អន្តរជាតិ
សហរដ្ឋអាមេរិក ៖ ឆ្មា Snorri ជា​ចោរ​អំបុក​អំបែង​នៅ​រដ្ឋ Oregon
28, Aug 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេលដែល Gabrielle Hendel រើស Snorri មក​ចិញ្ចឹម វា​គឺជា​កូន​ឆ្មា​អនាថា​ស្គមស្គាំង និង​អត់ឃ្លាន​មួយ​ក្បាល។ តើ​សត្វ​ឆ្មា​នេះ​ចង់​អរគុណ​ម្ចាស់​របស់​វា​ឬ ទើប​វា​នាំយក​អំណោយ​ជា​ហូរហែ​មក​ឲ្យ​ម្ចាស់ ?

 
នៅក្នុង​សង្កាត់ Montavilla ប្រជាពលរដ្ឋ​បាននាំគ្នា​ដាក់ពាក្យ​បណ្តឹង ដោយសារតែ​បាត់​អីវ៉ាន់​ក្នុងផ្ទះ​មិន​ឈប់ឈរ។ នៅ​ទីបំផុត ចោរ​អំបុក​អំបែង​ក៏ត្រូវ​បាន​គេ​វែកមុខ​ឃើញ តាមរយៈ​កាមេរ៉ា​សុវត្ថិភាព។ ចោរ​នោះ​គឺជា​សត្វ​ឆ្មា​ឈ្មោល​មួយ​ក្បាល​ឈ្មោះ Snorri ។ វា​តែងតែ​លួច​អីវ៉ាន់​របស់​អ្នកជិតខាង​មក​ផ្ទះ​ជា​រៀងរាល់ថ្ងៃ។ វា​អាច​ពាំ​បាន​ទាំងអស់ តាំងពី​ស្រោមដៃ ឆ្នុកដប គ្រឿង​ប្រដាប់​តែងខ្លួន​របស់​កូនក្មេង អាវយឺត កន្សែងដៃ ប្រអប់​ឈើគូស ស្បែកជើង​ម្ខាង ឬ​ស្បែកជើង​ទាំង​គូ​ក៏មាន។ Snorri មាន​អាយុ ២ ឆ្នាំ​ហើយ វា​មាន​ភាព​ស្ទាត់ជំនាញ​ក្នុងការ​លួច ព្រោះថា​វា​បាន​រៀន​ពាំ​អីវ៉ាន់ផ្សេងៗមក​ដាក់​ក្នុងផ្ទះ តាំងពី​អាយុ ៦ ខែ។
 
Gabbie បាន​និយាយថា៖ « នៅ​រាល់​ពេលដែល Snorri លួច​អីវ៉ាន់​រួច វា​បញ្ចេញ​ប្រតិកម្ម​បែ្លក។ វា​ស្រែក​ម៉េវៗមិន​ឈប់ ហើយ​មើលទៅ ហាក់ដូចជា​សប្បាយចិត្ត​ណាស់ »។ ម្ចាស់​របស់​វា​បាន​បង្ហោះ​រូបភាព​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​សត្វ​ឆ្មា​របស់ខ្លួន​បាន​លួច នៅលើ​ទំព័រ Facebook នៃ​សង្កាត់​ដែល​នាង​រស់នៅ។ Gabbie បាន​បញ្ជាក់ថា៖ « ពេលនេះ Snorri ចូលចិត្ត​លួច​ស្បែកជើង​ណាស់។ បន្ទាប់ពី​ឃើញ​រូប​ហើយ អ្នកជិតខាង​ខ្លះ​បានមក​យក​អីវ៉ាន់​របស់គេ​ទៅវិញ។ ប៉ុន្តែ Snorri តែងតែ​ផ្លាស់ប្តូរ​ផ្ទះ​ដែល​វា​ត្រូវ​លួច​ជា​ញឹកញាប់ »។
 
Snorri ពិតជា​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​នាំយក​អំណោយ​ម​ក​ឲ្យ​ម្ចាស់​របស់​វា ព្រោះថា​ការ​ពាំ​អីវ៉ាន់​ចុះឡើង​តាម​ច្រកទ្វារ​របស់​សត្វ​ឆ្មា ដែល​គេ​ចោះ​ត្រឹម​តែមួយ​ល្មម​ខ្លួន​របស់​វា​នោះ មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ៕
 

Tag:
 សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com