ជាតិ
សង្គមជាតិ
ប្រាក់​ឈ្នួល​កម្មករ​អាច​នឹង​កើនឡើង​ទៀត ក្រោយពី​បញ្ចប់​ការចរចា​នៅ​ខែតុលា
09, Sep 2015 , 9:06 am        
រូបភាព
 
ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​សិក្ខាសាលា ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ដែល​ប្រព្រឹត្តទៅ នាពេល​ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅ​សណ្ឋាគារ​ភ្នំពេញ។ ក្នុង​​សិក្ខាសាលា​​នេះ ភាគី​រដ្ឋាភិបាល និង​ភាគី​និ​យោ​ជិ​ក សុទ្ធតែ​សម្តែង​នូវ​ក្តីសង្ឃឹម​យ៉ាង​មាំ​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​នៅ​កម្ពុជា នឹងមាន​ការកើនឡើង​ទៀត ក្រោយពី​បញ្ចប់​ការចរចា រវាង​ភាគី​ទាំងបី គឺ​ភាគី​រដ្ឋាភិបាល ភាគី​និយោជក និង​ភាគី​និ​យោ​ជិ​ក។



លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាងថា ប្រាក់​ឈ្នួល​អប្ប​បរិ​មា​សម្រាប់​កម្មករ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង នឹងមាន​ការកើនឡើង សម្រាប់​ឆ្នាំ២០១៦ ។ ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា  រដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ឡើង​គឺ​ពិតជា​ឡើង​ហើយ តែ​ឡើង​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​នោះ ខ្ញុំ​មិនទាន់​អាចនិយាយបាន​ទេ។ រឿងនេះ​ទុក​ឲ្យ​ត្រីភាគី​ជា​អ្នកសម្រេច។ យើង​សង្ឃឹមថានឹង​កើនឡើង ព្រោះ​ដោយសារតែ​ការកើនឡើង​នូវ​ប្រាក់​ឈ្នួល​ក្នុង​រយៈពេល​កន្លងមក​នេះ គឺ​មិនមាន​ការប៉ះពាល់​ទៅដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ»។ 
 
ទាក់ទង​នឹង​បញ្ហា​ដំឡើង​ប្រាក់​ឈ្នួល​នេះ លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ក៏បាន​សម្តែង​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ការចរចា​សូម​ដំឡើង​ប្រាក់​ឈ្នួល​នេះ​នឹង​ទទួលបាន​ជោគជ័យ។ លោក​បញ្ជាក់ថា៖ «វេទិកា​ថ្ងៃនេះ គឺជា​ឱកាសល្អ​មួយ​ដែល​ត្រីភាគី​នឹង​អាច​ជជែក​គ្នា​ពី​បញ្ហា​ប្រាក់​ឈ្នួល។ ហើយ​យើង​សង្ឃឹមថា ប្រាក់​ឈ្នួល​កម្មករ​នឹង​កើនឡើង ពីព្រោះ​យើង​បានរៀបចំ​រួចហើយ​ថា ការចរចា​ប្រាក់​ឈ្នួល​ត្រូវ​កើនឡើង​រាល់​ឆ្នាំ តាំងពី​ឆ្នាំ២០១៣ មក គ្រាន់តែ​ថា កើនឡើង​ប៉ុន្មាន យើង​មិនទាន់​ដឹង​ច្បាស់។ តែបើ​តាម​ការសិក្សា និង​ការប៉ាន់ស្មាន ខ្ញុំ​គិតថា ការកើនឡើង​នេះ​នឹង​អាច​សមរម្យ មិន​អន់​ជាង​ឆ្នាំមុន​ទេ»។
 
កន្លងមក​សមាគម​រោងចក្រ​ដា​ត់​ដេរ​កម្ពុជា (GMAC) បាន​អះអាងថា ការដំឡើង​ប្រាក់​ឈ្នួល​នេះ ជា​ផល​ពិបាក​មួយ​សម្រាប់​រោងចក្រ និង​អាច​បណ្តាល​ឲ្យ​រោងចក្រ​មួយ​ចំ​នួ​ដួល ឬក៏​ត្រូវ​ផ្លាស់ប្តូរ​ទៅ​ប្រទេស​ផ្សេង។ ប៉ុន្តែ​ការអះអាង​នេះ ត្រូវបាន​លោក អាត់ ធន់ តំណាង​សហជីព​កម្ពុជា​ចាត់ទុកថា ជា​លេស​របស់​ភាគី​និយោជក ដែល​តែងតែ​លើកឡើង ក្នុង​ការចរចា​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ។
 
លោក​បញ្ជាក់ថា៖ «ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ដំណើរការ​នៃ​ការចរចា​នេះ​យើង​មាន​បទពិសោធ​ជាង១០ឆ្នាំ​ហើយ។ ដូច្នេះ​យើង​ដឹង​យ៉ាងច្បាស់​ថា និយោជក​តែងតែ​រក​លេស​គ្រប់បែបយ៉ាង​ដើម្បី​ធ្វើ​ឲ្យ​រំខាន និង​ជា​ឧបសគ្គ​ក្នុង​ការចរចា​ប្រាក់​ឈ្នួល»។តំណាង​សហជីព​រូបនេះ​បន្លែ​ម​ទៀតថា៖ «កាលពី​ខែកក្កដា​កន្លងមក យើង​បាន​ប្រជុំ​ពិភាក្សាគ្នា ហើយ​យើង​បានលើកឡើង​នូវ​ប្រាក់​ឈ្នួល​ទាប​បំផុត​ត្រឹម ១៧៧ដុល្លារ ដើម្បី​ចរចា​ជាមួយ​ភាគី​និយោជក។ តែ​ចំនួន​ថា​នឹង​បាន​ប៉ុន្មាន​នោះ យើង​មិនទាន់​ដឹង​ទេ​ក្នុងកំឡុងពេល​ចរចា»។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រាក់​ឈ្នួល​កម្មករ​ទាប​ផុត​គឺ ១២៨ដុល្លារ៕
 
 
 

Tag:
 ​កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com