បទវិភាគ
ចំណីអាហារ​គ្មាន​សុវត្ថិ​ភាពជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​សុខភាព!
06, Sep 2015 , 1:26 pm        
រូបភាព
សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា បន្លែ​នាំចូល​ពី​ប្រទេស​វៀតណាម​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ហើយ​បាន​ព្រមាន​ដាក់​បម្រាម​ចំពោះ​ការនាំ​ចូល​បន្លែ ផ្លែឈើ​ពី​វៀតណាម។ សមត្ថកិច្ច​អឺរ៉ុប​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​ដើម្បី​ការពារ​សុខមាលភាព​នៃ​ប្រជាជន​របស់គេ។ នៅ​កម្ពុជា​បាន​នាំចូល បន្លែ ផ្លែឈើ ត្រី សាច់ ពី​វៀតណាម និង​ថៃ​យ៉ាង​គគ្រឹកគគ្រេង។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​គ្រោះថ្នាក់​ធំធេង​ចំពោះ​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ​ដោយសារ​កង្វះ​សុវត្ថិភាព​ចំណីអាហារ។



សូម​ស្តាប់ លោក ជា ធី​រិ​ទ្ធ


 
នៅ​បណ្តា​ប្រទេសផ្សេងៗ អាជ្ញា​ធរមាន​សមត្ថកិច្ច​យកចិត្តទុកដាក់​ខ្លាំងណាស់ ចំពោះ​សុខភាព​របស់​ពលរដ្ឋ។ រាល់​ចំណីអាហារ​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​ជាពិសេស​ទំនិញ​នាំចូល​ពី​បរទេស​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​បំផុត​ដើម្បី​ធានាថា ទំនិញ​ទាំងនោះ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។ បើ​មាន​បញ្ហា​តែ​បន្តិច ពួកគេ​ក៏​ចាត់វិធានការ​ភ្លាម។
 
ចុះ​នៅ​កម្ពុជា តើមួយថ្ងៃៗមាន​ទំនិញ​អ្វីខ្លះ​នាំចូល​ពី​វៀតណាម​និង​ថៃ? តើ​ទំនិញ​ទាំងនោះ​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​អ្នកប្រើប្រាស់​ដែរឬទេ? យូរៗម្តង​គេ​តែង​សង្កេតឃើញ​សមត្ថកិច្ច​កាំកុងត្រូល​ហៅ​ទូរទស្សន៍​ទៅ​ថត​ការដុត​បំផ្លាញ​ជង្គង់​មាន់​ខូចគុណភាព​នាំចូល​ពី​ប្រទេស​ថៃ។ ប៉ុន្តែ តើ​មាន​ទំនិញ​ប៉ុន្មាន​មុខ​ទៀត​ដែល​ត្រូវបាន​នាំចូល​ដោយ​ស្ងៀមស្ងាត់​ដែល​សមត្ថកិច្ច​មិនដឹង ឬក៏​ដឹង​ដែរ តែ​ស្រវាំងភ្នែក​មើលមិនឃើញ​ដោយសារតែ​ចំណាំង​កាំរស្មី​ប្រាក់​ដុល្លារ។ កុំ​ថា តែ​ទំនិញ​នាំចូល សូម្បី​ទំនិញ​ក្នុងស្រុក​ក៏​ពោរពេញ​ដោយសារ​ធាតុគីមី​ដែរ។
 
ជាការ​ពិត បច្ចុប្បន្ន មនុស្ស​មាន​បញ្ហា​សុខភាព​កាន់តែខ្លាំង​ឡើង។ អ្នកខ្លះ​មាន​ជំងឺ​មួយ​មុខ អ្នកខ្លះ​ពីរ​ឬ​បី​មុខ​ដំណាលគ្នា។ ជំងឺ​ទាំងនេះ​កើតឡើង​មិន​ចំពោះតែ​អ្នកមាន អ្នកក្រ ឬក៏​នាម៉ឺន​មន្ត្រី​អ្វី​នោះឡើយ តែ​វា​កំពុង​វាយលុក​ទៅលើ​មនុស្ស​ដោយ​ឥត​រើសមុខ។ មូលហេតុ​សំខាន់​ជាងគេ​គឺ​ចំណីអាហារ​គ្មាន​សុ​វត្តិភាព និង​បរិស្ថាន​កខ្វក់​ដែល​កំពុងមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព​របស់​មនុស្ស។ 
 
សារធាតុ​គីមី​ដែលជា​សត្រូវ​របស់​សុខ​ភាព​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ចំណីអាហារ​ស្ទើរតែ​គ្រប់មុខ រាប់​តាំងពី​ត្រី​សាច់ បន្លែ ផ្លែឈើ ដែល​មនុស្ស​បរិភោគ​ជា​រៀងរាល់ថ្ងៃ។ នៅពេលដែល​សារធាតុពុល​ទាំងអស់​នោះបាន​វាយលុក​ដោយ​ស្ងៀមស្ងាត់​ពី​ខាងក្នុង​ខ្លួន បរិយាកាស​ខាងក្រៅ​ក៏បាន​ចូលរួមចំណែក​បំផ្លាញ​សុខភាព​មនុស្ស​ដែរ​តាមរយៈ​ខ្យល់​ដកដង្ហើម។ ជាតិពុល​ក៏​កំពុង​ហ៊ុម​ព​ទ្ធ័​បរិយាកាស​ជុំវិញខ្លួន​មនុស្ស​កាន់តែខ្លាំងឡើងៗដោយសារតែ​មនុស្ស​បាន​និង​កំពុង​បំផ្លាញ​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។
 
បន្ថែម​ពីលើ​នេះ អាកប្បកិរិយា​របស់​ម​នុស្ស​សម័យថ្មី​ក៏​ជា​កត្តា​អំណោយផល​មួយ​យ៉ាងខ្លាំង​ដែរ​ដល់​ភាព​ទ្រុដ​ទ្រោម​នៃ​សុខភាព។ នៅពេលដែល​មនុស្ស​ស្រូបយក​ជាតិពុល គ្រប់ បែប យ៉ាង​ចូលក្នុង​ខ្លួន មនុស្ស​មួយចំនួន​បែរជា​មិន​បញ្ចេញ​ពលកម្ម​រាងកាយ​ទាល់តែសោះ។ អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់​មួយទៀត​របស់​ម​នុស្ស​សម័យ​បច្ចុប្បន្ន​គឺ​ការនិយម​ពិសារ​គ្រឿង​ស្រវឹង​ដ៏​លើសលប់។ គ្រឿង​ស្រវឹង​ក៏​កំពុង​វាយលុក​យ៉ាងខ្លាំង​ផងដែរ​ទៅលើ​ស្រទាប់​យុវវ័យ។
 
ងាក​ទៅ​មើល​ប្រព​ន្ធ័​សុខាភិបាល​វិញ កម្ពុជា​ក៏​មិនទាន់មាន​សេវា​សុខាភិបាល​គួរ​ឲ្យ​ទុកចិត្ត​នៅឡើយ។ ការចាកចេញ​ទៅ​ព្យាបាល​ជំងឺ​នៅឯ​បរទេស​របស់​ពល​រដ្ឋ​ខ្មែរ​ជាច្រើន គឺជា​ភស្តុតាង​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។ ក្រៅពី​ប្រព​ន្ធ័​សុខាភិបាល​ទន់ខ្សោយ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​គ្មាន​ទទួល​បានការ​ធា​បា​រ៉ាប់រង​សុខភាព​អ្វី​ទាំងអស់។
 
ដូច្នេះ ដើម្បី​ឲ្យ​គ្រួសារ និង​សង្គម​ទាំងមូល​ចៀសវាង​បាន​នូវ​គ្រោះថ្នាក់ ចាំបាច់​ណាស់​ដែល​ពលរ​ដ្ឋ​គ្រប់គ្នា​មាន​សុខភាព​ល្អ។ ដំណោះស្រាយ​ជាបឋម​គឺ ក្រសួង​មាន​សមត្ថកិច្ច​នានា​ត្រូវតែ​ច្បាស់លាស់​ក្នុងការ​ត្រួតពិនិត្យ​ចំណីអាហារ​ដែល​លក់​នៅលើ​ទីផ្សារ។ រាល់​គ្រឿង​ឧបភោគបរិភោគ​ដែល​ដាក់លក់​លើ​ទីផ្សារ​ត្រូវតែមាន​សុវត្ថិភាព​ចំពោះ​សុខភាព​អ្នកប្រើប្រាស់ ជាពិសេស​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​កម្ពុជា​ក្លាយជា​ធុងសំរាម​ផ្ទុក​របស់​ខូចគុណភាព​មកពី​ប្រទេសជិតខាង។
 
ទន្ទឹមនឹងនោះ ការពង្រឹង​គុណភាព​សុខាភិបាល​ក៏​ជា​កាតព្វកិច្ច​មិនអាច​មើលរំលង​បានដែរ​ពី​សំណាក់​រដ្ឋាភិបាល។ ចំណែកឯ​មនុស្ស​ទូទៅ​ក៏ត្រូវ​ប្តូរ​ទម្លាប់​មិនល្អ​មួយចំនួន​ជា​ចាំបាច់។ ការងារ​ដែល​ប្រើ​កម្លាំងកាយ​ពិតជា​មាន​សារប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខភាព។ ពលកម្ម​បានធ្វើ​ឲ្យ​សត្វ​ស្វា​វិវឌ្ឍន៍​មកជា​មនុស្ស ប៉ុន្តែ ការបោះបង់ចោល​ពលក​ម្ម​នឹងធ្វើ​ឲ្យ​មនុស្ស​វិវឌ្ឍន៍​ទៅជា​សត្វ​ជ្រូក​វិញ។ នេះ​ជា​ទស្សនៈវិស័យ​ដែល​គេ​បាន​ស្រមៃ​ឃើញ​ជាស្រេច​សម្រាប់​អនាគត​មនុស្សជាតិ។
 
 ដោយឡែក សម្រាប់​សង្គម​ខ្មែរ បញ្ហា​សុខភាព​ត្រូវគេ​ប៉ាន់ប្រមាណ​ថា នឹង​ក្លាយជា​ចំណោទ​ធំធេង​មួយ។ ក្នុង​រយៈពេល​មិនយូរ​ខាងមុខ មនុស្ស​ខ្មែរ​ជាច្រើន​នឹងត្រូវ​មាន​សុខភាព​ទ្រុឌទ្រោម​មុន​អាយុ ប្រសិនបើ​វិធានការ​នានា​មិនត្រូវ​បាន​ចាត់​ឡើង​ឲ្យ​សមស្រប​និង​ទាន់ពេលវេលា​ទេនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com