ជាតិ
សង្គមជាតិ
តែ៣កន្លែង ជាង​ម៉ូតូ​ទទួលបាន​ម៉ូតូ​ខូច​ដោយសារ​លិច​ទឹក​ជាង២០០គ្រឿង
07, Sep 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ បានធ្វើ​ឲ្យ​ជាង​ជួសជុល​ម៉ូតូ​បី​កន្លែង​ផ្សេងគ្នា មាន​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង ព្រោះតែ​ខ្លួន​អាច​ទទួលបាន​ថវិកា​កាន់តែច្រើន​នៅពេល​ទឹក​លិច​ក្រុងម្តងៗ ។ នេះ​គឺជា​ការលើកឡើង​របស់​ជាង​ជួសជុល​ម៉ូតូ​នៅ​ផ្សារ​អូ​ឬ​ស្សី ផ្សារ​ដើម​គ និង​ផ្សារកណ្ដាល។ ក្នុងចំណោម​កន្លែង​ជួសជុល​បី​កន្លែង មាន​យ៉ាងតិច​ម៉ូតូ​ចំនួន​ជាង២០០គ្រឿង​បាន​ចូល​ជួសជុល​ព្រោះ ដោយសារ​លិច​ទឹកភ្លៀង​កាលពី​ថ្ងៃទី០៣ ខែកញ្ញា​កន្លងទៅនេះ។


 
មាន​សំលៀកបំពាក់​ប្រលាក់​ដោយ​ប្រេងម៉ាស៊ីន ជាង​ជួសជុល​ម៉ូតូ​មួយរូប នៅ​ម្ដុំ​ផ្សារ​អូ​ឬ​ស្សី​បាន​លើកឡើងថា បន្ទាប់ពី​មេឃ​ភ្លៀង​ខ្លាំងម្ដងៗ រូបគាត់​ពិតជា​មានកា​រម​មារ​ញឹក​យ៉ាងខ្លាំង ព្រោះ​តែមាន​អតិថិជន​ចូលមក​ជួសជុល​ម៉ូតូ​យ៉ាងច្រើន​ខុសពី​ថ្ងៃ​ធម្មតា។ ជាង​ម៉ូតូ​រូបនេះ​បាន​និយាយថា ឲ្យ​តែមាន​ភ្លៀង​ខ្លាំងម្ដងៗកន្លែង​របស់គាត់​មាន​យ៉ាងតិចណាស់​ម៉ូតូ​ជាង៦០គ្រឿង បាន​ចូលមក​កន្លែង​របស់គាត់។
 
មិន​ខុសពី​ជាង​នៅ​ម្ដុំ​ផ្សារ​អូ​ឬ​ស្សី​ឡើយ លោក សុវណ្ណ ជាង​ជួសជុល​ម៉ូតូ​នៅ​ផ្សារកណ្ដាល​បានលើកឡើង​ថា នៅ​កន្លែង​របស់គាត់​គឺ​ពិតជា​រវល់​ខ្លាំងណាស់ នៅពេល​មាន​ភ្លៀង​ខ្លាំងម្ដងៗ ក្នុង​រាជធានី​ភ្នំពេញ។ លោក​ថា​នៅ​ថ្ងៃ​ធម្មតា នៅ​កន្លែង​គាត់​មាន​ម៉ូតូ​ចូលមក​ជួសជុល​ប្រមាណ២០គ្រឿងក្នុង​មួយថ្ងៃ តែ​នៅពេល​មាន​ភ្លៀង​ខ្លាំង ដូចជា​ថ្ងៃទី០៣ កញ្ញា​នេះ​មាន​យ៉ាងតិច​ម៉ូតូ​ជិត៧០គ្រឿង។ លោក​មានការ​សប្បាយចិត្ត​ព្រោះ មាន​អតិថិជន​កាន់តែច្រើន ធ្វើ​ឲ្យ​លោក​កាន់តែ​ទទួលបាន​ប្រាក់ចំណូល​កាន់​ច្រើន។
 
ចំណែកឯ​ជាង​ជួសជុល​មួយរូប​ទៀត​នៅ​ផ្សា​ដើម​គ ដែល​កំពុងតែ​ជួសជុល​យ៉ាងសកម្ម ដោយសារ​មាន​ម៉ូតូ​ខូច​ដែល​ត្រូវ​ជួសជុល ។ ខោអាវ​ប្រឡាក់​សុទ្ធតែ​ប្រេង​មា​ស៊ីន លោក ប្រាជ ប៊ុន​ចិន បាន​មានប្រសាសន៍ថា លោក​សប្បាយចិត្ត​ពេល​មាន​ម៉ូតូ​ចូលមក​ធ្វើ​ច្រើន​នៅ​កន្លែង​របស់លោក។ ពេល​មាន​ភ្លៀងម្ដងៗកន្លែង​របស់លោក​ទទួល​អតិថិជន​យ៉ាងហោចណាស់៦០ ទៅ៧០គ្រឿងក្នុង​មួយថ្ងៃ ដែល​ធ្វើ​ឲ្យ​លោក​មាន​ចំណូល​យ៉ាងច្រើន។  
 
លើកឡើងស្រដៀងៗគ្នា​ផងដែរ ជាង​ជួសជុល​ទាំងអស់គ្នា បាន​មាននិយាយដូចៗគ្នា​ថា លោក​សប្បាយចិត្ត នៅពេល​មាន​អតិថិជន​ចូលមក​ធ្វើ​ម៉ូតូ​បាន​ច្រើន តែ​ពួកគាត់​មិនមែន​ចង់​ឲ្យ​មាន​ភ្លៀង​ខ្លាំង​លិច​ក្រុង​រាល់ថ្ងៃ​នោះទេ។ ព្រោះ​ពេល​មេឃ​ភ្លៀងម្ដងៗលោក​ក៏មាន​ការលំបាក​ដូចគ្នា ផ្ទះ​របស់គាត់​ត្រូវ​ទឹក​លិច ហើយ​ម៉ូតូ​របស់គាត់​ក៏​ធ្លាប់​ខូច​ដោយសារ​ទឹក​លិច​ដែរ។ 
 
គួរ​បញ្ជាក់ថា កន្លែង​ជួសជុល​តែ​បី​កន្លែង​មាន​ម៉ូតូ​ចូលធ្វើ​រហូតដល់​ជាង២០០ម៉ូតូ ចុះបើ​ទូទាំង​រាជធានី​ភ្នំពេញ​តើ​មាន​ប៉ុន្មាន? ម៉ូតូ​មួយគ្រឿង​ត្រូវ​ចំណាយ​ប៉ុន្មាន? នៅពេល​មេឃ​ភ្លៀងម្ដងៗធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ជួប​ការលំបាក។ ជាពិសេស​គឺ អ្នករត់ម៉ូតូឌុប អ្នករត់​រ៉ឺម៉ក​កង់​បី សិស្ស​និស្សិត និង​ប្រជាជន​ទូទៅ​កាន់តែ​ជួប​ការលំបាក​កាន់តែខ្លាំង ពោលគឺ​មិនមែនជា​រឿង​ចំណេញ​សម្រាប់​ប្រជាជន​នោះទេ។ ទឹក​លិច​ក្រុង​បានធ្វើ​ឲ្យ​មានការ​ខាតបង់​ជាច្រើន​ឥត​គណនា។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com