ជាតិ
សង្គមជាតិ
ជនជាតិ​វៀតណាម១៥នាក់​ទៀត ត្រូវបានបណ្តេញ​ចេញពី​កម្ពុជា
28, Aug 2015 , 11:54 am        
រូបភាព
រូបថត៖ ហ្វេកប៊ុកនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្តន៍នីតិវិធី
រូបថត៖ ហ្វេកប៊ុកនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្តន៍នីតិវិធី
ដោយ: ថ្មីៗ
នៅ​ព្រឹក​ថ្ងៃទី២៨ខែ សីហា​នេះ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍  បាន​បណ្តេញ​ជនជាតិ​វៀតណាម ចំនួន១៥នាក់​បន្ថែមទៀត ចេញពី​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត។



បើតាម លោក អ៊ុក ហៃ​សិឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍  ជនជាតិ​វៀតណាម​ទាំង១៥នាក់​នេះ បាន​លួច​ឆ្លងដែន​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​រាជធានី​ភ្នំពេញ ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ និង​ខេត្តកណ្តាល។

លោក អ៊ុក ហៃ​សិឡា បាន​បញ្ជាក់ថា ប្រតិបត្តិ​ការរុករក​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅតែ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ។ ក្រៅពី​ពង្រឹង​កិច្ចប្រតិបត្តិការ​ចុះ​ចាប់​ជនអន្តោប្រវេសន៍​ខុសច្បាប់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏​នឹង​ចាត់វិធានការ​ដ៏​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​លំហូរ​ចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​កម្ពុជា​ផងដែរ។ លោក អ៊ុក ហៃ​សិឡា ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជួយ​សហការ​ជាមួយ​សមត្ថកិច្ច ក្នុងការ​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍ ដែល​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។  

សូមបញ្ជាក់ថា គិត​ចាប់ពី​ខែកក្កដា​ឆ្នាំ២០១៤ រហូតមកទល់​ពេលនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រកឃើញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​បាន​ចំនួន៣,៣២១នាក់ រួមមាន៤៦សញ្ជាតិ  ក្នុងនោះ​ស្រី​ចំនួន៥០០នាក់។ ដោយឡែក​បើ​រាប់​តែ​ជនអន្តោប្រវេសន៍​វៀតណាម​មាន​ចំនួន២,៥៩២នាក់ ក្នុង​ស្រី៤៥៨នាក់៕






© រក្សាសិទ្ធិដោយ thmeythmey.com