ជាតិ
សង្គមជាតិ
អ្នកលក់​សាច់ជ្រូក​នៅ​ផ្សារលើ​សៀមរាប​រអ៊ូ​រឿង​លក់​សាច់ជ្រូក​មិន​ដាច់
15, Sep 2015 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
 
សៀមរាប៖ ការផ្ទុះ​ឡើង​នូវ​វត្តមាន​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នៅក្នុង​តំបន់​ខ្លះ​នៃ​ខេត្តសៀមរាប​បានធ្វើ​ឲ្យ​អ្នកលក់​សាច់ជ្រូក​នៅ​ផ្សារ​ខាតបង់​ច្រើន។ ប៉ុន្តែ​ឈ្មួញ​ដើរ​ទិញ​ជ្រូក អាច​ឆ្លៀតឱកាស​ចំណេញ​ច្រើន​ទៅវិញ។


 
នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ អ្នកលក់​សាច់ជ្រូក​ជាច្រើន​នៅ​អង្គុយ​សម្លឹងមើល​ដុំ​សាច់ជ្រូកធំៗ ជើង​ជ្រូក និង​ឆ្អឹងជំនី​ជ្រូក ដែល​ត្រូវបាន​ព្យូ​រ​រណោង​នៅ​ពីមុខ​តូប។ មិនមាន​មនុស្ស​ទិញ​ច្រើន​ឡើយ​តាំងពី​ជាង១សប្តាហ៍​មកហើយ ដោយសារ​ពលរដ្ឋ​ភ័យព្រួយ​ពី​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ។
 
បងស្រី​ម្នាក់​ដែល​កំពុង​អង្គុយ​លើ​តូប​សាច់ជ្រូក​របស់គាត់​នៅក្នុង​ផ្សារលើ បាន​ប្រាប់ថា បើទោះជា​គាត់​យកតែ​សាច់ជ្រូក​ល្អ​មក​លក់ ហើយ​ថា​គាត់​បាន​ពន្យល់​ប្រាប់​អតិថិជន​របស់គាត់​ថា ទីសត្តឃាត​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​បសុពេទ្យ ដែល​អនុញ្ញាត​ឲ្យ​កាប់​តែ​ជ្រូក​ល្អ​គ្មាន​ជំងឺ​ក៏ដោយ ក៏​អតិថិជន​របស់គាត់​ភាគច្រើន​មិន​ហ៊ាន​ជាវ​សាច់ជ្រូក​ទៀត​ដែរ។
 
«រាល់ដង​ធ្លាប់តែ​លក់២០០គក​ក្នុង​មួយថ្ងៃ ឥឡូវនេះ​សាច់ជ្រូក៥០គក លក់​មិន​អស់​ផង»។ នេះ​ជាការ​បញ្ជាក់រ​បស់បង​ស្រី​អ្នកលក់​សាច់ជ្រូក​នៅ​ផ្សារលើ។ នៅពេលដែល​និយាយ​ជាមួយ​អ្នកកាសែត​សារព័ត៌មានថ្មីៗ មាន​អតិថិជន​ប្រចាំ​របស់​បងស្រី​ម្នាក់​បានមក​ទិញ​ជើង​ជ្រូក។ ឮ​បងស្រី​អ្នកលក់​និយាយ​អំពី​ពលរដ្ឋ​លែង​ហ៊ាន​បរិភោគ​សាច់ជ្រូក​ដោយសារ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នោះ ស្ត្រី​អតិថិជន​ក៏បាន​បន្លឺឡើង​ប្រាប់ថា ម្តាយ​គាត់​ដែល​ចិញ្ចឹម​ជ្រូក​លក់​នោះ ត្រូវបាន​ឈ្មួញ​បង្អាប់​តម្លៃ​ចុះ​ខ្លាំង​រហូតដល់៣០០០រៀល​ក្នុង​មួយ​គីឡូក្រាម។
 
បងស្រី​អ្នកលក់​សាច់ជ្រូក២នាក់​ទៀត​ដែលមាន​តូប​នៅក្បែរ​គ្នា​នោះ កំពុងនិយាយ​រឿង​សើច​លេង ដើម្បី​បញ្ជាក់ថា ពួកគាត់​ពិតជា​លក់​មិន​ដាច់​មែន ហើយ​មានតែ​និយាយ​គ្នា​លេង។

រាល់ដង​ដែល​ធ្លាប់​លក់​ជ្រូក​អស់២ទំងន់​ពី៧០ ទៅ៨០គីឡូក្រាម នៅថ្ងៃនេះ បងស្រី​ម្នាក់​បាន​ប្រាប់ថា គាត់​លក់​ជ្រូក​ទើបតែ​អស់​មួយ​ចំហៀង។ «មានតែ​លក់​ឲ្យ​ស្គាល់គ្នា ឬ​អ្នកលក់​នៅជិតៗគ្នា​ដែល​ទុកចិត្ត​គ្នា។ មានតែ​អ្នក​ជិតស្និត​គ្នា​ដែល​ជឿថា យើង​លក់​សាច់​ល្អ។ ជ្រូក​ណា​មាន​ជំងឺ ខាង​កុង្ស៊ី ដុតចោល​អស់ហើយ»។ នេះ​ជាការ​អះអាង​របស់​អ្នកលក់​សាច់ជ្រូក៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com