អន្តរជាតិ
អាមេរិក​បារម្ភ​ពី​សក្តានុពល​យោធា​រុស្ស៊ី​ក្នុង​ទឹកដី​ស៊ី​រី
06, Sep 2015 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ប្រមុខ​ការទូត ច​ន ឃែ​រ​រី បាន​ទូរ​សព្ទ​ទៅ​ប្រមុខ​ការទូត​រុស្ស៊ី ស៊ែរ​ហ្កី ឡា​វ្រូ​វ ដើម្បី​បង្ហាញ​ពី​ការបារម្ភ​របស់លោក ប្រសិនបើ​កងទ័ព​រុស្ស៊ី​ធ្វើ​សកម្មភាព​ជាយថាហេតុ​ណាមួយ ក្នុង​ទឹកដី​ស៊ី​រី។ ដោយឡែក ផ្នែក​ការទូត​រុស្ស៊ី​បានលើកឡើង​ថា ប្រមុខ​ការទូត​ទាំង២ មិនបាន​ជជែក​ក្នុងន័យនេះ​ទេ តែ​ជជែក​ពី​ការប្រយុទ្ធ​នឹង​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ទៅវិញ​ទេ។

 
 
យោងតាម​ក្រសួងការបរទេស​អាមេរិក លោក​ឃែ​រ​រី បាន​ប្រាប់​លោក​ឡា​វ្រូ​វ​ថា បើសិនជា​ព័ត៌មាន​ដែល​លើកឡើងថា សក្តានុពល​យោធា​រុស្ស៊ី​កំពុងតែ​កើនឡើង​ក្នុង​ទឹកដី​ស៊ី​រី ពិតជា​ព័ត៌មាន​ពិតប្រាកដ នោះ​សកម្មភាព​យោធា​រុស្ស៊ី​នៅ​ស៊ី​រី អាច​នឹង​សម្លាប់​មនុស្ស​ស្លូតត្រង់​ច្រើន​ថែមទៀត ហើយក៏​អាច​នឹងធ្វើ​អោយមាន​ជនភៀសខ្លួន​តាម​ទូក​កាន់តែច្រើន​ដែរ។ លើស​ពិ​នេះ រុស្ស៊ី​ក៏​អាច​ប្រឈម​នឹង​ប្រទេស​សម្ព័ន្ធមិត្ត ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម នៅ​ស៊ី​រី​ដែរ។ 
 
បើ​យោងតាម​ក្រសួងការបរទេស​រុស្ស៊ី​វិញ លោក​ច​ន ឃែ​រ​រី​ពិតជា​បាន​ទូរ​សព្ទ​ទៅ​លោក ស៊ែរ​ហ្កី ឡា​វ្រូ​វ​មែន តែ​មិនបាន​និយាយ​គ្នា​ដូច្នេះ​ទេ។ បុរស​ទាំង២បាន​ជជែក​គ្នា​ពី​រឿង​ប្រយុទ្ធប្រឆាំង​ក្រុម​ជី​ហាត​នៅ​ស៊ី​រី​ទៅវិញ​ទេ។ ផ្នែក​ការទូត​រុស្ស៊ី​លើកឡើង​ទៀតថា ប្រមុខ​ការទូត​ឃែ​រ​រី និង​ឡា​វ្រូ​វ បាន​ជជែក​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុង​ម៉ូស្គូ និង​ក្រុង​វ៉ាស៊ីនតោន ក្នុងការ​គាំទ្រ​អង្គការសហប្រជាជាតិ​អោយ​ជំរុញអោយមាន​ដំណើរកា​រ​នយោបាយ​នៅ​ស៊ី​រី។ 
 
ដោយឡែក កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​ពូ​ទីន បាន​លើកឡើងថា ការនិយាយ​ពី​ការធ្វើសកម្មភាព​យោធា​នៅ​ស៊ី​រី  គឺ​ហាក់ដូចជា​លឿន​ពេក​ហើយ ពោល​អោយចំ គឺ​មិនទាន់​ដល់​ពេលដែល​រុស្ស៊ី​ត្រូវធ្វើ​សកម្មភាព​យោធា​នៅ​ស៊ី​រី​ទេ ត្បិត​ថា រុស្ស៊ី​បាន​លក់​អាវុធ​អោយទៅ​ស៊ី​រី​យូរយារ​មកហើយ​ក៏ដោយ​ចុះ។ គួរ​បញ្ជាក់ថា បើ​រុស្ស៊ី​គាំទ្រ​រដ្ឋាភិបាល​លោក​អាសាដ នៅ​ស៊ី​រី អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ទើប​ជួប​ជជែក​គ្នា​ពី​បញ្ហា​ស៊ី​រី ថ្មីៗនេះ បានបង្ហាញ​បំណង​ចង់អោយ​លោក​អាសាដ ចុះ​ពី​អំណាច៕ 
 

Tag:
 អាមេរិក
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com