ជាតិ
សង្គមជាតិ
សិទ្ធិមនុស្ស៖ អង្គការ​សង្គម​ស៊ីវិល​ចេញ​គោលការណ៍៩ចំណុច​ស្តីពី​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត
17, Sep 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិលធំៗនៅក្នុង​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ការបញ្ចេញមតិ​ដោយ​គ្មាន​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​សារ​គម​នា​គម​ដ៏​មាន​ឥទ្ធិពល​នេះ។ ការអំពាវនាវ​ជាបន្ទាន់​នេះ​កើតមានឡើង បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចាប់ផ្តើម​រឹតត្បិត និង​ដាក់​ទោសទណ្ឌ​លើ​អ្នកប្រើប្រាស់​មួយចំនួន។



នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​យ៉ាងហោចណាស់​មាន​យុវជន​ពីររូប និង​សមាជិក​ព្រឹទ្ធសភា​មួយរូប​ត្រូវបាន​ចាប់ឃុំខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​បង្ហោះ​ឯកសារ រូបភាព និង​បញ្ចេញមតិ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

នៅក្នុង​សេចក្តីថ្លែងការណ៍​ស្តីពី​គោលការណ៍​អ៊ីនធឺណិត​ដែលមាន៩ចំណុច ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ បានស្នើ​ឲ្យ​មាន ការការពារ​សិទ្ធិមនុស្ស​លើ​ប្រព័ន្ធ​អ៊ីនធឺណិត សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ប្រមូលផ្តុំ សេរីភាព​ក្នុង​ប្រើប្រាស់ និង​ទទួល​ព័ត៌មាន សិទ្ធិ​ឯកជន​ភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការគោរព​សិទ្ធិ​អ្នកដទៃ​លើ​លំហរ​បច្ចេកវិទ្យា សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា។

គោលការណ៍​ថ្មី​នេះ​ត្រូវបាន​គាំទ្រ​ដោយ​អង្គការ​សង្គម​ស៊ីវិលសំខាន់ៗចំនួន២១នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​ថា NGO Forum គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា COMFREL មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR និង​អង្គការ Pact Cambodia ជាដើម។

ចំណុច​ទី២នៃ​គោលការណ៍​ដែល​និយាយ​ពី​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​បានស្នើ​ឡើង​ថា៖«មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ប្រើប្រាស់​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព និង​បើកចំហ។ គ្មាន​នរណាម្នាក់​ត្រូវបាន​រារាំង​ពី​ការប្រើប្រាស់​អ៊ីនធឺណិត ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច សង្គម ជំនឿ​នយោបាយ ឬ​សាសនា ជាតិ​សាសន៍ ភេទ ឬ​ពិការភាព​របស់គេ​នោះទេ»។

រីឯ​ចំណុច​ទី៥នៃ​គោលការណ៍​ក៏បាន​បញ្ជាក់ថា៖«បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ទទួល និង​ចែកចាយ​ដំណឹង​គ្រប់​ប្រភេទ រួមទាំង​អត្ថបទ រូបភាព វីដេអូ ទិន្នន័យ ព័ត៌មាន និង​ទស្សនៈ»។

កញ្ញា ងិន លីដា អ្នកសម្របសម្រួល​ប្រព័ន្ធ​ព័ត៌មាន និង​ទំនាក់ទំនង​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា NGO Forum ដែលជា​អង្គការ​សង្គម​ស៊ីវិល​មួយ​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំង៨ ដែល​ផ្តួចផ្តើម​បង្កើត​គោលការណ៍​នេះ​បាន​ប្រាប់ VOA ពី​ការបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាក់ទិន​នឹង​ការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការប្រើប្រាស​អ៊ីនធឺណិត​នាពេល​បច្ចុប្បន្ន ជាពិសេស ការចាប់​ឃុំខ្លួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​នាពេល​កន្លងមកនេះ។

«មួយរយៈ​ចុងក្រោយ​នេះ​យើង​ឃើញថា មានការ​ចាប់ខ្លួន​ច្រើន​ទៅលើ​អ្នក​ដែល​ប្រើ​បណ្តាញ Social media ហ្នឹង​ណា ដូចជា អ្នក​ដែលថា​ធ្វើ​បដិវត្តន៍​Color[ពណ៌] និង​ការចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​អី​ជាដើម នៅពេលដែល​គាត់ Post ឯកសារ​មួយចំនួន​នៅលើ Facebook។ អញ្ចឹង​យើង​មានការ​ព្រួយបារម្ភ​ថា នេះ​អាចជា​ការគំរាមកំហែង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ Social media មានការ​ភ័យខ្លាច ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ»។

កញ្ញា​ក៏បាន​បន្ថែមថា ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្តាញ​សង្គម​គឺជា​ប្រភព​ដ៏​សំខាន់​មួយ​សម្រាប់​ឲ្យ​មានការ​បញ្ចេញមតិ​ដោយ​សេរី និង​ទទួល​ព័ត៌មាន ហើយ​ការដែល​គំរាម​លើ​ប្រព័ន្ធ​ដ៏​មាន​ឥទ្ធិពល​នេះ​នាំឱ្យមាន​ការថយចុះ​នៃ​ការបញ្ចេញមតិ​ដោយ​សេរី និង​អាចធ្វើ​ឲ្យ«ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ស្រុក»ផងដែរ។ សង្គម​ស៊ីវិល​គ្រោង​នឹងដាក់​សេចក្តីស្នើ និង​គោលការណ៍​នេះ​ជូន​រដ្ឋាភិបាល​កម្ពុជា​ក្នុងពេលឆាប់ៗខាងមុខនេះ។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ តុលាការក្រុង​ភ្នំពេញ​បា​នប​ញ្ចូ​ន​យុវជន គង់ រ៉ៃ​យ៉ា មក​ធ្វើការ​សាកសួរ បន្ទាប់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុងខែ​សីហា​កន្លងទៅ ក្រោយពី​យុវជន​រូបនោះ​បង្ហោះ​អត្ថបទ​ទាក់ទិន​នឹង​បដិវត្ត​ពណ៌​នៅក្នុង​ប្រទេស​កម្ពុជា។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​លោក​មេធាវី សម សុខ​គង់ បាន​អះអាងថា កូនក្តី​របស់លោក​មិនមាន​ចេតនា​ក្នុងការ​ញុះញង់ ឬ​ធ្វើ​បដិវត្តន៍​ដូចដែល​តុលាការ​ចោទប្រកាន់​នោះទេ។

ស្រដៀង​គ្នា​នេះដែរ កាលពីដើម​ខែកញ្ញា​នេះ យុវជន ផង់ សីហា ដែលជា​ពលករ​ចំណាកស្រុក​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចាប់ខ្លួន បន្ទាប់ពី​យុវជន​អាយុ២៧ឆ្នាំ​រូបនេះ​បាន​បង្ហោះ​សារ​គំរាម​សម្លាប់​លោក សុខ ទូច នៅក្នុង​ទំព័រ​ហេ្វ​ស​ប៊ុ​ក«ធាតុពិត​នៃ​កម្ពុ​ជ‍ា»កាលពី​ថ្ងៃទី២៩ ខែសីហា។

ការ​រឹតត្បិត​លើ​វិស័យ​ព័ត៌មានវិទ្យា​គឺធ្វើឡើង បន្ទាប់ពី​កម្តៅ​នយោបាយ​ក្នុងប្រទេស​កម្ពុជា​កើនឡើង​ជាថ្មី ជាពិសេស​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​ក្នុងនោះ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សមរង្ស៊ី ត្រូវ​តុលាការ​ក្រុងភ្នំពេញ​ចោទ​រូបលោក​ពីបទ «ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ញុះញង់»ផងដែរ បន្ទាប់ពី​បង្ហោះ​កិច្ចព្រមព្រៀង​នា​ឆ្នាំ១៩៧៩ទៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ទទួលស្គាល់​ពី​ការ​រឹតត្បិត​ក្នុង បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារតែ​មានការ​រំលោភ​ច្បាប់​កម្ពុជា​ជា​បន្ត​បន្តា​ប់ ដែល​អាចធ្វើ​ឲ្យ​មាន​អសន្តិសុខ​នៅក្នុង​ប្រទេសមួយ​នេះ។ លោក​បាន​បញ្ជាក់ថា ការប្រើប្រាស់​ប្រព័ន្ធ​នេះ​ដោយ​ភាព​ទទួលខុសត្រូវ និង​គោរព​ច្បាប់​គឺជា​អ្វីដែល​សង្គម​ប្រជាធិបតេយ្យ​គួរ​ធ្វើ។

«យើង​ជឿថា ការ​រឹតត្បិត​ខ្ញុំ​ឆ្លើយថា​មាន ប៉ុន្តែ​មាន​ចំពោះ​បញ្ហា​ដែល​អ្នក​ដែល​ធ្វើការ​បម្រុង​ឲ្យ​មាន​រដ្ឋប្រហារ អ្នក​មានបំណង​ធ្វើការ​ញុះញង់​បំផ្លាញ​សេចក្តីសុខ បំផ្លាញ​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ច្បាប់​បាន​ចែងថា រាល់​អំពើ​ទាំងនោះ​គឺ​ខុសច្បាប់ តែ​ប៉ុណ្ណឹង ក៏ប៉ុន្តែ អ្នក​ធម្មតា អ្នក​ដែល​និយាយ​អ្វី​ទៅជា​ការទិតៀន​យើង​ស្វាគមន៍​ជាធម្មតា​តើ»។

ចាប់តាំងពី​ឆ្នាំ២០១០មក បណ្តាញ​សង្គម​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុងការ​ប្រមូលផ្តុំ និង​ធ្វើ​បដិវត្តន៍​ប្រឆាំងនឹង​របប​ផ្តាច់ការ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ ដែល​ឲ្យ​ឈ្មោះថា «រដូវ​ផ្កា​រីក​ក្នុង​តំបន់​អារ៉ាប់» ជា​ភាសា​អង់គ្លេស​ហៅថា Arab Spring។ ការប្រើប្រាស់​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក និង​ធ្វី​ត​ធឺ (Twitter) ត្រូវបាន​រឹតត្បិត និង​ហាមឃាត់​ក្នុងប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី។

កាលពីដើម​សប្តាហ៍​កន្លងទៅ ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ខ្លួន​គ្រោង​នឹង​បង្កើត​នាយកដ្ឋាន​ថ្មី​មួយ​សម្រាប់​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែលមាន​តួនាទី​ក្នុងការ​ប្រមូល និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ​ទូរគមនាគមន៍ ដើម្បី​រក​ឲ្យ​ឃើញ​បទល្មើស និង​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

ផ្ដល់​សិទ្ធិ​ដោយ៖ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក(VOA)




© រក្សាសិទ្ធិដោយ thmeythmey.com