អន្តរជាតិ
ហ្វីលីពីន​គួរ​ចាប់ដៃ​អាមេរិក​ពង្រឹង​យោធា​ប្រឆាំង​ចិន ឬ​ចាប់ដៃ​ចិន​បង្កើន​ទំហំ​ពាណិជ្ជកម្ម?
28, Aug 2015 , 6:59 pm        
រូបភាព
ដោយ:
ហ្វីលីពីន បាន​ដើរ​ដល់​ផ្លូវ​មួយ​ដែល​អាចធ្វើ​ឲ្យ​មានការ​ខាតបង់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ និង ទំនាក់ទំនង​ការទូត ប្រសិនបើ​មាន​ការសម្រេចខុស។ នោះ​គឺ រដ្ឋាភិបាល​ហ្វីលីពីន កំពុង​ប្រឈម​ក្នុងការ​សម្រេចចិត្ត  ដោយ​ស្វែងរក​ជំនួយ​យោធា​អាមេរិក ដើម្បី​ទប់ទល់​ជាមួយ​ចិន​លើ​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ ឬ ត្រូវ​ចាប់​ដៃគូ​ជាមួយ​ចិន​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍។

 
 
ទំនាក់ទំនង​អាមេរិក និង ចិន មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ពិត​ជាមាន​តួនាទី​យ៉ាងសំខាន់​ទាំង​ផ្នែក ពាណិជ្ជកម្ម និង វិស័យ​យោធា។ យ៉ាងណាមិញ ភាព​តានតឹង​ចុងក្រោយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បានធ្វើ​ឲ្យ​សមាជិក​អាស៊ាន​មួយចំនួន​ចាប់ផ្តើម​មានការ​ស្ទាក់ស្ទើ​រ​ក្នុងការ​ចាប់ដៃ​គួ​ពង្រឹង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ។ ជាក់ស្តែង​ហ្វីលីពីន កំពុងតែ​ប្រឈម​នឹងមាន​ភាពចម្រូងចម្រាស់​លើ​បញ្ហា​នេះ ។
 
ម្សិលមិញ​នេះ រដ្ឋាភិបាល​ក្រុង​ម៉ានីល បានស្នើ​ទៅកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ផ្តល់ជំនួយ ផ្នែក​យោធា​ដើម្បី​ពង្រឹង​ឥទ្ធិពល​យោធា​របស់ខ្លួន​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ក្នុងនោះ មន្ត្រី​យោធា​ជាន់ខ្ពស់​ហ្វីលីពីន លោក ផា​ឌី​ល​ឡា (Padilla) បាន​អះអាងថា នេះ​គឺជា​គឺ​សំណើ​មួយ​ដ៍​ជាក់លាក់ ដែលជា​ផ្នែក​មួយ​នៃ​ពង្រីក​វិស័យ​ការពារជាតិ ក៏ប៉ុន្តែ​សំណើ​នេះ កំពុងតែ​ពិភាក្សា​និង រង់ចាំ​ការពិចារណា​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ យ៉ាងណាក៏ដោយ គេ​រំពឹងទុក​មុន​ថា ហ្វីលីពីន នឹង​អាច​ទទួលបាន​ការយល់​ព្រម​ពី​អាមេរិក។ នោះ ក៏​ព្រោះតែ​លោក​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក Admiral Harry Harris បានធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​មូលដ្ឋាន​យោធា​ជាពិសេស​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​រួចទៅហើយ។ អ្វីដែល​គួរកត់សម្គាល់​នោះ ការផ្តល់​ជំនួយ​យោធា​អាមេរិក​មកកាន់​ហ្វីលីពីន គឺជា​មធ្យោបាយ​មួយ​របស់​អាមេរិក ដើម្បី​ទប់​ឥទ្ធិពល​ចិន​នៅ​តំបន់​អាស៊ី​ផងដែរ។ ហើយ​មូលដ្ឋានទ័ព​អាមេរិក ក៏​មាននៅ​ហ្វីលីពីន​ស្រាប់​ផងដែរ​នោះ។
 
ស្រប​ពេលដែល​រដ្ឋបាល​របស់លោក​ប្រធានាធិបតី អា​ហ្គី​ណូ កំពុងតែ​ងាក​ទៅរក​សហរដ្ឋអាមេរិក​ដើម្បី ពង្រីក​វិស័យ​យោធា​របស់ខ្លួន អតីត​ប្រធានាធិបតី​ហ្វីលីពីន ចូ​ស៊ិ​ហ្វ អ៊ី​ស្ត្រា​ដា (Joseph Estrada) បានចេញ​មុខ​លើក​បញ្ហា​ផ្សេង​ដែល​ផ្ទុយ​ពី​រដ្ឋាភិបាល​ហ្វីលីពីន។ នោះ គឺ​លោក​បានផ្តល់​កិច្ចសម្ភាសន៍​មួយ ជាមួយនឹង​ព័ត៌មាន​ចិន ដោយ​អះអាងថា​ហ្វីលីពីន ត្រូវការ​ជំនួយ​ពី​ចិន ដើម្បី​ធ្វើ​ឲ្យ​កែប្រែ​ប្រទេស​ឲ្យ​កាន់តែ​ទំនើប ហើយ លោក​បាន​រំពឹងថា​ទំនាក់ទំនង​ចិន-ហ្វីលីពីន នឹងមាន​លក្ខណៈ​ល្អប្រសើរ​នាពេលខាងមុខ ។ លោក​ក៏បាន​សង្កត់ធ្ងន់​ទៀត «ហ្វីលីពីន ត្រូវការ​ចិន ជាជាង​ចិន​ត្រូវការ​ហ្វីលីពីន«។  ក្នុងនោះ វិស័យ​ដែល​ហ្វីលីពីន ត្រូវការ​ចិន​ដើម្បី​ចាប់​ដៃគូ​អភិវឌ្ឍន៍​នោះ​គឺ វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័។
 
សម្រាប់​ក្រសែភ្នែក​អ្នកវិភាគ​វិញ ក៏​យល់ឃើញ​នេះ​គឺជា​ស្ថានភាព​មួយ​ដែល​ពិបាក​ក្នុងការ​សម្រេចចិត្ត។ ហើយ​គេ​មិនអាច​ប្រកែក​មិន​ទទួលស្គាល់​ពី​ឥទ្ធិពល ឬ​ទំហំ​សេដ្ឋកិច្ច​របស់​ចិន មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ គឺមាន​ទំហំ​ធំជាងគេ​អាមេរិក និង ប្រទេស​ដទៃទៀត ក៏ប៉ុន្តែ ហ្វីលីពីន ក៏​មិនអាច​ទុក​បញ្ហា​ដែន អធិបតេយ្យ​មិន​ចាត់ការ​បានដែរ។ យ៉ាងណាក៏ដោយ ហ្វីលីពីន គួរតែ​រក្សា​តុល្យភាព និង បែក​ចែក​រវាង ទំនាក់ទំនង​ពាណិជ្ជកម្ម និង បញ្ហា​ជម្លោះ។ ក្នុងនេះ មានន័យថា ហ្វីលីពីន មិនគួរ​យក​អាមេរិក​ដើម្បី​ធ្វើ ជា​ខ្នង​ដើម្បី​ប្រឆាំង​ចិន ដែល​អាច​នឹង​នាំ​ឲ្យ​ខាត​ប្រយោជន៍​នោះទេ ពោលគឺ​ហ្វីលីពីន អាចធ្វើ​ដូច​យក គម្រូ​តាម​សមាជិក​អាស៊ាន​មួយចំនួន។ នោះ​គឺ វៀតណាម ឬ​ម៉ាឡេស៊ី។ ថ្វី​ត្បិត មាន​ជម្លោះ​ដែន​អធិបតេយ្យ​ជាមួយ​ចិន វៀតណាម​នៅតែ​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម និង ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ដូច​ធម្មតា។ 
 
សូម​រម្លឹក​ផងដែរ​ថា ចិន គឺជា​ដៃ​ពាណិជ្ជកម្ម​ធំ​ជាង​ជាមួយនឹង​អាស៊ាន ហើយក៏​ដូចជា​ដៃគូ​ជម្លោះ​ដ៏​ធំ ជាងគេ​របស់​អាស៊ាន លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ បច្ចុប្បន្ន ហ្វីលីពីន កំពុង​ដំណើរ​នីតិវិធី​ប្តឹង​ចិន នៅក្នុង​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ផងដែរ៕ 
 

Tag:
 ហ្វីលីពីន
  ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com