អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ទិតៀន​ចិន​ដែល​អញ្ជើញ​ឧក្រិដ្ឋជន​ពិភពលោក​ទៅ​ខួប​សង្គ្រាមលោកលើកទី២
02, Sep 2015 , 3:08 pm        
រូបភាព
ក្រុង​ប៉េកាំង​បាន​អញ្ជើញ​ប្រមុខរដ្ឋ​ស៊ូដង់​ដែលជា​ជន​ស្ថិតក្រោម​ការចាប់ខ្លួនរ​បស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឲ្យ​ចូលរួម​ក្នុង​ខួប​លើក​ទី៧០នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី។ រឿង​ចិន​អញ្ជើញ​ឧក្រិដ្ឋជន​អន្តរជាតិ​នេះ​ក្លាយជា​រឿងចម្រូងចម្រាស ហើយ​សហរដ្ឋអាមេរិក​ឯណោះ​វិញ​ក៏​ចាប់ផ្តើម​ទិតៀន​ចិន​ផងដែរ។ យ៉ាងណាក៏ដោយ​ចិន​មិនមែនជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះឡើយ ហើយ​រឿង​សិទ្ធិមនុស្ស​ក៏​មិនមែនជា​អ្វីដែល​ចិន​ត្រូវ​ខ្វល់ខ្វាយ​ដែរ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


 
ម្សិលមិញ​នេះ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង​បាន​ចាប់ដៃ​ប្រមុខរដ្ឋ​ស៊ូដង់​លោក អូ​ម៉ា អាល់​បា​ស៊ែ (Omar Al-Bashir) ហើយ​លោក​បាន​ប្រាប់​ទៅ​សម​ភាគី​ស៊ូដង់​ថា «អ្នក​គឺជា​មិត្ត​ចាស់ និង​ជា​ដៃគូ​របស់​ចិន»។ ប្រធានាធិបតី​ស៊ូដង់​ទៅ​ប្រទេស​ចិន​តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​ចិន​ឲ្យ​លោក​ចូលរួម​ក្នុង​ខួប​ទី ៧០ នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី។ មេដឹកនាំ​រូបនេះ​នឹងចូលរួម​ជាមួយ​បណ្តា​មេដឹកនាំ​ពិភពលោក ឯទៀត​ដើម្បី​ទស្សនាការ​ដង្ហែរ​ក្បួន​យោធា​និង​សព្វាវុធ​នៅ​ថ្ងៃ៣កញ្ញា ស្អែក​នេះ​ផងដែរ។
 
មេដឹកនាំ​ស៊ូដង់​បាន​ថ្លែងប្រាប់​ប្រធានាធិបតី​ចិន​វិញ​ផងដែរ​ថា​លោក​រីករាយ​និង​ថ្លែងអំណរគុណ​ចិន​ដែល​អញ្ជើញលោក​និង​ចាត់ទុក​ស៊ូដង់​ជា​មិត្ត​សំខាន់។  
ប៉ុន្តែ​ការអញ្ជើញ​ប្រមុខរដ្ឋ​ស៊ូដង់​មកកាន់​ប្រទេស​ចិន​បាន​ក្លាយជា​ប្រធានបទ​ចម្រូងចម្រាស​មួយ ដោយសារតែ​លោក អាល់​បា​ស៊ែ កំពុងស្ថិត​ក្រោម​ការចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដោយ​ស្ថិតក្រោម​បទ​ចោទ«ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ប្រល័យពូជសាសន៍»។  
 
ទាក់ទិន​ការអញ្ជើញ​នេះដែរ សហរដ្ឋអាមេរិក​ស្រាប់តែ​ចេញមុខ​ព្រមាន​និង​ទិតៀន​ចិនខ្លាំងៗ ដែល​ហ៊ាន​ផ្គើន​ដោយ​អញ្ជើញ​ឧក្រិដ្ឋជន​ពិភពលោក​ឲ្យ​ចូលរួម​ក្នុង​ពិធី​ផ្លូវការ​ដោយ​មិន​ខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស​នោះ។ បុណ្យ​ជ័យជម្នះ​សង្គ្រាមលោកលើកទី២នៅ​ចិន មាន​វត្តមាន​មេដឹកនាំ​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប​ខាងកើត ប៉ុន្តែ​មេដឹកនាំ​លោកខាងលិច​ភាគច្រើន​សុទ្ធតែ​អះអាងថា​ខ្លួន​មិន​ទៅ​ចូលរួម​កម្មវិធី​ចិន​ទេ។     
 
តាមពិតទៅ​សំណុំរឿង​លោក បា​ស៊ែ គឺ​វា​ដូច្នេះ។ កាលពី​ឆ្នាំ ២០០៩ និង​ឆ្នាំ២០១១ តុលាការ​បានចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​ម្នាក់នេះ​ដោយ​ចោទប្រកាន់ថា​លោក​ជា​អ្នក​ដែល​នៅ​ពីក្រោយ​អំពើ​ប្រល័យពូជសាសន៍​សម្លាប់​រង្គាល​ក្រុមប្រឆាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងលិច​តំបន់ ដា​ហ្វួ (Darfur) ។

កន្លងមក​មេដឹកនាំ​នេះ​មិន​ហ៊ាន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅណាឆ្ងាយៗឡើយ ដោយ​អាច​ទៅ​ត្រឹម​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ប៉ុណ្ណោះ ព្រោះ​លោក​ភ័យខ្លាច​ថា​មានការ​ចាប់ខ្លួន។ ដូចដែល​ឃើញស្រាប់​កាលពី​ខែមិថុនា​កន្លងទៅ មេដឹកនាំ​ស៊ូដង់​ខាងលើ​ត្រូវ​តុលាការ​អាហ្វ្រិក​ខាងត្បូង​ចេញ​ដីកា​ហាម​មិន​ឲ្យ​ចាក​ចេញពី​អាហ្វ្រិក​ខាងត្បូង​ដោយ​យោងតាម​ការស្នើសុំរ​បស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង Cap Town មិន​ធ្វើ​សកម្មភាព​អ្វី​ទេ ដោយសារ​រដ្ឋាភិបាល​នេះ​ជា​អ្នក​អញ្ជើញ​ប្រធានាធិបតី​ស៊ូដង់​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក​និង​សន្យា​ផ្តល់​អភ័យឯកសិទ្ធិ​ការទូត​ដល់​មេដឹកនាំ​រូបនេះ។ 
 
ទោះជា​មានការ​រិះគន់​ខ្លាំងណាស់​ក៏ដោយ ប៉ុន្តែ​ចិន​មិន​ខ្វល់​ពី​បញ្ហា​នេះ ដ្បិតថា​ចិន​មិនមែនជា​ភាគី​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ។ ដូច្នេះ​ចិន​មិនមាន​កាតព្វកិច្ច​ត្រូវ​ចាប់ខ្លួន​មេដឹកនាំ​ម្នាក់នេះ​ទេ។ ម្យ៉ាង​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Hua Chunying បាន​លើកឡើងថា លោកខាងលិច​ហាក់ដូចជា​គិត​ហួសហេតុ​ពេក​ចំពោះ​បញ្ហា​នេះ។ លោក​បាន​បន្ថែមថា វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​ចិន​ត្រូវ​អញ្ជើញ​និង​ទទួល​ស្វាគមន៍​មេដឹកនាំ​ស៊ូដង់​ឲ្យ​បានល្អ​តាម​ដែល​អាច​ធ្វើបាន ព្រោះ​ស៊ូដង់​នេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​នៅ​អាស៊ី​និង​អាហ្វ្រិក​ក្នុងការ​ប្រយុទ្ធ​ទប់ទល់​និង​យកជ័យ​ជម្នះ​លើ​កងទ័ព​ហ្វា​ស៊ី​ស​ជប៉ុន។ 
 
សូមបញ្ជាក់ថា ខួប​ជ័យជម្នះ​សង្គ្រាមលោកលើកទី២ដែល​ចិន​រៀបចំឡើង​នៅពេលនេះ គឺ​ដើម្បី​រំលឹក​ការ​ចាញ់​សង្គ្រាម​របស់​ចក្រពត្តិ​ជប៉ុន ព្រមទាំង​រំលឹក​ពី​ព្រឹត្តិការណ៍​ឈឺចាប់​និង​ជូរចត់​ដែល​បង្កដោយ​ជប៉ុន​កាលពីពេល​នោះដែរ៕ 
 
  
 

Tag:
 ​ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com