ជាតិ
សង្គមជាតិ
ហេ្វ​ស​ប៊ុ​ក​កំពុង​ទាញ​ផលិតភាព​សេដ្ឋកិច្ច​ខ្មែរ​ឲ្យ​ធ្លាក់ចុះ!
08, Sep 2015 , 9:46 am        
រូបភាព
ដោយ:
ភ្នំពេញ៖ មកដល់​សតវត្ស​ទី២១នេះ ហ្វេ​ស​ប៊ុ​ក​ដើរតួនាទី​សំខាន់​ក្នុងការ​ទំនាក់ទំនង​គ្នា។ ទន្ទឹម​នឹងមាន​ផលប្រយោជន៍ ហ្វេ​ស​ប៊ុ​ក ក៏បាន​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​មិនតិច​ទេ ដោយសារ ការប្រើប្រាស់​មិន​ត្រឹមត្រូវ និង​មិន​ចំ​ទិសដៅ។ តើ​អ្វីខ្លះ​ជា​គុណសម្បត្តិ និង​អ្វីខ្លះ​ជា​គុណវិបត្តិ​នោះ?

 


សូម​អញ្ជើញ​ស្តាប់​បទ​អត្ថាធិប្បាយ​របស់លោក រ៉ឹ​ម ភា​រី៖


 
កាលពី​សម័យបុរាណ ដើម្បី​ទំនាក់ទំនង ឬ​ផ្ញើ​ឯកសារ គឺ​ត្រូវ​ប្រើ​អ្នក​នាំសារ ជា​មនុស្ស​ក្តី​ឬ​សត្វ​ព្រាប​ក្តី ដើម្បី​នាំ​ដំណឹង ឬ​សារ ទៅ​ឲ្យ​អ្នក​ដែល​នៅ​ឆ្ងាយ។ កាលណោះ គេ​ត្រូវ​ប្រើពេល​វេលា​យូរ និង​ប្រាក់កាស​យ៉ាងច្រើន ដើម្បី​ធ្វើ​កិច្ចការ​ទាំងនេះ។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ ប្រព័ន្ធ​ទំនាក់ទំនង ចាប់ផ្តើម​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែល​ធ្វើ​ឲ្យ​ការ​ទំនាក់​របស់​មនុស្ស កាន់តែ​ងាយស្រួល។ ការបង្កើត​ទូរស័ព្ទ អ៊ី​ម៉ែ​ល និង​ហ្វេ​ស​ប៊ុ​ក​ជាដើម គឺ​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនង និង​ធ្វើ​ការងារ​របស់​ស្ថាប័នផ្សេង។ 
 
មិន​ខុសគ្នា​ទេ នៅ​កម្ពុ​ជាមាន​ប្រជាជន​ជា​យុវជន​ភាគច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទំនាក់ និង​ធ្វើ​ការងារ។ លើសពីនេះ ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​ឧបករណ៍​ដ៏​ល្អ​បំផុត សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ពិភាក្សា​ពី​បញ្ហា​សង្គម និង​នយោបាយ ព្រមទាំង​ងាយស្រួល​ក្នុង​បង្កើត​ទំនាក់ទំនង​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ឬ ក្រុម​មួយ​ទៅ​ក្រុម​មួយទៀត។ ស្រប​ពេលដែល​ហ្វេ​ស​ប៊ុ​កមាន​ផលប្រយោជន៍ ហ្វេ​ស​ប៊ុ​ក​ក៏បាន​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​មិនតិច​ដែរ។ គ្រូបង្រៀន ប្រើ​ហ្វេ​ស​ប៊ុ​ក​ពេល​កំពុង​បង្រៀន តំណាងរាស្ត្រ​ប្រើ​ហ្វេ​ស​ប៊ុ​ក​ពេល​កំពុង​ប្រជុំ មន្ត្រី​រដ្ឋាភិបាល​ប្រើ​ហ្វេ​ស​ប៊ុ​ក​ក្នុង​ម៉ោង​ធ្វើការ បុគ្គលិក​រដ្ឋ និង​ឯកជន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ពេល​កំពុង​បំពេញការងារ​ជាដើម។ 
 
ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ក្នុងខណៈដែល​កំពុងធ្វើកា​រ ឬ​ក្នុង​ម៉ោង​ការងារ វា​បានធ្វើ​ឲ្យ​ខាតបង់​កម្លាំងផលិតកម្ម របស់​ស្ថាប័ន ឬ​ក្រុមហ៊ុន និង​វា​ធ្វើ​ឲ្យ​មាន​ភាពកម្សោយ​នៃ​ផលិតភាព​ការងារ​យ៉ាងច្រើន​ទៀតផង។ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ហ្វេ​ស​ប៊ុ​ក​ក៏បាន​ធ្វើ​ឲ្យ​បាត់បង់​សេចក្តីថ្លៃថ្នូ​របស់​មនុស្ស​ផងដែរ។ នៅពេល​ជួបជុំគ្នាម្តងៗ ដូចជា មិត្តភក្តិ បងប្អូន និង​ក្រុមគ្រួសារ​ជាដើម យុវជន​ខ្លះ បាន​ដក​ទូរ​សព្ទ​ទំនើប ដើម្បី​លេង​ហ្វេ​ស​ប៊ុ​កដោយ​មិនបាន​ខ្វល់​ពី​ទំនាក់​ទំនាក់​ជាមួយ​សាច់ញ្ញាតិ​ឡើយ។ ឥរិយាបថ​នេះ បាន​ក្លាយជា​ទម្លាប់​មិនល្អ​ទៅហើយ សម្រាប់​យុវជន​ខ្មែរ​មួយចំនួន ។ រីឯ​សិស្ស​និស្សិត​មួយចំនួនធំ​ផ្សេងទៀត ពួកគេ​តែងតែ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ពេល​កំពុង​សិក្សា។ កាយវិការ​បែបនេះ បានធ្វើ​ឲ្យ​សិស្ស និង​គ្រូបង្រៀន មិនអាច​ផ្ទេរ និង​ទទួល​ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក។ 
 
ប្រសិនបើ៤មនុស្ស​ត្រូវ​ចំណាយពេល​មួយថ្ងៃ ពី២ទៅ៣ម៉ោង ក្នុងពេល​ធ្វើការ ដើម្បី​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក នោះ​ក្រុមហ៊ុន​ឯកជន សា្ថ​ប័នរ​ដ្ឋ រោងចក្រ សហគ្រាស និង​សិប្បកម្ម​ជាដើម នឹងត្រូវ​ខាតបង់​ច្រើន​លាន​ដុល្លារ​អាមេរិក ដោយសារតែ​បរិមាណ​ផលិត​កាន់តែ​តិច គុណភាព​កាន់​ថយចុះ ទីបំផុត ប្រាក់ចំណូល​ក៏​ធ្លាក់ចុះ ទៅតាម​នោះដែរ។ ហើយ​បើ​ប្រទេសមួយ មាន​មនុស្ស​កាន់តែច្រើន​ចំណាយពេល​លេង​ហ្វេ​ស​ប៊ុ​ក​កាន់តែ​យូរ នោះ​សេដ្ឋកិច្ចជាតិ​ទាំងមូល នឹងត្រូវ​ធ្លាក់ចុះ​ជា​ស្វ័យប្រវត្តិ។ រហូតមកដល់​ពេលនេះ គេ​គ្មាន​តួលេខ​ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​ពិតប្រាកដ​មែន។ ប៉ុន្តែ តាម​ការប៉ាន់ស្មាន​ខ្លះ ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អាចមាន​ចំនួន​ជាង១លាន​នាក់។ ប្រសិនបើ​មនុស្ស​ម្នាក់​ចំណាយពេល​លេង​ហ្វេ​ស​ប៊ុ​ក​ពី២ទៅ៣ម៉ោង​ដោយ​គេចវេះ​ពី​ការងារ ពេលនោះ ផលិតភាព​ការងារ​នឹង​ធ្លាក់ចុះ​ខ្លាំង ហើយ​សង្គមជាតិ​ទាំងមូល ទាំង​វិស័យ​ឯកជន ទាំង​រដ្ឋ ខាតបង់​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗដោយសារតែ​ការលេង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​អត់​ប្រយោជន៍។ 
 
ជាការ​ពិត ហ្វេ​ស​ប៊ុ​ក បានផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកប្រើប្រាស់​យ៉ាងច្រើន ប៉ុន្តែ​វា​ក៏បាន   បង្កើត​គុណវិបត្តិ​ជាច្រើន​ដល់​អ្នកប្រើប្រាស់ ក្នុងករណី​អ្នកប្រើប្រាស់ មិនបាន​ប្រើ​ឲ្យ​ត្រូវ​ពេលវេលា និង​ចេះ​ទាញ​ប្រយោជន៍​វា​នោះ។
 
ដូច្នេះ  ចាប់ពីពេលនេះ​តទៅ ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ផ្លាស់ប្តូរ​ទម្លាប់​មិនល្អ​ទាំងនេះ ឲ្យ​អស់ពី​សង្គម​ខ្មែរ ព្រោះ​បើ​ទម្លាប់​ទាំងនេះ​នៅតែមាន​ច្រើន វា​នឹង​ទាញ​ទម្លាក់ ឬ​ពន្យឺត​កំណើន​សេដ្ឋកិច្ចជាតិ​ដែល​កំពុងតែ​កើនឡើង​នេះ ជាក់​ជាពុំខាន​ឡើយ៕ 
 

Tag:
 សង្គម
  សេដ្ឋកិច្ច
  ផលិតភាព
© រក្សាសិទ្ធិដោយ thmeythmey.com