ជាតិ
សង្គមជាតិ
បាក់​ឌុប៖ ក្រសួង​អប់រំ​ចាត់មន្ត្រី​ជាង ៣ម៉ឺន​នាក់ ​ដើម្បី​រៀបចំ​ដំណើរ​ប្រឡង និង​កំណែ​វិញ្ញាសា
31, Aug 2015 , 9:36 am        
រូបភាព
ដោយ:
ភ្នំពេញ៖ មន្ត្រី​អប់រំ​ជាង ៣ម៉ឺន​នាក់បានរៀបចំ​ដំណើរការ​ប្រឡង និង​កំណែ​វិញ្ញាសា​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៥។ នេះ​បើតាម​ប្រសាសន៍​របស់​អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា។ ក្រសួង​ចំណាយ​ថវិកា​ជាង ៣លាន​ដុល្លារ​អាមេរិក តិចជាង​ឆ្នាំមុន​ដែល​ចំណាយ​អស់​ជាង ៤លាន​ដុល្លារ ស្របពេល​បេក្ខជន​ចុះឈ្មោះ​ប្រឡង​ក៏មាន​តិចជាង​ឆ្នាំមុន​ដែរ។



អ្នកនាំពាក្យ​ក្រសួង អប់រំ លោក រស់ សា​លីន បាន​ប្រាប់​សារព័ត៌មានថ្មីៗថា ក្នុងដំណើរការ​ប្រឡង​បាក់​ឌុប​ឆ្នាំ២០១៥ នៃ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ឆ្នាំ​ទីពីរ ក្រសួង​បាន​ចាត់​មន្ត្រី​អប់រំ​ចំនួន ១២០៤៥ នាក់ សម្រាប់​រៀបចំ​ដំណើរការ​ប្រឡង និង​មន្ត្រី​ចំនួន ១១២០៥នាក់ទៀត សម្រាប់រៀបចំ​ដំណើរការអត្រាកំណែ​វិញ្ញាសា រីឯមន្ត្រី ៥៨៧នាក់​ទៀត រៀបចំ​ដំណើរការ​ប្រកាស​លទ្ធផល។ «ចំនួន​មន្ត្រី​អប់រំ​រៀបចំ​ដំណើការ​ប្រឡង និង​អត្រាកំណែ​ឆ្នាំនេះ ដូចគ្នា​នឹង​ដំណើរការ​កំណែទម្រង់​ការប្រឡង​ឆ្នាំមុន​ដែរ»។ លោក រស់ សា​លីន មានប្រសាសន៍​បញ្ជាក់។

កន្លងទៅ ក្រសួង​អប់រំ​បានចេញ​វិធានការ ដើម្បី​ពង្រឹង​​ដំណើរ​ការប្រឡង និង​​អត្រាកំណែ​វិញ្ញាសា​បាក់​ឌុប ដោយក្រសួង​អប់រំ​ធានាការប្រឡង​បាក់​ឌុប ប្រព្រឹត្ត​ទៅតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន។

ចំពោះ​ដំណើរការ​អត្រាកំណែចាប់ផ្តើម​ពីថ្ងៃ​ទី២៧ សីហា ដល់​ថ្ងៃទី៣ខែកញ្ញា នៅ​មណ្ឌល​អត្រាកំណែ​ចំនួន ៩មណ្ឌល ក្រសួង​ចេញ​វិធានការ​រឹតបន្តឹង​ចំនួន ៤ចំណុច រួមមាន ទី១,បំប៉ន​អ្នករៀបចំ​អក្សរ​សម្ងាត់ អ្នក​កាត់​ក្បាល​សន្លឹក​កិច្ចការ រក្សាបាន​ភាព​សម្ងាត់រ​បស់​បេក្ខជន និង​ពន្យល់​យ​ន្ធ​ការ​មណ្ឌល​កំណែ​ដែលមាន​ស្រាប់​ទាំង​ផ្នែក​បច្ចេកទេស និង​រដ្ឋបាល សំដៅ​ធ្វើ​ឲ្យ​ការកែ​មាន​សុក្រឹត និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​អ្នក​កែម្នាក់ៗ។

ទី២, បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​បច្ចេកទេស​កំណែ ដែលមាន​សមាស​ភាពជា​អធិការ​កិច្ចមធ្យមសិក្សា​តាម​មុខវិជ្ជា​ឯកទេស ជា​អ្នកនិពន្ធ​សៀវភៅ​សិក្សា​របស់​ក្រសួង និង​ជា​គ្រូ​របស់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ហើយ​មាន​ភារកិច្ច​ត្រួតពិនិត្យ​អត្រាកំណែ និង​ការកែ​កិច្ច​បេក្ខជន ប្រសិនបើ​រកឃើញថា ការកែ​របស់​អ្នក​កែ​ណា​ម្នាក់​មាន​ភាពមិន​ត្រឹមត្រូវ គណៈកម្មការ​នេះ​មាន​សិទ្ធិ​បញ្ជា​ឲ្យ​កែ​ឡើងវិញ។ ទី៣, បង្កើត​គណៈកម្មការ​កោសល្យវិច័យ​ដើម្បី​ដោះស្រាយ​បញ្ហា ក្នុងករណី​ពិនិត្យឃើញថា​មាន​ភាពមិនប្រក្រតី​លើ​កិច្ចការ​បេក្ខជន និង​លើ​ការអនុវត្ត​ភារកិច្ច​របស់​គណៈមេប្រយោគ  និង​គណៈកម្មការ​ផ្សេង។ និង​ទី៤, បន្ត​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​សង្កេតការណ៍​នៅ​ដំណើរការ​កំណែ​នេះ ដោយ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​បន្ទប់​កំណែ និង​បន្ទប់​ចុះ​អក្សរ​សម្ងាត់ នៅតាម​មណ្ឌល​កំណែ។

សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ក្នុង​ឆ្នាំ២០១៥នេះ ក្រសួង​ចំណាយ​ថវិកា​ជាង ៣លាន​ដុល្លារ​អាមេរិក តិចជាង​ឆ្នាំមុន​ដែល​ចំណាយ​អស់​ជាង ៤ លាន​ដុល្លារ ស្របពេល​បេក្ខជន​ចុះឈ្មោះ​ប្រឡង​ក៏មាន​តិចជាង​ឆ្នាំមុន​ដែរ។ ទាំង​ថ្នាក់​វិទ្យាសាស្ដ្រ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៨៨,៤៨៨ នាក់ និង​មាន​មណ្ឌល​ប្រឡង ១៤៩មណ្ឌល ចែកជា ៣,៥៧៦បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង ២៥។

​លទ្ធផល​នៃ​ការប្រឡង​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ១៥ ខែកញ្ញា​ សម្រាប់មណ្ឌលក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី ១៦ ខែកញ្ញា តាម​បណ្តាមណ្ឌលក្នុង​ខេត្តទាំង ២៣ ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com