណៈសាមញ្ញ »។
 
នៅពេលដែល Alex ប្រាប់​គំនិត​នេះ​ដល់​មិត្តស្រី នាង​បាន​និ​យា​ថា វា​គឺជា​គំនិត​ដ៏​ល្ងង់​ជាទីបំផុត​ដែល​នាង​មិន​ធ្លាប់​បានឮ។ ប៉ុន្តែ នៅពេលដែល​មិត្ត​ប្រុស​ផ្សព្វផ្សាយ​សេវាកម្ម​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម គេ​បានទទួល​ការបញ្ជាទិញ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់ ២ ពាន់​ដុល្លារ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ។ ចាប់តាំងពី​ពេលនោះ​មក សេវា​កម្មនេះ​ក៏បាន​ការទទួល​ការគាំទ្រ​កាន់តែ​ច្រើនឡើង ដោយមាន​ការបញ្ជាទិញ​ពី ៧៥០ ទៅ ១ ០០០ ក្នុងមួយខែៗ ហើយ Alex ក៏​ដាក់ចិត្ត​ប្រកប​របរ​ដោយ​ការសរសេរ​សារផ្សេងៗជាមួយនឹង​ប៊ិច​ហ្វឺត​លុប​មិន​ជ្រះ​នៅលើ​ដំឡូង។
 
គេហ​ទំ​ហ័​រ Potato Parcell ផ្តល់ជូន​នូវ​ដំឡូងបារាំង​ពីរ​ប្រភេទ​សម្រាប់​ការផ្ញើ​សារ។ ប្រភេទ​ទីមួយ​មានតម្លៃ ៧,៩៩ ដុល្លារ សម្រាប់​សារ ១០០ អក្សរ។ ប្រភេទ​ទី​ពីរ​មានតម្លៃ ៩,៩៩ ដុល្លារ​សម្រាប់​សារ ១៤០ អក្សរ។
 
ដោយ​ទទួលបាន​ជោគជ័យ​នៅក្នុង​ប្រទេស​របស់ខ្លួន Alex បាន​បើក​បណ្តាញ​សាខា​នៃ​សេវាកម្ម​របស់ខ្លួន​នៅ​បរទេស​ថែមទៀត ដូចជា​អូស្ត្រាលី កាណាដា និង​ចក្រភព​អង់គ្លេស​ជាដើម៕
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com