អន្តរជាតិ
សហរដ្ឋអាមេរិក ៖ លោកតា​ម្នាក់​ត្រូវ​វះ​ដាក់​ម្រាមដៃ​ក្រោម​ស្បែក​ពោះ បី​សប្តាហ៍
08, Sep 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
លោកតា​ម្នាក់​អាយុ ៨៧ ឆ្នាំ​រស់នៅ​រដ្ឋ Texas ត្រូវ​វះកាត់​ដាក់​ម្រាមដៃ​រលាក​ក្រោម​ស្បែក​ពោះ​រយៈពេល​បី​សប្តាហ៍ ដើម្បី​ប្រើប្រាស់​បាន​ដូចដើម​វិញ។

 
ម្រាមដៃ​ត្រូវ​ផ្សាំ​ទៅក្នុង​ពោះ នេះ​គឺជា​បច្ចេកវិទ្យា​ដ៏​កម្រ​បានឃើញ​មួយ។ ប​ចេ្ច​ក​ទេស​នេះ​នឹង​ជួយ​ឲ្យ​លោក Frank Reyes ចៀស​ផុតពី​ការ​កាត់​ម្រាមដៃ​ចោល។ នេះ​មិនមែនជា​បច្ចេកវិទ្យា​ថ្មី​ទេ វា​ត្រូវបាន​គេ​រកឃើញ​តាំងពី​នៅ​ដើម​សតវត្ស​ទី ២០ ក្នុងអំឡុង​សម័យ​សង្គ្រាមលោកលើកទី​មួយ​មកម្ល៉េះ។ លោក Anthony Echo គ្រូពេទ្យ​វះកាត់​ផ្សាំ​សរីរៈ​នេះ​បាន​ពន្យល់ថា៖ « ជួនកាល បច្ចេកទេសថ្មីៗគ្មាន​ប្រសិទ្ធភាព​ទេ »។ ហេតុនេះ ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ Houston Methodist រដ្ឋ Texas បានសម្រេច​ចិត្ត​ប្រើប្រាស់​វិធី​ចាស់​នេះ គឺ​វះ​ដាក់​ម្រាមដៃ​នៅក្រោម​ស្បែក​ពោះ​អ្នកជំងឺ។
 
រឿងរ៉ាវ​បានកើត​ឡើង នៅពេលដែល​លោកតា Frank Reyes កំពង់​ប្តូរ​កង់​រថយន្ត។ ដែក​គ្រីប​បាន​ធ្លាក់​សង្កត់​ដៃ​របស់គាត់​ជាមួយនឹង​ឧបករណ៍​លោហៈ​ដ៏​ក្តៅ​មួយ រហូត​ធ្វើ​ឲ្យ​ម្រាមដៃ​របស់គាត់​ស្ទើរតែ​ជិត​ឆ្អិន​ទៅហើយ។ ជាមួយនឹង​វិធី​ចាស់​នេះ ដៃ​មានលទ្ធភាព​បង្កើត​សរសៃឈាម​ថ្មី​ឡើងវិញ។ បើ​មិន​ប្រើ​វិធី​នេះ​ទេ អ្នកជំងឺ​ប្រហែលជា​ត្រូវ​បាត់បង់​ម្រាមដៃ​ទាំងអស់។
 
ប្រសិទ្ធភាព​នៃ​វិធី​នេះ​បាន​បង្ហាញឡើង​នៅ​បី​សប្តាហ៍​ក្រោយ បន្ទាប់ពី​ការ​ផ្សាំ។ ស្បែ​កដៃ​របស់​អ្នកជំងឺ​បាន​ត្រឡប់​មករក​សភាព​ក្មេង​ឡើងវិញ។ តែ​គ្រូពេទ្យ​ត្រូវ​វះកាត់​ប្រអប់ដៃ​ជាច្រើន​ដង​ទៀត ដើម្បី​ញែក​ម្រាមដៃ។ វិធី​នេះ​ក៏​ត្រូវបាន​គ្រូពេទ្យ​ជ្រើសរើស​ប្រើ​ក្នុងករណី​ផ្សេងទៀត​ផងដែរ ដូចជា​កម្មករ​ចិន​ម្នាក់​បាន​ផ្សាំ​ដៃ​បាក់​ជាមួយនឹង​កជើង​របស់​ខ្លួន​ជាដើម៕
 

Tag:
 សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com