ជាតិ
សង្គមជាតិ
លោក ស ខេង បញ្ជា​នគរបាល​ឲ្យ​ពង្រឹង​ច្បាប់​ចរាចរណ៍
04, Sep 2015 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បានបញ្ជា​ដល់​កម្លាំង​នគរបាល​ចរាចរណ៍ទូទាំងប្រទេស បង្កើន​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ពិសេស​គឺ បទល្មើស​ចរាចរណ៍​ជាក់ស្តែង។ នេះបើយោងតាម​ការផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ។ លោកថ្លែង​បែ​បប​នេះ ក្នុងពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ចរាចរណ៍​កាលពី​ថ្ងៃទី២ កញ្ញា នៅ​ម​ជ្ឈ​មណ្ឌល​កោះ​ពេជ្រ។



រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន​បញ្ជា​ស្នងការនគរបាល​ទាំងអស់ ឲ្យ​រាយការណ៍ការអនុវត្តន៍ការងាររបស់​កងក​ម្លាំ​ង​នគរបាលឲ្យ​បានច្បាស់លាស់ ជៀសវាង​បង្ក​ភាពអយុត្តិធម៌​ដល់​នគរបាល​ដែល​ខិតខំ​អនុវត្ត​ច្បាប់។ លោក ស ខេង និយាយ​​​​លើក​​​​ទឹកចិត្ត​​ដល់កម្លាំង​​​នគរបាល​​ថា ក្រសួង​​​នឹងតំឡើង​​ឋានន្តរសក្តិ ឬ​មុខតំណែង​ដល់​កម្លាំង​នគរបាល​​ចរាចរណ៍​ដែល​​ព្យាយាមពង្រឹង​ការអនុវត្ត​ច្បាប់ និង​គោរព​បទបញ្ជា វិន័យបាន​ត្រឹមត្រូវ។ ដោយឡែក​​នគរបាល​មិន​គោរព​វិន័យ និង​បង្កកំហុសនោះ ក្រសួងនឹង​មិនផ្តល់​ការលើកទឹកចិត្ត​ឡើយ។​

ក្នុងឱកាស​នោះ លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាចរ​ណ៌និង​សណ្តាប់ធ្នាប់​សាធារណៈ ថ្លែងថា នគរបាល​នឹង​បន្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ស្របពេល​ច្បាប់ចរាចរណ៍​ថ្មី នឹងត្រូវ​ប្រកាស​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ខាងមុខ។  លោក​ថា កងកម្លាំង​ចរាចរណ៍នឹង​ចុះ​ធ្វើ​សកម្មភាព​ជាប់​ជាប្រចាំ​នៅតាម​ដងផ្លូវ ហើយ​នគរបាលនឹងដាក់​រថយន្ត​ប្រដេញ​តាម​ឃាត់​អ្នក​ល្មើសច្បាប់ នៅតាម​ដងផ្លូវ​ជាតិសំខាន់ៗមួយចំនួន រួមមាន ផ្លូវជាតិ​លេខ១ លេខ ៤ លេខ ៥៕


© រក្សាសិទ្ធិដោយ thmeythmey.com