ជាតិ
សង្គមជាតិ
បាក់​ឌុប៖ ក្រសួង​អប់រំ​ដាក់ចេញ​វិធានការ៤ចំណុច ដើម្បី​ពង្រឹង​ដំណើរការ​កំណែ
29, Aug 2015 , 10:21 am        
រូបភាព
ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​វិធានការ​ចំនួន៤ចំណុច ដើម្បី​ពង្រឹង​ដំណើរការ​កំណែ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ដែល​បានរៀបចំ​ធ្វើ​នៅ​ថ្ងៃទី២៤ និង​ទី២៥ខែសីហា​កន្លងទៅ។


បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ វិធានការ​ទាំងនេះ គឺ​ដើម្បី​ធានាថា​ការប្រឡង​បាក់​ឌុប​ដែល​ទើបតែ​បញ្ចប់​នេះ ប្រព្រឹត្ត​ទៅតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន។ 
 
វិធានការ​ទាំង៤ចំណុច​រួមមាន៖

១. បំប៉ន​អ្នករៀបចំ​អក្សរ​សម្ងាត់ អ្នក​កាត់​ក្បាល​សន្លឹក​កិច្ចការ រក្សាបាន​ភាព​សម្ងាត់រ​បស់​បេក្ខជន និង​ពន្យល់​យ​ន្ធ​ការ​មណ្ឌល​កំណែ​ដែលមាន​ស្រាប់​ទាំង​ផ្នែក​បច្ចេកទេស និង​រដ្ឋបាល ក្នុងនោះ​ណែនាំ​នឹង​ត្រួតពិនិត្យ​ឲ្យ​មាន​ការធ្វើ​អត្រាកំណែ​ដោយ​ដាក់ពិន្ទុ​ឲ្យ​បាន​លម្អិត​តាម​ស្តង់​ការកំណត់ សំដៅ​ធ្វើ​ឲ្យ​ការកែ​មាន​សុក្រឹត និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​អ្នក​កែម្នាក់ៗ ។

២. បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​បច្ចេកទេស​កំណែ ដែលមាន​សមាស​ភាពជា​អធិការ​មធ្យមសិក្សា​តាម​មុខវិជ្ជា​ឯកទេស ជា​អ្នកនិពន្ធ​សៀវភៅ​សិក្សា​របស់​ក្រសួង និង​ជា​គ្រូ​របស់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ហើយ​មាន​ភារកិច្ច​ត្រួតពិនិត្យ​អត្រាកំណែ និង​ការកែ​កិច្ច​បេក្ខជន ប្រសិនបើ​រកឃើញថា ការកែ​របស់​អ្នក​កែ​ណា​ម្នាក់​មាន​ភាពមិន​ត្រឹមត្រូវ គណៈកម្មការ​នេះ​មាន​សិទ្ធិ​បញ្ជា​ឲ្យ​កែ​ឡើងវិញ។

៣. បង្កើត​គណៈកម្មការ​កោសល្យវិច័យ​ដើម្បី​ដោះស្រាយ​បញ្ហា ក្នុងករណី​ពិនិត្យឃើញថា​មាន​ភាពមិនប្រក្រតី​លើ​កិច្ចការ​បេក្ខជន និង​លើ​ការអនុវត្ត​ភារកិច្ច​របស់​គណៈមេប្រយោគ  និង​គណៈកម្មការ​ផ្សេង។

៤. បន្ត​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​សង្កេតការណ៍​នៅ​ដំណើរការ​កំណែ​នេះ ដោយ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​បន្ទប់​កំណែ និង​បន្ទប់​ចុះ​អក្សរ​សម្ងាត់ នៅតាម​មណ្ឌល​កំណែ។ 
 
សូមបញ្ជាក់ថា ក្រសួង​អប់រំ​បាន​ចាត់​មន្ត្រី​អប់រំ ចំនួន ១១២០៥នាក់ សម្រាប់​ដំណើរការ​អត្រាកំណែ​វិញ្ញាសា​បាក់​ឌុប ចាប់ពី​ថ្ងៃទី២៧ សីហា ដល់​ថ្ងៃទី៣ខែកញ្ញា នៅ​មណ្ឌល​អត្រាកំណែ​ចំនួន៩មណ្ឌល នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់ពី​អត្រាកំណែ​វិញ្ញាសា​រួច ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​នឹង​ប្រព្រឹត្តឡើង​ចាប់ពី ថ្ងៃទី៣ខែកញ្ញា ដល់​ថ្ងៃទី១៣ ខែកញ្ញា។ 
 
លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ នឹងត្រូវ​ប្រកាស​នៅ​រសៀល​នៅ​ថ្ងៃទី១៥ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី១៦ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​បណ្តា​ខេត្ត​ទាំង២៣ទៀត ព្រមទាំង ផ្សព្វផ្សាយ​តាម​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា www.facebook.com/ moeys.gov.kh ៕
 

Tag:
 អប់រំ ប្រឡង បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com