ជាតិ
លោក កឹម គុណ​វ​ឌ្ឍ ពន្យល់​មូលហេតុ​ដែល​ទ.ទ.ក ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ផ្ទៀងផ្ទាត់​ផែនទី
03, Sep 2015 , 3:57 pm        
រូបភាព
ក្រុមការងារ ទទក​ នៅវិមានសន្តិភាព
ក្រុមការងារ ទទក​ នៅវិមានសន្តិភាព
ខុសពី​ការផ្ទៀងផ្ទាត់​ផែនទី​ដែល​ត្រូវបានធ្វើ​ជាមួយ​មន្ត្រី​អង្គការសហប្រជាជាតិ ពិធី​ផ្ទៀងផ្ទាត់​ផែនទី​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ផែនទី​ដែល​រក្សា​ដោយ​ប្រទេស​បារាំង ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុជាតិ​នៅ​ព្រឹក​ថ្ងៃទី៣កញ្ញា​នេះ។ លើសពីនេះ ទូរទស្សន៍ និង​វិទ្យុ​ឯកជន​ជាច្រើន​ទៀត​ដែលមាន​សម្មានចិត្ត​ចំពោះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សហការ​ផ្សព្វផ្សាយ​បន្ត​ព្រឹត្តិការណ៍​ផ្ទៀងផ្ទាត់​ផែនទី​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា​ទៀតផង។



សម្រាប់​លោក កឹម គុណ​វឌ្ឍ អគ្គនាយក​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា ព្រឹត្តិការណ៍​នៃ​ការផ្ទៀងផ្ទាត់​ផែនទី​នៅ​ព្រឹក​ថ្ងៃទី៣កញ្ញា គឺជា​ព្រឹត្តិការណ៍​ពិសេស​មួយ ពីព្រោះ ពលរដ្ឋ​ខ្មែរគ្រប់ៗរូប​ចង់ដឹងថា តើ​ផែនទី​គូស​ក្នុងសម័យ​បារាំង​កាន់កាប់​ឥណ្ឌូចិន និង​កាន់កាប់​កម្ពុជា វា​មាន​រូបរាង ជាក់ស្តែង​ពិត​យ៉ាងដូចម្តេច? លោក​អគ្គនាយក​រូបនេះ​បញ្ជាក់បន្ថែម​ប្រាប់​សារព័ត៌មានថ្មីៗយ៉ាង​ដូច្នេះ៖ «គឺ​ដោយ​មូលហេតុ​ដ៏​សំខាន់​នេះហើយ បានជា​រាជរដ្ឋាភិបាល ចង់បង្ហាញ​ដោយ​ចំហរ​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​គ្រប់​មជ្ឈដ្ឋាន​ជាតិ-អន្តរជាតិ ឲ្យ​ដឹង ឲ្យ​ឃើញ និង​យល់ថា ផែនទី​ដែល​រាជរដ្ឋាភិបាល​ប្រើ​ជា​ផ្លូវការ និង​ស្របច្បាប់ ក្នុងការ​កំណត់ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម គឺ​ដូចគ្នា​ទៅនឹង​ផែនទី​ដើម​ដែល​បារាំង​បាន​គូស និង​ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន»។

គឺ​ដោយមាន​លក្ខណៈ​សំខាន់​ពិសេស និង​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​ដូច្នេះហើយ ទើបបានជា​ទូរទស្សន៍​ជាតិ​កម្ពុជា ចាំបាច់​ត្រូវ​ផ្សាយ​ផ្ទាល់ ហើយក៏​មានការ​ចូលរួម​គាំទ្រ ពី​វិទ្យុ ទូរទស្សន៍ នានា​ចូលរួម​ផ្សាយ​បន្ត​នៅ​ព្រឹក​ថ្ងៃទី៣កញ្ញា​នេះ។ នេះ​បើតាម​ការអះអាង​របស់​លោក កឹម គុណ​វឌ្ឍ ដោយ​បន្តថា បារាំង​បាន​នៅ​កម្ពុជា និង​នៅ​តំបន់​ឥណ្ឌូចិន​ប្រមាណ១ទស្សវត្ស​រ៍ហើយ ដូច្នេះ​សម្រាប់​លោក គឺ​មានតែ​បារាំង​ទេ ទើប​អាច​បញ្ជាក់ថា ផែនទី​កម្ពុ​ជាមាន​សណ្ឋាន និង​លក្ខណៈ​ភូមិសាស្ត្រ​ដូចម្តេច៕


Tag:
 ផែនទី
  កឹម គុណ​វ​ឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com